ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​រុស្ស៊ី​រិះគន់​ការ​បង្រ្កាប​របស់​ពូទីន​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល


ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​រុស្ស៊ី​រិះគន់​ការ​បង្រ្កាប​របស់​ពូទីន​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល។
ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​រុស្ស៊ី​រិះគន់​ការ​បង្រ្កាប​របស់​ពូទីន​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្លាដឺមៀ ពូទីន​ (Vladmir Putin) នា​ពេល​ថ្មីៗ​នេះ​ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រាង​ច្បាប់​មួយ​ឲ្យ​ក្លាយ​ជា​ច្បាប់​ផ្លូវការ​ ដែល​ផ្តល់​អំណាច​ឲ្យ​ក្រុម​រដ្ឋអាជ្ញាក្នុង​ការ​ប្រកាស​ភាព​«មិន​ត្រូវ​ការ»​ចំពោះ​អង្គការ​បរទេស និង​អង្គការ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ និង​អំណាច​ក្នុង​ការ​បិទ​អង្គការ​ទាំង​នោះ​ ព្រមទាំង​អំណាច​ក្នុង​ការ​ដាក់​ពិន័យ​រាល់​ជន​រុស្ស៊ី​ណា​ដែល​ចូល​ពាក់ព័ន្ធ។

ក្រុម​អ្នក​គាំទ្រ​និយាយ​ថា​ ច្បាប់​នេះ ​គឺ​ធ្វើឡើង​ដើម្បី​ការពារ​ការ​គំរាមកំហែង​ដល់​អំណាច​នៃ​រដ្ឋធម្មនុញ្ញ​រុស្ស៊ី ការ​ការពារ​ជាតិ​ និង​សន្តិសុខ​ប្រទេស​នេះ។ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ ច្បាប់​នេះ​នឹង​បន្ថែម​ការ​បង្ក្រាប​ទៅ​លើ​មតិ​ប្រឆាំង​ ដែល​រិះគន់​ ឬ​ហ៊ាន​ប្រឈម​ជាមួយ​ការ​ដឹកនាំ​របស់​លោក​ពូទីន។ លោក Daniel Schearf នៃ​វីអូអេ​ធ្វើ​សេចក្តី​រាយការណ៍​ពី​ទីក្រុង​មូស្គូ។

លោក​ប្រធានាធិបតី​ពូទីន​បាន​ចុះ​ហត្ថលេខា​ស្ងាត់ៗ​លើ​សេចក្តីព្រាង​ច្បាប់​មួយ​ស្តី​អំពី​អង្គការ​បរទេស​ និង​អន្តរជាតិ​ដែល​«មិន​ត្រូវ​ការ» ឲ្យ​ក្លាយ​ជា​ច្បាប់​ជាធរមាន​ បន្ទាប់​ពី​មាន​ការ​ជជែក​តស៊ូ​មតិ​ និង​មាន​ការ​ពិនិត្យ​ពិច្ច័យ​តិចតួច​នៅ​សភា Duma របស់​រុស្ស៊ី។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ឆ្លើយតប​ទៅ​នឹង​ការ​គំរាមកំហែង​ផ្លូវ​ច្បាប់​ចុង​ក្រោយ​ទៅ​លើ​ក្រុម​សង្គម​ស៊ីវិល ​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​យ៉ាង​ខ្លាំង​ទាំង​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស។

សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​ច្បាប់​នោះ ដែល​មិន​ត្រឹម​តែអនុញ្ញាត​ឲ្យ​ក្រុម​រដ្ឋអាជ្ញា​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អនុញ្ញាត​ឲ្យ​ដាក់​ពិន័យ​លើ​ជន​រុស្ស៊ី​ដែល​ពាក់ព័ន្ធ​ជាមួយ​អង្គការ​ទាំង​នោះ។

វិធានការ​ផ្លូវ​ច្បាប់​មិន​ច្បាស់លាស់​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​បកស្រាយ​ទៅ​លើ​អ្វី​ដែល​គេ​ចាត់​ទុក​ថា «មិន​ត្រូវ​ការ» ​នៅ​ស្រប​ពេល​ដែល​មាន​ការ​បញ្ជាក់​លម្អិត​អំពី​ការ​ផាក​ពិន័យ​ និង​រយៈពេល​ជាប់​ពន្ធនាគារ​រហូត​ដល់៦​ឆ្នាំ​សម្រាប់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ម្តង​ហើយ​ម្តង​ទៀត។

អ្នក​តំណាង​ផ្នែក​សិទ្ធិ​សាធារណៈ​ក្នុង​ប្រទេស​រុស្ស៊ី​ លោកស្រី​ Ella Pamfilova នា​សប្តាហ៍​នេះ​ បាន​រិះគន់​ច្បាប់​ថ្មី​មួយ​នេះ​ថា​ មិន​មាន​មូលដ្ឋាន​ច្បាប់​គ្រប់​គ្រាន់។ លោកស្រី​បាន​និយាយ​ថា អំណាច​នៅ​ក្នុង​ការ​ប្រកាស​ថា​អង្គការ​នានា​គឺ​«មិន​ត្រូវ​ការ» ​ដោយ​មិន​បាន​ឆ្លង​កាត់​តុលាការ​ គឺ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ ហើយ​លោក​ស្រី​បាន​រិះគន់​ការ​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​បណ្តឹង​ឧទ្ធរណ៍។

អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​រុស្ស៊ី ​លោក ​Alexei Navalny កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា​ លោក​មាន​ជំនឿ​ថា​ ច្បាប់​នោះ​នឹង​បន្ថែម​ការ​ដាក់​កំហិត​នានា​លើ​អ្វី​ដែល​ធ្លាប់​មាន​ពីមុន​ ក្នុងគោល​បំណង​រក្សា​តំណែង​របស់​លោក​ពូទីន។ លោក​បាន​និយាយ​ដូច្នេះ ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​មួយ​នៅ​ការិយាល័យ​វីអូអេ​នៅ​ក្រុង​មូស្គូ។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា វា​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ទៅនឹង​ការ​បោះឆ្នោត​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦។ សម្រាប់​រដ្ឋាភិបាល​ក្រុង​ក្រឹមឡាំង (Kremlin) វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​កម្ចាត់អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ ដែល​មិន​ត្រឹម​តែ​អាច​ផ្តល់​ហិរញ្ញប្បទាន ប៉ុន្តែ​ថែម​ទាំង​អាច​បង្កើត​នូវ​កម្មវិធី​ផ្សេងៗ អាច​ប្រមូល​ផ្តុំ​មនុស្ស​ ឬ​ដើរ​តួ​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​អ្នក​ចេះ​ដឹង​ផ្សេងៗ។ លោក​ពូទីន​ចង់​កម្ចាត់​រាល់​រចនាសម្ព័ន្ធ​ដែល​រៀបចំ​ឡើង​នេះ»។

ក៏ប៉ុន្តែ​លោក Navalny បាន​បកស្រាយ​បន្តថា លោក​គិត​ថា ចំណាត់ការរបស់​រដ្ឋាភិបាល​ក្រឹមឡាំង​មិនមែន​សុទ្ធ​តែដើម្បី​ផល​ប្រយោជន៍​ទាំងស្រុង​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​គិត​ថា​ វា​ជា​ផ្នែក​មួយ​នៃ​ការ​សង្ស័យ​របស់​លោក​ពូទីន ​និង​បក្ស​ពួក​របស់​លោក»។ ដំបូង​បង្អស់​នោះ​គឺបណ្តាញ​សម្ងាត់​ ដែល​នៅ​តែ​ជឿ​ថា​ លុយ​របស់​បរទេស​បាន​ហូរ​ទៅ​ក្រុម​ប្រឆាំង។ ពួកគេ​នៅ​តែ​មិន​ជឿ​ថា បាតុកម្ម​នៅ​ក្រុង​មូស្គូ​នៅ​ឆ្នាំ២០១១ ​និង​ឆ្នាំ២០១២​ បាន​កើត​ឡើង​ដោយសារ​តែ​អំពើ​ពុករលួយ​របស់​លោក​ពូទីន​នោះ​ទេ»។

លោក Navalny គឺ​ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ចម្បងៗ​នៃបាតុកម្មប្រឆាំង​រដ្ឋាភិបាល​ ដែល​បាន​តវ៉ា​នឹង​ការ​បន្ត​កាន់​អំណាច​របស់​លោក​ពូទីន ​ដោយ​បាន​ដឹកនាំ​ការ​ប្រមូល​ផ្តុំ​តាម​ដង​ផ្លូវ​ដែល​មាន​មនុស្ស​ច្រើន​ជាង​១០០.០០០​នាក់។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ញឹកញយ ហើយ​ទើប​តែ​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ។

អ្នក​គាំទ្រ​លោក​ពូទីន​ បាន​និយាយ​ថា បទបញ្ជា​ដែល​កាន់​តែតឹងរឹង​ជាង​មុន​នេះ​ ​នឹង​រារាំង​កងកម្លាំង​បស្ចឹម​ប្រទេស​មិន​ឲ្យ​បង្ក​បដិវត្តន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រឹមឡាំង។

នៅ​ក្នុង​ឆ្នាំ​២០១២ ពួក​គេ​បាន​អនុម័ត​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ឈ្មោះ​ក្រុម​ណា​មួយ​ដែល​ទទួល​មូលនិធិ​ពី​បរទេស​ និង​ជាប់​ពាក់​ព័ន្ធ​ជាមួយនឹង​សកម្មភាព​ណា​មួយ​ដែល​គេ​យល់​ឃើញ​ថា​ជា​រឿង​នយោបាយ​ថា​ជា​ក្រុម​«ទីភ្នាក់​ងារ​បរទេស»។

អង្គការ​ប្រមាណ​៦៤​ ត្រូវ​បាន​ចាត់​ចូល​ក្នុង​ក្រុម​«ទីភ្នាក់ងារ​បរទេស» នេះ​ហើយ​ត្រូវ​ចុះ​ឈ្មោះ​ជា​ទីភ្នាក់ងារ​បរទេស បើ​មិន​ដូច្នោះ​ទេ​ ពួក​គេ​នឹង​ត្រូវ​បង់​ប្រាក់​ពិន័យ​រាប់​សិប​ពាន់​ដុល្លារ។

