លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងដល់សមភាគីរុស្ស៊ីរបស់លោកលើការកើនយ៉ាងខ្លាំងនៅក្នុងការវាយប្រហារទាមទារបំបែករដ្ឋក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកម្នាក់បានប្រាប់អ្នកយកព័ត៌មាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Kerry បានជំរុញឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ ហើយបានអំពាវនាវឲ្យមានការអនុវត្តបទឈប់បាញ់គ្នាឲ្យបានពេញលេញដែលបានធ្វើឡើងរវាងរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន និងពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយ រុស្ស៊ីនៅក្នុងទីក្រុង មីនស្កិ៍ (Minsk) ប្រទេសបេឡារុស (Belarus) នៅដើមឆ្នាំនេះ។
មនុស្សជាង៦.៥០០នាក់ត្រូវបានសម្លាប់ក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែនចាប់តាំងពីការប្រយុទ្ធបានផ្ទុះឡើងនៅខែមេសា ឆ្នាំ២០១៤មក ហើយមានអំពើហិង្សាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ភាគីទាំង២ជាធម្មតាបានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភការឈប់បាញ់គ្នានេះ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុបបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងម៉ូស្គូពីការគាំទ្រពួកទាមទារបំបែករដ្ឋ រួមមានកងទ័ពរុស្ស៊ីផង។ រុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា ការប្រយុទ្ធរបស់ជនជាតិរុស្ស៊ីជាមួយពួកទាមទារបំបែករដ្ឋក្នុងប្រទេសអ៊ុយក្រែជាការស្ម័គ្រចិត្ត។
កាលពីថ្ងៃពុធ លោក Raymond Odierno នាយអគ្គសេនាធិការកងទ័ពសហរដ្ឋអាមេរិកដែលចេញពីដំណែងបាននិយាយថា រុស្ស៊ីបានគំរាមកំហែងយ៉ាងខ្លាំងបំផុតដល់សហរដ្ឋអាមេរិក បណ្តាលមកពីកិច្ចប្រតិបត្តិការដ៏ស្មុគ្រស្មាញរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន៕