យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងផ្ដល់នូវបណ្ដុំយុទ្ធសាស្ត្រច្បាស់លាស់ និងអាចអនុវត្តបានមួយ ដើម្បីប្រឆាំងនឹងការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតនានាដែលកំពុងតែបន្តកើតមាន។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិកមួយចំនួន។
លោក Trump នឹងបង្ហាញនូវឯកសារយុទ្ធសាស្ត្រនេះនៅថ្ងៃចន្ទនេះ ក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថាមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលគិតមកទល់ពេលនេះគឺមានរយៈពេល ១១ ខែ ហើយ តាំងពីរដ្ឋបាលរបស់លោកបានចាប់ផ្ដើមធ្វើការលើរឿងនេះ។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នានាបាននិយាយថា យុទ្ធសាស្ត្រនេះខុសពីយុទ្ធសាស្ត្រកាលពីពេលថ្មីៗនេះ និងកាលពីអតីតកាល ដោយវាផ្ដល់នូវការយល់ឃើញជាក់ច្បាស់មួយអំពីគ្រោះថ្នាក់ និងការប្រឈមនានា ដែលសហរដ្ឋអាមេរិកកំពុងជួបប្រទះ ដោយធ្វើការផ្ដោតលើផលប្រយោជន៍របស់ប្រទេសជាតិស្របតាមការអំពាវនាវរបស់លោក Trump ក្នុងការផ្ដល់អាទិភាពលើសហរដ្ឋអាមេរិកដំបូងគេបង្អស់។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «តុល្យភាពអំណាចនៅលើពិភពលោកបានប្រែប្រួលនៅក្នុងរបៀបមួយដែលមិនផ្ដល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក។ យុទ្ធសាស្ត្រថ្មីនេះបង្ហាញនូវគម្រោងអំពីថាតើសហរដ្ឋអាមេរិកអាចទាញយកមកវិញនូវចលនាវិវឌ្ឍទៅមុខ ដើម្បីបង្វែរទំនោរទាំងនេះភាគច្រើនឲ្យត្រឡប់មកវិញបានតាមរបៀបណានោះ»។
មន្ត្រីរដ្ឋាភិបាលនានាបាននិយាយថា ទោះបីជាពួកគេមានការព្រួយបារម្ភក៏ដោយ ក៏យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីនេះគឺមិនមានគោលបំណងដើម្បីលុបចោលនូវយុទ្ធសាស្ត្រនានាដែលបានបង្ហាញឡើងដោយអតីតប្រធានាធិបតី Barack Obama ឬក៏សូម្បីតែអតីតប្រធានាធិបតី George W. Bush នោះទេ៕