រដ្ឋាភិបាលនៃប្រទេសកាមេរូន (Cameroon) បានស្នើកសិករមិនឲ្យធ្វើការដាំដុះនៅក្នុងរដូវដាំដុះខាងមុខនេះ រហូតដល់ពេលរដ្ឋាភិបាលអាចធានាដល់ពួកគេថា នឹងមានភ្លៀងធ្លាក់គ្រប់គ្រាន់។ របត់ធាតុអាកាសមិនទៀងនៅពេលថ្មីៗនេះបានបណ្តាលឲ្យមានការរាំងស្ងួតរយៈពេលយូរ និងបានប៉ះពាល់ដល់ការដាំដុះ។
កសិករ Ndukong Kennedy អាយុ៤២ឆ្នាំ ចិញ្ចឹមសត្វមាន់នៅក្នុងក្រុង Santa នៅជាយក្រុង Bamenda ដែលស្ថិតនៅទិសពាយព្យនៃប្រទេសកាមេរូន។ លោកបានបោះបង់ចោលចំការសណ្តែកដីរបស់លោកបន្ទាប់ពីមានភ្លៀងធ្លាក់មិនទាន់ពេល និងមិនគ្រប់គ្រាន់ដែលបានបណ្តាលឲ្យដំណាំទាំងនោះក្រៀមអស់រយៈពេលពីរឆ្នាំជាប់ៗគ្នា។
ជាធម្មតា ភ្លៀងធ្លាក់នៅក្នុងតំបន់នោះក្នុងខែមីនា។
លោក Ndukong Kennedy និយាយថា៖ «នៅទីបំផុត ភ្លៀងធ្លាក់មកនៅចុងខែមេសា ហើយថ្ងៃក៏ក្តៅខ្លាំង ធ្វើឲ្យសណ្តែកដីនៅក្នុងចំការរបស់ខ្ញុំក្រៀមអស់។ យើងធ្លាប់ត្រៀមធ្វើចំការរបស់យើងនៅក្នុងរដូវប្រាំង ដោយរំពឹងថាភ្លៀងនឹងធ្លាក់មក ហើយយើងដឹងថា នៅថ្ងៃទី១៥ ខែមីនានឹងមានភ្លៀងធ្លាក់ជាលើកដំបូង ប៉ុន្តែសព្វថ្ងៃនេះ យើងមិនទាំងដឹងថា វានឹងភ្លៀងពេលណាផង»។
លោក Henry Mumah Awah ដែលជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ទទួលបន្ទុកផ្នែកបរិស្ថាននៅក្នុងក្រុង Bamenda បានស្នើកសិករកុំឲ្យប្រញាប់ដាំដំណាំនៅក្នុងឆ្នាំ២០១៦ រហូតដល់ពេលលោកប្រាប់ពីព័ត៌មានច្បាស់លាស់ពីទឹកភ្លៀងជាមុនសិន។
លោកនិយាយថា៖ «មានការយល់ច្រឡំចំពោះរបត់ទឹកភ្លៀង។ យើងហៅវាថា ជារបត់ទឹកភ្លៀងមិនទៀង។ កាលពីមុន យើងធ្លាប់ដឹងថា យើងមានពេលវេលាជាក់លាក់សម្រាប់រដូវប្រាំង ហើយយើងមានពេលជាក់លាក់សម្រាប់រដូវវស្សា ប៉ុន្តែពេលនេះ វាមិនច្បាស់នោះទេ។ ការដាំដុះមួយចំនួនកំពុងតែធ្លាក់ចុះ ដោយសារតែរបត់ទឹកភ្លៀងមិនទៀងនេះ។ សីតុណ្ហភាពបានកើនឡើងខ្លាំងដោយសារការកាប់បំផ្លាញព្រៃឈើមានកាន់តែច្រើន ហើយឧស្ម័នកាបូនិចមានកាន់តែច្រើននៅក្នុងបរិយាកាស»។
របាយការណ៍របស់កម្មវិធី «ការសម្របខ្លួនរបស់ទ្វីបអាហ្វ្រិក» ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិចេញផ្សាយថា សីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំនៅក្នុងប្រទេសកាមេរូនបានកើនឡើង០,៧អង្សាសេ ចាប់តាំងពីទសវត្សរ៍១៩៦០មក។ នៅក្នុងអំឡុងពេលដូចគ្នានេះ ទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំបានធ្លាក់ចុះ២,២ភាគរយក្នុងមួយទសវត្សរ៍។
សកម្មជនបរិស្ថាន លោក Nestor Buma បានស្តីបន្ទោសទៅលើសកម្មភាពរបស់មនុស្សចំពោះការប្រែប្រួលនេះ។
សកម្មជនរូបនេះនិយាយថា៖ «ពលរដ្ឋក្នុងស្រុកប្រមាណជា៨០ ទៅ៩០ភាគរយប្រើប្រាស់អុស ដែលជំរុញឲ្យពលរដ្ឋក្នុងស្រុកកាប់ដើមឈើ ដូច្នេះមានការកាប់ដើមឈើយ៉ាងច្រើនដើម្បីប្រើប្រាស់នៅក្នុងផ្ទះ»។
ការដាំដំណាំនៅក្នុងប្រទេសកាមេរូន អាចនឹងធ្វើឡើងបានពីពាក់កណ្តាលខែមីនា ដល់ខែមិថុនា ដោយអាស្រ័យទៅតាមតំបន់។ វាពិបាកនឹងប៉ាន់ស្មានណាស់ ថាតើកសិករប៉ុន្មាននាក់នឹងរងផលប៉ះពាល់ពីការស្នើឲ្យផ្អាកដាំដំណាំនេះ ប៉ុន្តែ៧០ភាគរយនៃប្រជាជន២២លាននាក់របស់ប្រទេសនេះ ពឹងផ្អែកលើកសិកម្ម ហើយភាគច្រើនពឹងផ្អែកលើវិស័យនេះដើម្បីចិញ្ចឹមក្រពះ។
ប្រទេសកាមេរូនមិនទាន់មានរបាយការណ៍អំពីការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរនៅពេលនេះនៅឡើយទេ ក៏ប៉ុន្តែ មានការធ្លាក់ចុះផលិតផលធញ្ញជាតិចំនួន២០០.០០០តោនកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាល តម្លៃសណ្តែក ដំឡូង និងពោត បានកើនឡើង២៥ភាគរយកាលពីពីរឆ្នាំមុន នៅស្របពេលដែលផលិតកម្មនៅតំបន់មួយចំនួនស្ថិតក្នុងបរិមាណដដែល។
លោក Paul Biya ដែលជាប្រធានាធិបតីរបស់ប្រទេសនេះ បានលើកឡើងពីក្តីបារម្ភអំពីការធ្លាក់ភ្លៀងតិចតួចនេះ នៅក្នុងសុន្ទរកថារបស់លោក នៅពេលចាប់ផ្តើមកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុដែលបានបញ្ចប់កាលពីពេលថ្មីៗនេះក្នុងទីក្រុងប៉ារីស។ លោក Biya បាននិយាយថា ប្រទេសកាមេរូនបានតាំងចិត្តក្នុងការដាំដើមឈើឡើងវិញក្នុងតំបន់ និងកាត់បន្ថយបរិមាណកាបូនឲ្យនៅត្រឹម៣២ភាគរយនៅត្រឹមឆ្នាំ២០៣៥៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