ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍នៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជៀសការវាយប្រហាររបស់អ៊ុយក្រែនដោយមីស៊ីលនិងដ្រូនលើតំបន់រុស្ស៊ីមួយចំនួន ស្របពេលដែលប្រធានកិច្ចការគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Joseph Borrell បានស្នើឱ្យប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅអឺរ៉ុប ដើម្បីយកទៅបន្ថែមលើមូលនិធិមួយ សម្រាប់បញ្ជូនជំនួយយោធាឱ្យអ៊ុយក្រែន។
រុស្ស៊ីបាននិយាយថា កងការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញមីស៊ីលអ៊ុយក្រែន១៣ គ្រាប់ និងដ្រូនមួយគ្រឿង លើតំបន់ Belgorod ដែលនៅជាប់ប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបំផ្លាញដ្រូនអ៊ុយក្រែន ៤ គ្រឿងទៀត លើតំបន់ Saratov នៅភាគខាងជើងប្រទេសរុស្ស៊ី។
អភិបាលតំបន់ Saratov លោក Roman Busargin បានសរសេរលើបណ្តាញសង្គម Telegram ថា គ្មានមនុស្សរងរបួសឬស្លាប់ទេ ហើយគ្មានការខូចខាតដោយសារកម្ទេចដែលធ្លាក់លើដីទេ។
នៅក្នុងទីក្រុងព្រុចសែល លោក Borrell បានដាក់សំណើរបស់លោក ដើម្បីយកប្រាក់ចំណូលបានមកពីការប្រាក់លើទ្រព្យសម្បត្តិរបស់រុស៊្សី និងយកប្រាក់នោះចំនួន ៩០ ភាគរយ ទៅដាក់ក្នុងអង្គភាពរក្សាសន្តិភាពអឺរ៉ុប។
លោកបានថ្លែងថា ប្រាក់នោះមានចំនួនប្រហែល ៣.០០០ លានដុល្លារក្នុងមួយឆ្នាំ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានស្ថិតនៅក្នុងទីក្រុងព្រុចសែល ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីសហភាពអឺរ៉ុប ដែលលោក Borrell បាននិយាយថា មានរួមទាំងការពិភាក្សាអំពីការគាំទ្រអ៊ុយក្រែនក្នុងការការពារខ្លួនប្រឆាំងនឹងរុស្ស៊ី និងការរកវិធីឱ្យអ៊ុយក្រែនចូលជាសមាជិកនៃសហភាពអឺរ៉ុប៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានREUTERS។
វេទិកាបញ្ចេញមតិ