នាយក​កម្មវិធី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch លោកស្រី Tanya Lokshina និយាយ​ថា​ អង្គការ​មួយ​ចំនួន​ធំ​បាន​បិទ​ទ្វារ​ ដោយ​សារ​តែ​ការ​ចុះ​ឈ្មោះ​ដូច្នោះ​ ដែល​មាន​ន័យ​ជា​ប្រយោល​ថា​ជា​ចារជន​ឬ​ជន​ក្បត់​ជាតិ។

«ច្បាប់​ថ្មី​ផ្តោត​គោល​ដៅ​លើ​អង្គការ​ដែល​គេ​មិន​ត្រូវ​ការ គឺ​ពិត​ជា​ផ្នែក​មួយ​នៃ​និន្នាការ​គាប​សង្កត់​ ហើយ​ប្រឆាំង​នឹង​សំឡេង​ឯករាជ្យ​ ប៉ុន្តែ​ច្បាប់​នេះគាប​សង្កត់​កាន់​តែ​ខ្លាំង​មួយ​កម្រិត​ទៀត។ ស្របពេល​ដែល​ច្បាប់​នេះ​មាន​គោលបំណង​រារាំង​អង្គភាព​បរទេស និង​អន្តរជាតិ​មិន​ឲ្យ​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ យើង​ឃើញ​កាន់​តែ​ច្បាស់​ណាស់​ថា​ ច្បាប់​នោះ​នឹង​បំបិទ​មាត់​អង្គភាព ​និង​សកម្មជន​នានា​នៅ​រុស្ស៊ី ហើយ​កាត់​ផ្តាច់​ពួកគេ​ពី​បណ្តាញ​អន្តរជាតិ ពី​មិត្តភក្តិ​ និង​ដៃ​គូ​របស់​ពួកគេ និង​ពី​សហគមន៍​អន្តរជាតិ»។

លោកស្រី​បាន​បន្ត​ថា ​ច្បាប់​លើ​អង្គភាព​ដែល​មិន​ត្រូវ​ការ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្រ្កាប​ទៅ​លើ​សំឡេង​ឯករាជ្យ​ ដែល​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ការ​វិល​ចូល​កាន់​តំណែង​របស់​លោក​ពូទីន​ក្នុង​រដ្ឋាភិបាល​ក្រឹមឡាំង​កាល​ពី​បី​ឆ្នាំ​មុន។

រដ្ឋាភិបាល​ក្រឹមឡាំង​ក៏​បាន​បញ្ឆេះ​ឲ្យមាន​យុទ្ធនាការ​មួយ​ដើម្បី​ដាក់​ឈ្មោះ​ក្រុម​អ្នក​រិះគន់​ខ្លួន​ជា​ផ្នែក​មួយ​នៃ​«ជួរ​ទី​ប្រាំ» ក្នុង​ចំណោម​ជន​ក្បត់​ជាតិ​ ដែល​ក្នុង​នោះ​រួម​មាន​មេដឹកនាំ​ក្រុម​ប្រឆាំង​ដ៏​ល្បី​ដែល​មាន​ដូច​ជា លោក Navalny ​ជាដើម។

ក្រសួង​យុត្តិធម៌​របស់​រុស្ស៊ី​នា​សប្តាហ៍​នេះ បាន​ដាក់​ក្រុម​វិទ្យាសាស្រ្ត​ឈាន​មុខ​គេ​មួយ​ឈ្មោះ ​Dynasty Foundation​ ចូល​ទៅ​ក្នុង​បញ្ជី​«ទីភ្នាក់ងារ​បរទេស» របស់​ខ្លួន។

ក្រុម​មន្រ្តី​បាន​ការពារ​ចំណាត់​ការរបស់​ខ្លួន​នេះ ដោយ​និយាយ​ថា​ ការ​ដាក់​ចូល​ក្នុង​បញ្ជី​នោះ​មិន​បាន​បង្ក​ការ​គំរាមកំហែង​ទៅ​លើ​វត្តមាន​របស់​អង្គការ​ណាមួយ​ទេ​ ហើយ​គ្រាន់​តែ​ទាមទារ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ផ្តល់​ប្រាក់​ពី​បរទេស​តែ​ប៉ុណ្ណោះ។

អ្នក​ជំនួញ​ជនជាតិ​រុស្ស៊ី​ដែល​ដឹកនាំ​អង្គការ​ Dynasty ​បាន​ប្រាប់​ទៅ​ទីភ្នាក់ងារ​សារព័ត៌មាន​ Interfax ថា លោក​នឹង​បញ្ឈប់​ការ​ផ្តល់​ប្រាក់​ឲ្យ​មូលនិធិ​នេះ ដោយ​សារ​តែ​វា​ជាប់​ឈ្មោះ​ថា​ជា«ទីភ្នាក់ងារ​បរទេស»៕

ប្រែ​សម្រួល​ដោយ ណឹម​ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG