ប្រាក់ខែចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌ ដូចជាប្រធាន និងអនុប្រធានតុលាការនឹងត្រូវដំឡើងចាប់ពីខែមេសានេះ។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៩ខែមីនាឆ្នាំ២០១៦។ អនុក្រឹត្យនេះមានគោលបំណងរៀបចំ និងកំណត់ប្រាក់បំណាច់ចៅក្រម ព្រះរាជអាជ្ញា ដើម្បីធានាបាននូវប្រសិទ្ធភាព និងការបង្កើនផលិតភាពក្នុងប្រព័ន្ធយុត្តិធម៌ ព្រមទាំងការធានានូវសមធម៌។
អ្នកស្រាវជ្រាវ អ្នកវិភាគនយោបាយនិងមន្ត្រីសង្គមស៊ីវិលនិយាយថា ការដំឡើងប្រាប់បៀវត្សចៅក្រម និងព្រះរាជអាជ្ញាមិនអាចកាត់បន្ថយអំពើពុករលួយដែលនាំឲ្យមានអយុត្តិធម៌ក្នុងដំណើរការកាត់ទោសនោះទេ។
លោកពូ សុវចនា អ្នកស្រាវជ្រាវនៃវិទ្យាស្ថានកម្ពុជាសហប្រតិបត្តិការ និងសន្តិភាព បានប្រាប់ VOA កាលពីថ្ងៃពុធថា ការដំឡើងប្រាក់ខែដល់មន្ត្រីរាជការគឺជាឆ្លើយតបខាងនយោបាយចំពោះការរិះគន់ប្រាក់ខែទាប ដែលនាំឲ្យមានអំពើពុករលួយ ជាពិសេសខាងចៅក្រម និងមន្ត្រីយុត្តិធម៌ផ្សេងៗ ហើយមន្ត្រីរាជការក៏មិនទៅធ្វើការពេញដៃពេញជើងដែរ។
«ប្រាក់ខែហ្នឹងហើយបានជាមន្ត្រីរដ្ឋាភិបាលយើងមួយចំនួនធំរកថវិកាដោយផ្លូវច្បាប់ក្តី ដោយមិនផ្លូវច្បាប់ក្តីដែលយើងយកមកបំប៉នដើម្បីការរស់នៅ»។
ស្រដៀងគ្នានេះដែរ លោកអ៊ូ វីរៈ នាយកវេទិកាអនាគត (Future Forum) ដែលសិក្សាអំពីការវិវត្តនយោបាយនៅកម្ពុជា បានប្រាប់ VOA នៅដើមសប្តាហ៍នេះថា ការដំឡើងប្រាក់ខែគ្រាន់តែអាចជួយមួយផ្នែកតូចក្នុងការកាត់បន្ថយអំពើពុករលួយតួចតាច តែមិនអាចទប់ទល់នឹងសំណូកធំៗបានទេ។ លោកពន្យល់ថា ដើម្បីទប់ស្កាត់ការស៊ីសំណូកនិងអំពើពុករលួយក្នុងប្រព័ន្ធតុលាការ ត្រូវមានយន្តការជាប្រព័ន្ធ។
«សំខាន់ធ្វើម៉េចឲ្យមនុស្សល្អដែលចង់ចូលហ្នឹងកុំឲ្យគាត់សូកលុយ។ បើសិនជាសូកលុយ ពុករលួយតាំងពីដើម ដើម្បីចូលបានតួនាទីហ្នឹងហើយ អាហ្នឹងគឺនៅតែអត់មានប្រសិទ្ធភាពដដែល»។
លោកបន្តថា រដ្ឋាភិបាលត្រូវដំឡើងប្រាក់ខែឲ្យបានច្រើន ដែលអាចរស់បាន គួបផ្សំនឹងវិធានការច្បាស់លាស់ទៅតាមច្បាប់។ លោកនិយាយថា មនុស្សស្អាតស្អំមិនស្វះស្វែងធ្វើការងារក្នុងរដ្ឋាភិបាលទេ ព្រោះគេដឹងថា គេមិនអាចរស់បាន ដែលតម្រូវឲ្យគេរកវិធីដើម្បីរកចំណូលបន្ថែមពីលើប្រាក់ខែ។
«បើសិនដំឡើងប្រាក់ខែគឺប្រាក់ខែមួយដែលសមរម្យ ទៅអនាគតប្រហែលជាអាចមានមនុស្សល្អមានឆន្ទៈចង់ចូលធ្វើការងាររដ្ឋ»។
ទោះជាយ៉ាងណាក្តី លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអុ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា ការដំឡើងប្រាក់ខែនេះគឺបង្ហាញការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ហើយវាមិនមែនជាវិធានការប្រឆាំងអំពើពុករលួយនោះទេ។
«អ្វីដែលលើកឡើងដោយអង្គការសង្គមស៊ីវិលហ្នឹងមិនបានពិចារណាគ្រប់ជ្រុងជ្រោយទេ ពីព្រោះប្រាក់បំណាច់ហ្នឹងគ្រាន់តែជាទិសដៅមួយទេ។ ក៏ប៉ុន្តែយើងឃើញអ្នកដែលស្មោះត្រង់ អ្នកសុចរិតនឹងវិជ្ជារបស់គេ ទោះប្រាក់ខែប៉ុណ្ណាក៏គេធ្វើកើតដែរ»។
លោកនិយាយថា រដ្ឋាភិបាលមានវិធានផ្សេងសម្រាប់ការប្រឆាំងអំពើពុករលួយ ដូចជាក្រុមប្រឹក្សានៃអង្គចៅក្រម អង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកកាសែត និងសាធារណជនទូទៅ ដែលអាចដាក់ពាក្យបណ្តឹងជាសម្ងាត់ ឬចំហ បើឃើញមានអំពើពុករលួយ។
«វិនិច្ឆ័យ ទោះជាវិនិច្ឆ័យហ្នឹងគឺជាឆន្ទានុសិទ្ធិ ជាសិទ្ធិឯករាជ្យរបស់ចៅក្រម ក៏ប៉ុន្តែយើងមានយន្តការតាមដានមើលថា តើការវិនិច្ឆ័យក្តីហ្នឹងវាស្របទៅតាមនីតិវិធីអង្គហេតុ និងអង្គច្បាប់ដែរឬទេ»។
ក្នុងសន្និសីទនៅចុងបញ្ចប់នៃទស្សនកិច្ចរបស់លោកស្រី លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ខាងសិទ្ធិមនុស្សនៅកម្ពុជា មានប្រសាសន៍ថា ការដំឡើងប្រាក់ខែចៅក្រម ព្រះរាជអាជ្ញាត្រូវឡើងដល់កម្រិតដែលធ្វើឲ្យពួកគេមានជីវភាពសមរម្យ ដែលកាត់បន្ថយការស្វែងរកលុយបន្ថែមពីលើប្រាក់ខែ ហើយការដំឡើងប្រាក់ខែនេះត្រូវដើរតាមមាគ៌ាតម្រង់ទៅរកឯករាជ្យភាពនៃប្រព័ន្ធតុលាការ។
«ការដំឡើងប្រាក់ខែក្នុងប្រព័ន្ធយុត្តិធម៌ត្រូវតែឈានទៅដល់ការកាត់បន្ថយលទ្ធភាពនៃការរកលុយក្រៅបន្ថែម ព្រោះប្រាក់ខែត្រូវតែគ្រប់គ្រាន់។ ដូច្នេះតាមលក្ខខណ្ឌនៃច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស ការដំឡើងប្រាក់ខែត្រូវធ្វើឡើងតាមមាគ៌ាត្រឹមត្រូវទៅរកការធានាឲ្យមានឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌»។
ម៉្យាងទៀត លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលវេទិការអនាគត បានមានប្រសាសន៍ថា ការដំឡើងប្រាក់ខែចៅក្រម ព្រះរាជអាជ្ញាមានប្រសិទ្ធភាពតែលើសំណុំរឿងដែលលុយក្នុងជញ្ជីងយុត្តិធម៌នេះ មានតិចតួចប៉ុណ្ណោះ។ លោកនិយាយថា ប្រាក់ខែចៅក្រម និងព្រះរាជអាជ្ញានឹងមិនអាចធ្វើឲ្យតុលាការនៅកម្ពុជាសម្រេចក្តីដោយយុត្តិធម៌ទេ ទាក់ទងនឹងសំណុំរឿងនយោបាយ ព្រោះតុលាការនៅកម្ពុជាមិនទាន់ឯករាជ្យពីរដ្ឋាភិបាល។
«ប្រាក់ខែតិច ឬខ្ពស់វាទាក់ទងតែនឹងរឿងពុករលួយ ទាក់ទងតែផ្នែកមួយប៉ុណ្នឹងទេ ។ ប៉ុន្តែបើសិនយើងនិយាយរឿងនយោបាយ វាអត់ទាក់ទងទាល់តែសោះ។ អាហ្នឹងវាទាក់ទងនឹងឯករាជ្យភាពនៃប្រព័ន្ធតុលាការ។ ហើយតុលាការនៅស្រុកយើងនៅក្រោមឥទ្ធិពលក្រសួងយុត្តិធម៌ខ្លាំងមែនទែន»។
ទោះជាយ៉ាងក្តី លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រព័ន្ធតុលាការកម្ពុជាឯករាជ្យ ហើយចៅក្រមមានឆន្ទានុសិទ្ធិក្នុងការសម្រេចក្តី។
«យើងមានទឡ្លីករណ៍ក្នុងការប្តឹង បើសិនជាឃើញសកម្មភាពណាមួយដែលយើងយល់ច្បាស់ថា ជាការជ្រៀតជ្រែក។ យើងប្តឹងទៅ»។
លោករដ្ឋលេខាធិការបន្តថា រដ្ឋាភិបាលមិនអាចបញ្ជាតុលាការបានទេ តែអាចស៊ើបអង្កេតដើម្បីដាក់ទណ្ឌកម្ម ដូចដែលធ្លាប់បានធ្វើកន្លងមក។
លោកនិយាយថា សង្គមស៊ីវិលគួរបណ្តុះបណ្តាលមេធាវីឲ្យបានខ្លាំង ដើម្បីតតាំងនៅតុលាការឲ្យមានប្រសិទ្ធភាព។
ទោះជាយ៉ាងណាក្តី មេធាវីដែលការពារសំណុំរឿងនយោបាយ បាននិយាយថា លោកមិនរំពឹងថា មានយុត្តិធម៌ទេ។ មេធាវីធ្វើការការពារក្តីដើម្បីបង្ហាញថា ការសម្រេចរបស់ចៅក្រមមិនយុត្តិធម៌តែប៉ុណ្ណោះ។ លោកជួង ជូងី មេធាវីដែលការពារក្តីឲ្យលោកហុង សុខហួរ អតីត សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានប្រាប់ VOA ថា៖
«ក្នុងវិជ្ជាជីវៈមេធាវី ខ្ញុំមិនគិតទៅលើលទ្ធផលទេ។ ខ្ញុំគិតតែថា ខ្ញុំខិតខំបានប៉ុណ្ណា ខ្ញុំព្យាយាមប៉ុណ្នឹង។ តែបើខ្ញុំគិតថា សង្ឃឹមបានធ្វើនោះ ខ្ញុំធ្វើមេធាវីអត់កើត»។
ក្នុងសិក្ខាសាលាកាលពីថ្ងៃទី២៤ខែមីនា មន្ត្រីក្រុមប្រឹក្សានៃអង្គចៅក្រមបានឲ្យដឹងថា ក្រុមប្រឹក្សានេះបានទទួលបណ្តឹងជាង១០០ពីសាធារណជនប្រឆាំងនឹងចៅក្រម ហើយចៅក្រមមួយចំនួនអាចនឹងប្រឈមមុខនឹងការដាក់ពិន័យ ផ្អាកការងារ។ វិធានការនេះធ្វើឡើងមិនយូរប៉ុន្មាន ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបញ្ជូនកូនប្រុសរបស់លោកពីរនាក់ទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីធានាឲ្យមានការដោះលែងស្ត្រីពីរនាក់ដែលតុលាការខេត្តនេះសម្រេចឃុំឃាំង។
លោកហ៊ុន សែននិយាយថា ចៅក្រមអាចចាប់កូនប្រុសរបស់លោកទាំងពីរនាក់ឃុំឃាំង បើសិនជាចៅក្រមយល់ថា កូនប្រុសលោកទាំងពីរធ្វើខុសច្បាប់។
កូនប្រុសរបស់លោកបានជួយស្ត្រីទាំងពីរនាក់ចេញពីការឃុំឃាំងទាំងយប់ ហើយរឿងនេះគ្មានអ្វីចម្លែកទេ។
នៅដើមឆ្នាំនេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដំឡើងប្រាក់ខែដល់មន្ត្រីរាជការជាទូទៅ តែការដំឡើងប្រាក់ខែចៅក្រម ព្រះរាជអាជ្ញាមានសន្ទុះខ្លាំង។
លោកពូ សុវចនាមានប្រសាសន៍ថា ការដំឡើងប្រាក់ខែដល់ចៅក្រម និងព្រះរាជអាជ្ញាមានចំនួនច្រើនបើប្រៀបធៀបនឹងប្រាក់ខែគ្រូបង្រៀន។ ដូច្នេះការលក់ស្ករគ្រាប់ និងនំក្នុងថ្នាក់រៀននឹងនៅតែបន្ត។
«ដំឡើងប្រាក់ខែរឿងចៅក្រមនឹងវាច្រើនជាងការដំឡើងប្រាក់ខែគ្រូ។ ប្រាក់ខែគ្រូដំឡើងម្តងបន្តិចៗហ្នឹង»។
អនុក្រឹត្យ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងរដ្ឋមន្ត្រីមួយចំនួនទៀត ដូចជា លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះ បង្ហាញថា ចាប់ពីថ្ងៃទី១ខែមេសានេះទៅ ប្រាក់ខែប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូលនឹងបាន១០លានរៀល។ អនុប្រធានតុលាការកំពូល ប្រធានសភាតុលាការកំពូល អគ្គព្រះរាជអាជ្ញារងជាដើម នឹងបាន៤លាន៥សែន ដែលមានគម្លាតទាបខ្លាំងគឺមិនបានពាក់កណ្តាលផងទេ ប្រៀបធៀបនឹងប្រាក់ខែប្រធាន ថ្វីដ្បិតពួកគេមានឋានៈខុសគ្នាមួយកម្រិតក៏ដោយ។ គម្លាតខ្លាំរវាងប្រាក់ខែមន្ត្រីទាំងនេះអាចជាបច្ច័យនាំឲ្យមានអំពើពុករលួយ៕