លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមេសា បានថ្លែងប្រាប់អ្នកចូលរួមពិធីរំឭកថ្ងៃទី១៧ មេសាឆ្នាំ១៩៧៥ ថា វប្បធម៌ហិង្សា នៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា។
ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលក្រុមកុម្មុយនិស្តជ្រុលនិយមខ្មែរក្រហម បានឡើងកាន់អំណាចក្នុងប្រទេសកម្ពុជា។ របបដែលគេតែងហៅថារបប ប៉ុល ពត នោះ បានដួលរលំទៅវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
គណបក្សគ្រប់គ្រងប្រទេស គឺគណបក្សប្រជាជនកម្ពុជា មិនបានធ្វើពិធីបុណ្យដើម្បីរំឭកដល់ថ្ងៃជ័យជំនះរបស់ខ្មែរក្រហមនេះទេ។
ថ្លែងតាមរយៈប្រព័ន្ធទំនាក់ទំនង Skypeទៅកាន់អ្នកចូលរួមពិធីរំឭកថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដែលរៀបចំនៅឯសារមន្ទីរជើងឯក លោក សម រង្ស៊ី បានមានប្រសាសន៍ថា កម្ពុជាបានទទួលសន្តិភាពក៏ពិតមែន តែវប្បធម៌ហិង្សា និងសងសឹក នៅបន្តកើតឡើងក្នុងប្រទេសកម្ពុជាដដែល។
«យើងនឹករឿងប្រវត្តិសាស្ត្រ រឿងការឈឺចាប់ ខ្មែរក្រហមរលាយសាបសូន្យទៅហើយ របបខ្មែរក្រហម ប៉ុល ពត។ ប៉ុន្តែ វប្បធម៌ខ្មែរក្រហម នៅតែរស់រវើក ហិង្សា កម្ចាត់ សម្លាប់ ចាប់ដាក់គុក ពុករលួយ ជ័យភណ្ឌហ្នឹង ជាវប្បធម៌ខ្មែរក្រហម»។
លោក សម រង្ស៊ី បានបន្តថា សន្តិភាពដែលកម្ពុជាមានសព្វថ្ងៃ មិនមែនជាសន្តិភាពពិតប្រាកដនោះទេ ខណៈដែលប្រជាពលរដ្ឋខ្មែរ ពុំទាន់ទទួលបានលទ្ធិប្រជាធិបតេយ្យ និងស្ថិតក្រោមការគំរាមកំហែងផ្នែកនយោបាយនៅឡើយ។
«យើងចង់ឲ្យស្រុកយើងមានសន្តិភាពពិតប្រាកដ មិនមែនតែសន្តិភាពរាងកាយទេ សន្តិភាពផ្លូវចិត្តផងដែរ។ ចង់ឲ្យមានសេរីភាពពេញលេញ ឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ចង់ឲ្យមានភាពស្អាតស្អំ ត្រូវមានយុត្តិធម៌ក្នុងសង្គម។ យើងត្រូវតែបំបាត់វប្បធម៌ខ្មែរក្រហម ដូចខ្ញុំបានលើកឡើងអម្បាញ់មិញ ដែលជាកាកសំណល់របស់ ប៉ុល ពត តែដោយអ្នកដឹកនាំសព្វថ្ងៃ យកមកឱបក្រសោប យកមកប្រើ យកមកអនុវត្តន៍»។
កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យនៅក្នុងរបបវាលពិឃាដខ្មែរក្រហម អស់រយៈពេលជាងបីឆ្នាំ គិតពីឆ្នាំ១៩៧៥មកដល់ឆ្នាំ១៩៧៩។
នៅក្នុងដំណាក់កាលនោះ ក្រុមកុម្មុយនិស្តជ្រុលនិយមខ្មែរក្រហមបានកាប់សម្លាប់មិនរើសមុខ ប្រសិនបើមនុស្សទាំងនោះ ត្រូវរកឃើញថា បានប្រព្រឹត្តកំហុស ឬក្បត់នឹងអង្គការ។
មូលហេតុនៃការកាប់សម្លាប់នៅក្នុងរបបនោះ នៅស្ថិតជាអាថ៌កំបាំងនៅឡើយ។ របបកុម្មុយនិស្តខោអាវខ្មៅនេះ ត្រូវរលំរលាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ VOA ថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺជាការប្រឆាំងនឹងអតីតព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ ហើយថាលោក សម រង្ស៊ី ក៏បានរើសអើងជាតិសាសន៍ខ្មែរខ្លួនឯងផងដែរ។
«យើងដឹងថា គាត់ជាអ្នកប្រឆាំងនឹងប្រជាជាតិខ្លួនគាត់។ អាហ្នឹង ជាឈាមតពីរឿងរបស់គាត់ ដែលអ្នកប្រឆាំងជាមួយនឹង ព្រះករុណា ព្រះសីហនុ ប្រឆាំងនឹងអព្យាក្រឹតភាព ដែលនាំខ្មែរឲ្យបែកបាក់ ទៅបម្រើនយោបាយបរទេស»។
លោក ផៃ ស៊ីផាន ថ្លែងថា ការណ៍ដែលគណបក្សប្រជាជនកម្ពុជា មិនធ្វើការប្រារព្ធថ្ងៃជ័យជំនះរបស់ក្រុមកុម្មុយនិស្តខ្មែរក្រហម គឺដោយសារតែវាគ្រាន់តែជាការផ្លាស់ប្ដូររបបនយោបាយពីរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ប៉ុណ្ណោះ។
លោកបន្តថា ម្យ៉ាងទៀត រដ្ឋាភិបាលក៏មិនចង់រំឭករឿងនេះ នៅពេលដែលប្រជាពលរដ្ឋកំពុងសប្បាយក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែរ។
លោក ផៃ ស៊ីផាន បន្ថែមថា លោក សម រង្សី បានប្រមាថដល់ព្រះបរមរតនៈកោដ្ឋសម្ដេចព្រះបាទ នរោត្តម សីហនុ និងបានព្យាយាមកែប្រែប្រវត្តិសាស្ត្រកម្ពុជា។
«គាត់និយាយហ្នឹង បានគាត់ដៀលត្មះ តិះដៀល ដល់ព្រះករុណាព្រះបរមរតនៈកោដ្ឋ ត្មះតិះដៀលអាហ្នឹងរួចស្រេចទៅហើយ អាហ្នឹងជារឿងទីមួយ។ ហើយចំណុចទីពីរ គាត់កំពុងតែកែប្រវត្តិសាស្ត្រ ពីព្រោះនៅក្នុងថ្ងៃ១៧ មេសា ហ្នឹង គឺជាថ្ងៃជោគជ័យរបស់ពួកទ្រង់ ពួករណសិរ្សបង្រួបបង្រួមជាតិ ដើម្បីសន្តិភាព ដែលជាអ្នកគេហៅពួកអ្នកសីហនុនិយមហ្នឹង គឺការចូលរួមនៅក្នុងហ្នឹងដែរ។ ដូច្នេះយើងឃើញមានប្រវត្តិសាស្ត្រច្រើន ដែលពួកខ្មែរក្រហម កាប់សម្លាប់ពួកបូព៌ា ដែលជាអ្នកស្មោះស្ម័គ្រជាមួយព្រះករុណា នរោត្តមបរមរតនៈកោដ្ឋហ្នឹង។ អាហ្នឹង គាត់មិនបាននិយាយទេ។ គាត់លាបទាំងអស់ ខ្មែរក្រហមទាំងអស់»។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ត្រូវបានរដ្ឋសភាដែលមានតែអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា សម្រេចលុបចោលអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីបើកផ្លូវឱ្យតុលាការកាត់ទោសរូបលោក។
លោកប្រឈមមុខនឹងទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំក្នុងសំណុំរឿងបរិហារកេរ្តិ៍ ទាក់ទងនឹងការថ្លែងរបស់លោកដែលថា លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហម ពេលដែលលោក ហោ ណាំហុង នៅជាប់ក្នុងពន្ធនាគារបឹងត្របែក។
លោក សម រង្ស៊ី ក៏បានរងនឹងបណ្ដឹងផ្សេងទៀតដែរ ដែលក្នុងនោះ គឺបណ្ដឹងរបស់លោក ហេង សំរិន ប្រធានសភាជាតិ ដែលបានប្ដឹងលោកពីបទបរិហារកេរ្តិ៍ផងដែរ៕