ប្រមុខដឹកនាំគណបក្សជំទាស់ធំជាងគេនៅក្នុងប្រទេសកម្ពុជា បានហៅការដោះលែងអ្នកនយោបាយរបស់ខ្លួនឲ្យនៅក្រៅឃុំនៃគុកព្រៃស គឺជាការសាកល្បងមួយសម្រាប់ការរួបរួមជាតិ និងសម្រាប់ការដោះលែងសកម្មជនដីធ្លីដទៃទៀត។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងយ៉ាងដូច្នេះនៅថ្ងៃច័ន្ទនេះនៅទីស្នាក់ការកណ្តាលគណបក្សរបស់លោកនៅចំពោះមុខកូននិងប្តីរបស់អ្នកស្រីង៉ែត ខុន ហៅម៉ាំមី ដែលជាស្ត្រីអ្នកតវ៉ារឿងដីធ្លីនៃសហគមន៍បឹងកក់ចំណាស់៧៥ឆ្នាំដ៏សកម្មមួយរូប និងនៅចំពោះមុខតំណាងសហគមន៍បុរីកីឡានិងថ្មគោលសរុបប្រមាណដប់នាក់។ ក្រុមគ្រួសារជនរងគ្រោះទាំងនេះបានជំរុញឲ្យមេដឹកនាំគណបក្សជំទាស់លើកយកបញ្ហានេះទៅជជែកជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនអំពីការទាមទាររបស់ពួកគេ ឲ្យដោះលែងសកម្មជនដីធ្លីនិងដោះលែងស្ត្រីតវ៉ាដ៏ចំណាស់ជាងគេខាងលើនេះ ដោយសារមូលហេតុវ័យចំណាស់ និងដោយកត្តាត្រូវរៀបមង្គលការកូនស្រីរបស់ខ្លួននៅចុងខែនេះ។
លោកសម រង្ស៊ីបាននិយាយធានាដល់ពួកគេថា លោកបានស្នើឲ្យមានការដោះលែងលោកមាជ សុវណ្ណារ៉ា អ្នកនយោបាយរបស់គណបក្សជំទាស់ និងសកម្មជននយោបាយគណបក្សជំទាស់ ហើយការដោះលែងពួកគេនឹងសម្រួលដល់ការដោះលែងសកម្មជនដីធ្លី និងព្រះសង្ឃខ្មែរកម្ពុជាក្រោមដទៃទៀត។ លោកមាជ សុវណ្ណារ៉ាបានប្តឹងសារទុក្ខតាមរយៈមេធាវីរបស់ខ្លួនសុំនៅក្រៅឃុំ ហើយសវនាការលើបណ្តឹងនេះនឹងធ្វើឡើងនៅថ្ងៃទី១២ខែធ្នូ។ នេះបើយោងតាមលោកសម រង្ស៊ី និងមេធាវីរបស់លោកមាជ សុវណ្ណារ៉ាគឺលោកចាន់ ចេន។ លោកសម រង្ស៊ីបានអះអាងដោយមិនបញ្ចេញឈ្មោះចំៗថា លោកបានជជែកនិងអង្វរលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងបញ្ហានេះ។
«ខ្ញុំបាននិយាយអង្វរអ្នកមានអំណាចសុំឲ្យធ្វើកាយវិកាមួយឲ្យបញ្ចប់ភាពតានតឹង។ បើយើងចង់ឲ្យខ្មែររួបរួមគ្នា ចេះស្រឡាញ់ខ្មែរ យើងអាចធ្វើកាយវិកាមួយចាប់ផ្តើមថ្ងៃ១២នេះ ឲ្យបានចេញជារូបរាងជាវិជ្ជមាន។ ពេលនោះអាចទៅដល់អ្នកដទៃទៀត ពីព្រោះលោកមាជ សុវណ្ណារ៉ាស្ថិតក្នុងចំណោមមនុស្ស១៧នាក់ដែលត្រូវចាប់ខ្លួននោះហើយ»។
អាជ្ញាធរក្រុងភ្នំពេញបានបង្រ្កាបក្រុមអ្នកតវ៉ាអំពីបញ្ហាដីធ្លីកាលពីខែមុន ហើយបានចាប់និងកាត់ទោសពួកគេយ៉ាងតក់ក្រហល់។ ក្រុមអង្គការសង្គមស៊ីវិលបានរិះគន់ចំណាត់ការនេះថា ជារឿងហួសហេតុមួយ។
អ្នកនយោបាយបក្សជំទាស់និងសកម្មជនបក្សជំទាស់ រួមទាំងសកម្មជនដីធ្លីថ្មគោល បុរីកីឡា បឹងកក់ និងព្រះសង្ឃខ្មែរកម្ពុជាក្រោម សរុបចំនួន១៧នាក់ ត្រូវចាប់ខ្លួន និងផ្តន្ទាទោសជាបន្តបន្ទាប់ក្នុងខែដដែលនោះ។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៊ីបានទៅជួបពួកគេនៅក្នុងមន្ទីរឃុំឃាំងព្រៃស ហើយបានហៅករណីចាប់ឃុំខ្លួននិងការផ្តន្ទាទោសពួកគេថា ជារឿង«នយោបាយ»។
លោកអេង សៀង អាយុ៨៧គឺជាប្តីរបស់អ្នកស្រីង៉ែត ខុន ហៅម៉ាំមី សកម្មជនដីធ្លីវ័យចំណាស់ដែលកំពុងស្ថិតក្នុងគុកឧក្រិដ្ឋព្រៃស។
លោកមានប្រសាសន៍ថា លោកស្នើឲ្យលោកសម រង្ស៊ីទៅជួយនិយាយជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីឲ្យមានការដោះលែងប្រពន្ធរបស់លោក។
«ម៉ាំមីប្រពន្ធរបស់ខ្ញុំ(កំពុង)ជាប់គុកនៅព្រៃស។ (ខ្ញុំ)សុំលោកប្រធានសម រង្ស៊ី ជួយផ្សាយដល់លោកហ៊ុន សែន។ សុំឲ្យលោកហ៊ុន សែនជួយដោះស្រាយឲ្យ»។
យោងតាមលោកហម ស៊ុនរិទ្ធ នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូនិងជាមេធាវីការពារឲ្យសកម្មជនដីធ្លី និងព្រះសង្ឃដែលត្រូវចាប់ខ្លួន បានឲ្យដឹងថា ក្រុមមេធាវីបានដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមសាលាដំបូងរាជធានីភ្នំពេញរួចហើយ។ ក៏ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទសម្រាប់ការបើកសវនាការនៅឡើយទេ។
សកម្មជនដីធ្លីភាគច្រើននិងព្រះសង្ឃផងត្រូវដាក់ទោសឲ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំនិងពិន័យជាប្រាក់ចំនួនប្រមាណ៥០០ដុល្លារអាមេរិកក្រោមការចោទប្រកាន់ថា បានរំខានដល់មន្ត្រីសាធារណៈ និងបទចោទថា បានបិទផ្លូវរំខានដល់ការធ្វើចរាចរណ៍សាធារណៈ៕