ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​រុស្ស៊ី​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា នៅ​ពេល​សុខភាព​លោក Navalny កាន់តែ​យ៉ាប់យ៉ឺន


រូបឯកសារ៖ លោក Alexei Navalny មេដឹកនាំគណបក្សប្រឆាំងនៅរុស្ស៊ី ពេលចូលរួមសវនាការកាត់ទោសរូបលោក នៅទីក្រុងមូស្គូ រុស្ស៊ី កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១។
រូបឯកសារ៖ លោក Alexei Navalny មេដឹកនាំគណបក្សប្រឆាំងនៅរុស្ស៊ី ពេលចូលរួមសវនាការកាត់ទោសរូបលោក នៅទីក្រុងមូស្គូ រុស្ស៊ី កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១។

គណបក្ស​ប្រឆាំង​រុស្ស៊ី​បាន​ប្រកាស​ថា នឹង​មាន​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ពុធ​ខាង​មុខ បន្ទាប់ពី​ក្រុម​គ្រួសារ​និង​វេជ្ជបណ្ឌិត​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Alexey Navalny បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​វិភាគ​ឈាម ​ដែល​បាន​បញ្ជាក់​ថា លោក Navalny មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង ឬ​ជំងឺ​ខ្សោយ​តម្រងនោម ប្រសិនបើ​មិន​ទទួល​បាន​ការ​ព្យាបាល​បន្ទាន់​នោះ​ទេ។

ការ​តវ៉ា​ដែល​គ្រោង​ធ្វើ​ឡើង​នេះ​នឹង​កើតឡើង​ចំ​ថ្ងៃ​ដែល​លោក​ប្រធានាធិបតី Vladimir Putin ធ្វើ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​អំពី​ស្ថានភាព​ប្រទេស​ជាតិ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​តឹងតែង​រវាង​ក្រុម​អ្នក​គាំទ្រ​លោក Navalny និង​ប៉ូលិស​នៅ​ក្នុង​រដ្ឋធានី​មូស្គូ។

លោក Leonid Volkov ប្រធាន​យុទ្ធសាស្ត្រ​របស់​លោក Navalny បាន​ប្រកាស​អំពី​បាតុកម្ម​នេះ​នៅ​ក្នុង​វីដេអូ​បង្ហោះ​តាម YouTube ដោយ​លោក​បាន​បញ្ជាក់​ថា មិន​ត្រូវ​ខ្ជះខ្ជាយ​ពេលវេលា​ទៀត​ទេ។

លោក Volkov បញ្ជាក់​ដូច្នេះ​ថា៖ «ពួកគេ​កំពុង​ធ្វើ​ឃាត​លោក Alexey Navalny ក្នុង​វិធី​ដ៏​ព្រៃផ្សៃ​មួយ​នៅ​ពី​មុខ​កែវ​ភ្នែក​របស់​យើង»។

កាលពី​ចុង​សប្តាហ៍ អ្នកស្រី Anastasia Vasilyeva ដែល​ជា​វេជ្ជបណ្ឌិត​របស់​លោក Navalny បាន​និយាយ​ថា ការធ្វើ​តេស្ត​ឈាម​បាន​បង្ហាញ​ថា សារធាតុ​ប៉ូតាស្យូម​នៅ​ក្នុង​ខ្លួន​លោក Navalny បាន​ឡើង​ដល់ «កម្រិត​គ្រោះថ្នាក់» មួយ។

អ្នកស្រី Vasilyeva បញ្ជាក់​ដូច្នេះ​ថា៖ «ករណី​នេះ​មាន​ន័យ​ថា បញ្ហា​តម្រង​នោម និង​បញ្ហា​ចង្វាក់​បេះដូង​ធ្ងន់ធ្ងរ​អាច​កើតឡើង​គ្រប់​ពេល​ទាំង​អស់»។

លោក Alexander Polupan ដែល​ជា​វេជ្ជបណ្ឌិត​មួយ​រូប​ទៀត​របស់​លោក Navalny បាន​និយាយ​ថា៖ «ប្រសិនបើ​ពួកគេ​មិន​ចាប់ផ្ដើម​ព្យាបាល​លោក Navalny ទេ លោក​អាច​ស្លាប់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ»៕

XS
SM
MD
LG