រដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលរួចហើយកាលពីព្រឹកថ្ងៃសុក្រនេះ បើទោះជាមានសំណើសុំពិភាក្សា និងការរិះគន់យ៉ាងណាក៏ដោយ។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅដល់រដ្ឋសភាជាតិនាដើមសប្តាហ៍ក្រោយ។
ដោយគ្មានអ្វីរាំងស្ទះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នាកិច្ចប្រជុំប្រចាំសប្តាហ៍នាព្រឹកថ្ងៃសុក្រនេះ ដោយមានការលុបមាត្រាមួយចំនួនផងដែរ មុនពេលបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់រដ្ឋសភានាសប្តាហ៍ក្រោយ។
មន្ត្រីការទូត និងអង្គការសង្គមស៊ីវិលនៅតែមានការព្រួយបារម្ភចំពោះការរឹតត្បិត និងបានទទូចសុំឲ្យមានការពិភាក្សានិងបញ្ចេញសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះជាសាធារណៈ។
លោកឱម ច័ន្ទតារា ប្រធាននាយកដ្ឋានសារគមនាគមន៍នៃអង្គភាពប្រតិកម្មរហ័ស ដែលចូលរួមក្នុងកិច្ចប្រជុំរយៈពេល៤ម៉ោងនាវិមានសន្តិភាពនោះ បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបញ្ជាឲ្យលុបមាត្រាចំនួន២ដែលបង្កភាពស្មុគស្មាញដល់ការអនុវត្តរបស់អង្គការ ឬសមាគមនានា ហើយធ្វើឲ្យសេចក្តីព្រាងច្បាប់នៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅសល់ត្រឹម៣៩មាត្រា។ លោកបានបញ្ជាក់ផងដែរថា ក្រៅពីនោះក៏មានការសម្រួលពាក្យពេចន៍មួយចំនួនក្នុងច្បាប់នេះផងដែរ។
លោកឱម ច័ន្ទតារាបានថ្លែងយ៉ាងដូច្នេះថា៖ «បាទ! លុបចោល ហើយនឹងកាត់ពាក្យមួយចំនួន។ និយាយរួមគឺនៅក្នុងអង្គប្រជុំហ្នឹងមានកិច្ចពិភាក្សាគ្នាយ៉ាងផុសផុល និងធ្វើម៉េចឲ្យមានការងាយស្រួលក្នុងការអនុវត្ត ហើយពេលដែលច្បាប់នេះចូលជាធរមាន អង្គការដែលមានអនុស្សរណៈជាមួយក្រសួងការបរទេស និងអង្គការមួយចំនួនដែលចុះបញ្ជីក្នុងក្រសួងមហាផ្ទៃនៅតែបន្តដដែលទេ»។
លោកផៃស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់វីអូអេខេមរភាសាថា មាត្រាទាំងពីរដែលត្រូវដកចេញនោះ រួមមានការដាក់កំហិតលើការចំណាយថវិការដ្ឋបាលរបស់អង្គការសមាគម និងការតម្រូវឲ្យអង្គការអន្តរជាតិដែលចុះបញ្ជីនៅក្នុងក្រសួងការបរទេសត្រូវដាក់ឯកសារទៅក្រុមប្រឹក្សាដើម្បីអភិវឌ្ឍន៍កម្ពុជា។
«សម្តេចយល់ថា ហ្នឹងគឺជាឯករាជ្យភាពរបស់ពួកគេ។ គេចង់ចាយវាយអីចាយទៅ។ ពួកគេទេ ដែលពិបាកចិត្តជាង។ អញ្ចឹងហើយបានជាមានការលុបមាត្រានោះចោល។ ហើយមាត្រាមួយទៀតនោះគឺបញ្ចប់ភាពសាំញ៉ាំដែលបង្កការពិបាក និងបង្កឧបសគ្គទៅដល់អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាសមាគម»។
រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមធ្វើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះចាប់តាំងពីឆ្នាំ២០១០មក ហើយបានដាក់ឲ្យមានកិច្ចពិភាក្សាពីរលើកនាឆ្នាំ២០១១។ នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានលើកយកសេចក្តីព្រាងច្បាប់មួយនេះ មកធ្វើការព្រាងឡើងវិញ ដោយជំរុញឱ្យមានការអនុម័តច្បាប់នេះឲ្យបានមុនដំណាច់ខែឧសភា កន្លងទៅជាកំហិត។ ការលើកឡើងនេះបានបង្កឲ្យមានក្តីបារម្ភជាច្រើនថា ច្បាប់នេះអាចជាការរឹតត្បិតលើសេរីភាព និងប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៀត សេចក្តីព្រាងចុងក្រោយនៃច្បាប់នេះមិនត្រូវបានដាក់ជាសាធារណៈនៅឡើយ។
លោកផៃ ស៊ីផានបានបញ្ជាក់ថា អង្គការសង្គមស៊ីវិលនិងសមាគមមិនគួរមានការបារម្ភពេកនោះទេ ជាពិសេសទាក់ទិននឹងការដាក់របាយការណ៍ហិរញ្ញវត្ថុទៅកាន់ក្រសួងមហាផ្ទៃ ព្រោះថា សេចក្តីព្រាងច្បាប់ថ្មីនេះ«អត់មានតម្រូវឲ្យដាក់របាយការណ៍ជូនមកក្រសួងមហាផ្ទៃនោះទេ» តែគ្រាន់តែ «សូមឲ្យគេចម្លងអ្វីដែលគេផ្ញើរទៅម្ជាស់ជំនួយនោះ» មកជូនក្រសួង ដោយមិនចាំបាច់ឲ្យដាក់ ឬធ្វើជារបាយការណ៍បន្ថែមនោះទេ។
បើទោះជាយ៉ាងនេះក៏ដោយ អង្គការសង្គមស៊ីវិលនិងមន្ត្រីការទូតនៅតែបញ្ចេញការព្រួយបារម្ភរបស់ខ្លួនចំពោះការរឹតត្បិតដល់សេរីភាពរបស់ អង្គការសង្គមស៊ីវិលនៅកម្ពុជា។
លោកអំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ បានបញ្ជាក់ការព្រួយបារម្ភចំពោះការអនុម័តយ៉ាងឆាប់នូវសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។ ការអនុម័តដោយមិនគិតគូរដល់សំណើរបស់អង្គការសង្គមស៊ីវិល និងបណ្តាអង្គទូតនៃប្រទេសធំៗ រួមទាំងអង្គការសហប្រជាជាតិផងនោះ បានបង្ហាញពីចេតនានៃការរឹតត្បិត «និងគ្រប់គ្រងលើដំណើរការរបស់អង្គការសង្គមស៊ីវិល»នោះ។ ហើយអ្វីដែលធ្វើឲ្យមានក្តីបារម្ភគឺអត្ថន័យនៅក្នុងសេចក្តីព្រាងច្បាប់ចុងក្រោយនោះ ដែលសង្គមស៊ីវិលមិនទាន់បានឃើញនៅឡើយ។
«ទោះបីជាមានការដកក៏ដោយ ក៏យើងនៅតែមានការកង្វល់ច្រើនទៀតទាក់ទិននឹងច្បាប់នោះ។ យើងមើលឃើញហើយ ដូចជាការចុះបញ្ជីក៏វាជារឿងមួយសំខាន់ ពីព្រោះយើងមានការបារម្ភចំពោះអង្គការ សហគមន៍ ដែលនៅមូលដ្ឋាន ដែលពួកគាត់កំពុងតែធ្វើការងារនៅតាមសហគមន៍មូលដ្ឋានទាក់ទិននឹងដីធ្លី ព្រៃឈើ និងបរិស្ថានជាដើម»។
ជាមួយគ្នានេះដែរ លោកវៀរលៀម ថត (William Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសរសេរនៅក្នុងប្លុកផ្ទាល់ខ្លួនរបស់លោកក្នុងប្រព័ន្ធអ៊ីនធើណិតថា កម្ពុជាត្រូវដឹងថា «ពិភពលោកកំពុងសម្លឹងមើល»ដំណើរការអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។ ហើយ«សហរដ្ឋអាមេរិកនឹងបន្តតាមដានការវិវត្តលើសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះយ៉ាងជិតដិត ពីព្រោះយើងជឿថា ការផ្លាស់ប្តូរណាមួយលើច្បាប់ដែលរឹតត្បិត ជាជាងការផ្តល់លទ្ធភាពដល់សង្គមស៊ីវិលនោះ មិនបម្រើឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជាឡើយ»។
បន្ទាប់ពីកិច្ចប្រជុំជាង៤ម៉ោងនាព្រឹកមិញ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ចុងក្រោយដែលមាន៩ជំពូកនិង៣៩មាត្រាអាចនឹងត្រូវបញ្ជូនទៅរដ្ឋសភាជាតិដើម្បីពិនិត្យបន្ថែមទៀតនាដើមសប្តាហ៍ក្រោយ៕