ការិយាល័យអគ្គរដ្ឋអាជ្ញារបស់ប្រទេសរុស្ស៊ី កំពុងពិនិត្យមើលឡើងវិញពីឯករាជ្យភាពតាមផ្លូវច្បាប់ដែលផ្តល់ឲ្យប្រទេស ប្រទេសលីទុយអានី (Lithuania) ឡាតវី (Latvia) និងប្រទេសអេស្តូនី (Estonia) នៅឆ្នាំ១៩៩១ ដោយក្រុមប្រឹក្សារដ្ឋរបស់អតីតសហភាពសូវៀត។
ចំណាត់ការនេះ ដែលបានប្រកាសដោយការិយាល័យអគ្គរដ្ឋអាជ្ញាកាលពីថ្ងៃអង្គារ បានធ្វើឲ្យភ្ញាក់ផ្អើលដល់រដ្ឋនានានៅតំបន់សមុទ្របាល់ទិកហើយនឹងធ្វើឲ្យចំណងទាក់ទងមានការតានតឹងកាន់តែខ្លាំងជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ ចាប់តាំងពីរុស្ស៊ី បានយកតំបន់គ្រីមេ (Crimea) របស់អ៊ុយក្រែនធ្វើជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីខែមីនា ឆ្នាំ២០១៤មក ហើយនឹងការបះបោរដែលគាំទ្រប្រទេសរុស្ស៊ីក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក ប្រទេសទាំង៣នោះ បានបង្កើនការចំណាយខាងយោធារបស់ខ្លួន។
សមាជិកសភា២នាក់មកពីគណបក្សសហភាពរុស្ស៊ីដែលជាគណបក្សដ៏សំខាន់មួយ ដែលកាលពីពេលមុនបានដឹកនាំដោយប្រធានាធិបតី Vladimir Putin បានជជែកឲ្យហេតុផលនៅក្នុងការអំពាវនាវទៅកាន់រដ្ឋអាជ្ញាថា ការផ្តល់ឯករាជ្យភាពទៅឲ្យប្រទេស លីទុយអានី (Lithuania) ឡាតវី (Latvia) និងប្រទេសអេស្តូនី (Estonia) ជាការខុសច្បាប់។
ក៏ប៉ុន្តែ លោក Dalia Grybauskaite ប្រធានាធិបតីនៃប្រទេសលីទុយអានី (Lithuania) បាននិយាយថា៖ «ឯករាជ្យភាពរបស់យើង បានទទួលតាមរយៈការបង្ហូរឈាមនិងការលះបង់របស់ប្រជាពលរដ្ឋលីទុយអានី។ គ្មានប្រទេសណាមួយ មានសិទ្ធិគំរាមកំហែងយើងទេ។ មានតែយើងទេ ដែលអាចសម្រេចជោគវាសនារបស់យើង»៕