ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​រិះគន់​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​បែប​ចក្រពត្តិ​របស់​លោក Trump


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។

រដ្ឋាភិបាល​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​យល់​ឃើញ​ថា យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump មាន​លក្ខណៈ «ចក្រពត្តិ» និង​បង្ហាញ​ពី​ការ​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ទទួល​យក​នូវ​ពិភពលោក​មួយ​ដែល​អំណាច​ឥទ្ធិពល​ចម្បងៗ​មិន​មែន​ប្រមូល​ផ្ដុំ​តែ​មួយ​កន្លែង​នោះ។

អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​ថា រដ្ឋាភិបាល​រុស្ស៊ី​មិន​ឯកភាព​ជាមួយ​នឹង​ទស្សនៈ​ដែល​ថា រុស្ស៊ី​ជា​ការ​គំរាមកំហែង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​នោះ។ ប៉ុន្តែ លោក Dmitry Peskov បាន​ស្វាគមន៍​ឆន្ទៈ​ដែល​បាន​បញ្ជាក់​ឡើង​របស់​រដ្ឋបាល​លោក Trump ក្នុង​ការ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ផល​ប្រយោជន៍​រួម។

លោក Trump បាន​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​បាន​ព្រមាន​ថា ភាព​អស្ចារ្យ​របស់​សហរដ្ឋ​អាមេរិក​កំពុង​ត្រូវ​បាន​ប្រឈម​ដោយ​មហា​អំណាច​ដែល​ជា​គូ​ប្រជែង​នានា និង​បាន​សន្យា​ថា សហរដ្ឋ​អាមេរិក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដែល​ខ្លួន​មាន​ដើម្បី​បង្ក​ឲ្យ​មាន​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​ភ្ញាក់​រលឹក​របស់​សហរដ្ឋ​អាមេរិក។

ឯកសារ​យុទ្ធសាស្ត្រ​នេះ​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក «នឹង​ឈរ​លើ​គោល​ជំហរ​នៃ​ភាព​ខ្លាំងក្លា​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​គូ​ប្រជែង​របស់​ខ្លួន​ក្នុង​ផ្នែក​ណា​មួយ ដោយ​មុន​ដំបូង​ធ្វើ​យ៉ាង​ណា​ធានា​ថា មហា​អំណាច​យោធា​របស់​សហរដ្ឋ​អាមេរិក​គឺ​គ្មាន​គូ​ប្រៀប និង​ធ្វើ​សមាហរណកម្ម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​ខ្លួន និង​ឧបករណ៍​អំណាច​ផ្សេងៗ​ទៀត​របស់​សហរដ្ឋ​អាមេរិក»។

ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក Trump បាន​បញ្ជាក់​ថា ប្រទេស​រុស្ស៊ី និង​ចិន​គឺ​ជា​ការ​ព្រួយបារម្ភ​ចម្បង​បំផុត​របស់​លោក ដោយ​លោក​បាន​និយាយ​ថា ប្រទេស​ទាំង​ពីរ​នេះ មាន​គោល​បំណង​ប្រឈម​នឹង​គុណ​តម្លៃ ឥទ្ធិពល និង​ភាព​សម្បូរសប្បាយ​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG