ទោះបីជាស្ថានភាពរាំងស្ងួតនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះបាននាំឲ្យមានការព្រួយបារម្ភចំពោះទិន្នផលស្រូវ និងដំណាំកសិកម្មផ្សេងៗទៀតក៏ដោយ ក៏អ្នកផលិតអំបិលនៅខេត្តកំពត និងខេត្តកែប បានទទួលផលយ៉ាងច្រើនដោយសាតែមានភ្លៀងធ្លាក់តិចតួច។
អ្នកផលិតអំបិល និងសមាគមអំបិលក្នុងខេត្ត ដែលស្ថិតនៅជាប់សមុទ្រនេះ បានប្រាប់VOA កាលពីសប្ដាហ៍កន្លងទៅថា ភាពរាំងស្ងួតបានធ្វើឲ្យផលិតផលអំបិលរបស់ពួកគាត់កើនឡើងទ្វេដង។
លោក ប៊ុន បារាំង នាយកប្រតិបត្តិសហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែបបាននិយាយថា សហគមន៍ផលិតអំបិលនៅក្នុងខេត្តទាំងពីរនេះផលិតទិន្នផលអំបិលបានប្រមាណ១៧ម៉ឺនតោនក្នុងឆ្នាំ២០១៥នេះ គឺស្មើនឹងជិតពីរដង បើប្រៀបធៀបទៅឆ្នាំ២០១៤ និងឆ្នាំកន្លងមក។
«ឆ្នាំ២០១៤ និង២០១៥ វារាំងពីខែមួយដល់ខែ៦។ អញ្ចឹងវារាំងបានយូរ។ វារាំងដល់ទៅ៦ខែអញ្ចឹង យើងផលិតបានដល់ទៅ១៧ម៉ឺនតោន បូកនឹងអំបិលសល់ចាស់៩តោន អញ្ចឹង វា២៦ ម៉ឺនតោន»។
ជាមួយគ្នានោះដែរ លោក ហ៊ុល សាន ជាកម្មករធ្វើការនៅស្រែអំបិលខេត្តកំពត បាននិយាយថា ឆ្នាំនេះផលិតផលអំបិលនៅស្រែរបស់លោកបានកើនឡើង។
«បើមានភ្លៀង យើងធ្វើមិនសូវបានផលទេ។ វារលាយអស់»។
លោកបានបន្ថែមថា ការផលិតអំបិលរបស់លោកកើនឡើងពីរដងពី១០០០តោនកាលពីឆ្នាំមុនមកជាង២០០០តោនក្នុងឆ្នាំនេះ។
ផ្ទុយពីកសិករដែលដាំដុះផលិតផលកសិកម្មក្នុងប្រទេសកម្ពុជា លោក ប៊ុន បារាំងសង្ឃឹមថា នៅក្នុងឆ្នាំ២០១៦ខាងមុខនេះ មិនមានភ្លៀងដូចឆ្នាំ២០១៤ និង២០១៥។
លោកក៏បានឲ្យដឹងផងដែរថា ទិន្នផលអំបិលនៅក្នុងចុងឆ្នាំ២០១៥ និង២០១៦ នឹងមានការកើនឡើងបន្ថែមទៀត ប្រសិនបើមិនមានភ្លៀងដូចឆ្នាំ២០១៤ និង២០១៥។
«អាស្រ័យលើអាកាសធាតុ ប្រសិនបើអាកាសធាតុរាំង យើងអាចផលិតបានច្រើន។ បើសិនជាមានភ្លៀងធ្លាក់ វាផលិតបានតិច»។
បើទោះជាទទួលបានផលអំបិលច្រើននៅក្នុងឆ្នាំនេះក៏ដោយ ក៏លោក ប៊ុន បារាំង មានប្រសាសន៍ថា ការផលិតអំបិលនៅប្រទេសកម្ពុជានៅមានកម្រិត ហើយកម្ពុជាមិនមានបច្ចេកវិទ្យា ដែលអាចផលិតអំបិលសម្រាប់ផ្គត់ផ្គង់ការនាំចេញក្រៅប្រទេសបាននៅឡើយទេ។
លោកបន្ថែមថា កម្ពុជាក៏នៅមិនអាចប្រកួតប្រជែងនឹងផលិតផលអំបិលនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាមបាននៅឡើយដែរ។
ការផលិតអំបិលតាមរបៀបប្រពៃណីបានផ្ដល់ការងារដល់ប្រជាជនកម្ពុជាយ៉ាងហោចណាស់ចំនួនជាង៤៥០០នាក់។ នេះបើយោងតាម លោក ប៊ុន បារាំង នៃសហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែប។
លោក ប៊ុន បារាំង បានប្រសាសន៍ថា សហគមន៍របស់លោកលក់ចេញអំបិល១០ម៉ឺនតោនក្នុងមួយឆ្នាំៗ ដើម្បីផ្គត់ផ្គង់តម្រូវការអំបិលនៅក្នុងស្រុក។
លោកបន្ថែមថា ដោយសារផលិតផលអំបិលមានការកើនឡើង តម្លៃអំបិលបានធ្លាក់ពី៨០ដុល្លារក្នុងមួយតោនកាលពីឆ្នាំ២០១៤ មកត្រឹមតែ៥០ដុល្លារក្នុងមួយតោនក្នុងឆ្នាំនេះ។
«អ្នកផលិតយើងនៅខ្វះថវិកា។ ផែនការមានកម្រិត អញ្ចឹងយើងមិនអាចនាំចេញបានទេ បានលក់តែក្នុងស្រុកខ្មែរ»។
ប្រជាជនកម្ពុជាប្រហែល៨០ភាគរយ ដែលប្រកបរបរកសិកម្មបានត្អូញត្អែរយ៉ាងខ្លាំងអំពីភាពរាំងស្ងួត ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុសកលលោក។
ភាពរាំងស្ងួតនេះធ្វើឲ្យប៉ះដល់ទិន្នផលដំណាំរបស់ពួកគាត់។ ផ្ទុយទៅវិញ ផលិតផលអំបិលដែលពឹងផ្អែកខ្លាំងលើកម្ដៅព្រះអាទិត្យបានទទួលផលគាប់ប្រសើរ៕