រុស្ស៊ីបានប្រើដ្រូនចំនួន ៤៦ គ្រឿង ដើម្បីវាយប្រហារលើអ៊ុយក្រែនជាច្រើនមុខព្រួញកាលពីយប់ថ្ងៃអង្គា។ នេះបើតាមការឱ្យដឹងពីយោធាអ៊ុយក្រែននៅថ្ងៃពុធនេះ។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថា ខ្លួនបានបាញ់បំផ្លាញដ្រូនរុស្ស៊ីចំនួន ៣២ គ្រឿង ហើយដ្រូនដែលនៅសល់ពីនេះបានវាយប្រហារលើតំបន់សមរភូមិជួរមុខដែលភាគច្រើនក្នុងតំបន់ Kherson។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko ក៏បានរាយការណ៍ផងដែរថា គ្រាប់ផ្លោងរបស់រុស្ស៊ីបានបាញ់ចំស្ថានីយរថភ្លើងក្នុងតំបន់ Kherson កាលពីយប់ថ្ងៃអង្គារ ក្នុងពេលដែលមនុស្សកំពុងរង់ចាំរថភ្លើងដើម្បីជម្លៀសពួកគេ។
លោក Klymenko និយាយថា មន្ត្រីប៉ូលិសម្នាក់បានស្លាប់ ហើយមនុស្ស ៤ នាក់ រងរបួសក្នុងការបាញ់ផ្លោងរបស់រុស្ស៊ី។
ការវាយប្រហារថ្មីៗចុងក្រោយបង្អស់នេះកើតមានឡើង ក្រោយពីអ៊ុយក្រែនបានបាញ់ចំនាវារុស្ស៊ីមួយគ្រឿងនៅក្នុងតំបន់ Crimea ។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថា ខ្លួនបានប្រើមីស៊ីល cruise ក្នុងការ វាយប្រហារនោះដែលបានបំផ្លាញនាវារុស្ស៊ីមួយគ្រឿងឈ្មោះ Novocherkassk។
អ្នកនាំពាក្យទីបញ្ជាការដ្ឋានកងទ័ពអាកាសអ៊ុយក្រែនលោក Yurii Ihnat បានប្រាប់វីអូអេថា យោធាអ៊ុយក្រែនបានប្រាប់ពីទីតាំងចតរបស់នាវានិងទំនិញដែលផ្ទុកលើនោះ ក៏ដូចជាការការពារដែនអាកាសរបស់រុស្ស៊ីក្នុងតំបន់នោះផងដែរ។
លោក Ihnat បានហៅប្រតិបត្តិការវាយប្រហារទៅលើនាវារបស់រុស្ស៊ីនោះថា មានការលំបាកខ្លាំង ព្រោះវាមិនមែនជាការវាយស្រួលក្នុងការបាញ់ពន្លិចនាវាដ៏ធំរបស់រុស្ស៊ីដូចនេះឡើយ។
លោក Ihnat និយាយថា យោធាអ៊ុយក្រែនកំពុងមានភាពកាន់តែប្រសើខ្លាំងឡើងៗ ក្នុងការវាយប្រហារដ៏មានប្រសិទ្ធិភាព និងបានបន្ថែមថា រុស្ស៊ីកំពុងរងការបរាជ័យបន្តិចម្តងៗក្នុងកងនាវានិងឥទ្ធិពលរបស់ខ្លួនក្នុងសមុទ្រខ្មៅ។
អ្នកនាំពាក្យកងទ័ពដែនអាកាសអ៊ុយក្រែនរូបនេះនិយាយថា លោកមិនអាចបញ្ជាក់បានទេថា តើនាវាដែលត្រូវបាញ់បំផ្លាញនោះ កំពុងដឹកជញ្ជូនដ្រូនដែលផលិតក្នុងប្រទេសអ៊ីរ៉ង់ឬយ៉ាងណានោះ ប៉ុន្តែលោកថា រឿងនេះក៏មិនអាចបដិសេធបានដែរ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។