ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង​ផ្តល់​ប្រាក់​ជំនួយ​ក្នុង​គ្រា​អាសន្ន​ដើម្បី​ជួយ​សម្រាល​ផលប៉ះពាល់​នៃ​មេរោគ​កូវីដ១៩


មនុស្សម្នា​ដែល​ពាក់​ម៉ាស់​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ដើរ​នៅ​តាម​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
មនុស្សម្នា​ដែល​ពាក់​ម៉ាស់​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ដើរ​នៅ​តាម​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

កូរ៉េខាងត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​នឹង​បើក​ប្រាក់​ក្នុង​គ្រាអាសន្ន​ដល់​ពលរដ្ឋ​ជាច្រើន​របស់​ខ្លួន​ជា​ផ្នែក​មួយ​នៃ​ការ​ខំប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រឈម​នៃ​ការ​រាលដាល​ជា​សាកល​នៃ​មេរោគ​កូរ៉ូណា។

លោក​ប្រធានាធិបតី​ មួន ជាអ៊ីន បាន​ប្រកាស​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ក្នុង​ជំនួប​ជាមួយ​ក្រុម​ការងារ​ពិសេស​ថា រដ្ឋាភិបាល​ នឹង​បើកប្រាក់​ប្រហែល​៨២០​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ឲ្យ​មួយ​គ្រួសារ លើកលែង​តែ​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ចំនួន​៣០ភាគរយ។ ប្រាក់​ដែល​បើក​ឲ្យ​ក្រុមគ្រួសារ​ទាំង​នោះ មាន​ចំនួន​ទាំងអស់​៧ពាន់​៤រយ​លាន​ដុល្លារ។

លោក​ប្រធានាធិបតី​មួន បាន​និយាយ​ទៀត​ថា ប្រាក់​ទាំង​នោះ ជា​សំណង​ដល់​ពលរដ្ឋ​កូរ៉េខាងត្បូង​ដែល​បាន​អត់ធន់​ចំពោះ​វិធានការ​រយៈពេល​ប៉ុន្មាន​ថ្ងៃ និង​សប្តាហ៍​ដើម្បី​ទប់ស្កាត់​មេរោគ​កូវីដ១៩ រួម​មាន​ការ​ដាក់​មនុស្ស​ឲ្យ​នៅ​ដាច់​ដោយ​ឡែក និង​ដាច់​ពី​គ្នា។

កូរ៉េខាងត្បូង​ មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ចំនួន​៦ពាន់​៦រយ​៦១ករណី​រហូត​មក​ទល់​ថ្ងៃចន្ទ​ម្សិលមិញ ដោយ​មាន​មនុស្ស​ស្លាប់​១៥៩នាក់ ហើយ​នឹង​មនុស្ស​៥ពាន់​២រយ​២៨នាក់ បាន​ជា​សះស្បើយ។ កូរ៉េខាងត្បូង​ បាន​ទទួល​ការ​សរសើរ​ពី​សាកលលោក​ចំពោះ​ ការ​ធ្វើតេស្ត​ជា​ប្រចាំ​ដល់​មនុស្ស​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ​ដែល​បាន​ជួយ​ពន្យឺត​ការ​រាតត្បាត​នៃ​មេរោគ​នេះ។

ក៏ប៉ុន្តែ ប្រទេស​នេះ​ បាន​ឃើញ​ករណី​មេរោគ​កូវីដ១៩​ដែល​បាននាំ​ចូល​មក​ពី​ខាងក្រៅ​កើន​ឡើង​ដែល​បាន​នាំ​ឲ្យ​រដ្ឋាភិបាល​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​ថា ខ្លួន​នឹង​តម្រូវ​ឲ្យ​មាន​ការ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ចំនួន​១៤ថ្ងៃ​ដល់​ជនបរទេស​ទាំងអស់​ដែល​បាន​មក​ដល់​កូរ៉េខាងត្បូង ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី១ ខែ​មេសា​ស្អែក​នេះ៕

XS
SM
MD
LG