ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព្រះបរមរាជវាំង​ថា ​ព្រះ​មហាក្សត្រ​មិនបាន​រងការ​គំរាម​​ឱ្យ​ចេញ​ព្រះ​រាជសារ​ទេ


រូបឯកសារ៖ ព្រះ​មហាក្សត្រ​ខ្មែរ​ ​ព្រះ​បាទ​ ​នរោត្តម សីហមុនី អានលិខិតមួយច្បាប់ ខណៈពេលដែលព្រះអង្គយាង​បើក​សម័យ​ប្រជុំ​លើកទី១​របស់​ព្រឹទ្ធ​សភា​ ​នីតិកាល​ទី៤ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។ (រូបថត Reuters)
រូបឯកសារ៖ ព្រះ​មហាក្សត្រ​ខ្មែរ​ ​ព្រះ​បាទ​ ​នរោត្តម សីហមុនី អានលិខិតមួយច្បាប់ ខណៈពេលដែលព្រះអង្គយាង​បើក​សម័យ​ប្រជុំ​លើកទី១​របស់​ព្រឹទ្ធ​សភា​ ​នីតិកាល​ទី៤ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។ (រូបថត Reuters)

ការ​ចេញ​សេចក្តី​ប្រកាស​របស់​ក្រសួង​ព្រះ​បរមរាជ​វាំង​នៅ​ថ្ងៃ​សុក្រ​នេះ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រធាន​ចលនា​សង្គ្រោះជាតិ​ គឺ​​លោក​ ​សម រង្ស៊ី​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ ​កុំ​ជឿជាក់​លើ​ព្រះរាជសារ​ព្រះ​មហាក្សត្រ​ដែល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត។​

ក្រសួង​ព្រះ​បរមរាជវាំង​ដែល​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ទាត់​ចោល​ ​ការ​ចោទ​ប្រកាន់​ថា​មាន​ការក្លែងបន្លំ​ឬ​បង្ខំ​ឱ្យ​ព្រះ​មហា​ក្សត្រ​ចេញ​ព្រះរាជសារអំពាវនាវ​ពល​រដ្ឋខ្មែរ​ ​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ខែ​កក្កដា​ខាង​មុខ។​

យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​ដែល​ចេញ​នៅ​ថ្ងៃ​សុក្រ​ ​និង​ផ្សព្វផ្សាយ​បន្ត​ដោយ​សារព័ត៌​មាន​ដែល​ស្និទ្ធនឹង​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា​ ​ក្រសួង​ព្រះ​បរមរាជ​វាំងបានទទួល​ដំណឹង​ពី​ការ​ចោទ​នា​នា​ថាមាន​ការ​ក្លែង​សារ​លិខិត​របស់​ ​ព្រះ​មហាក្សត្រ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី១៨​ ខែ​ឧសភា​ ​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ទៅ​ចូល​រួមបោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ​ឱ្យ​បាន​គ្រប់ៗ​គ្នា។​

លិខិត​នេះ​មាន​ប្រថាប់​ត្រា​តែ​មិនមាន​ឈ្មោះ​រដ្ឋមន្ត្រី​ឬ​មន្ត្រី​ទួល​បន្ទុក​ ក្រសួង​ព្រះ​បរមរាជវាំង​ ​បាន​សរសេរ​ថា៖​

​«ក្រសួង​ព្រះបរម​រាជវាំង​ ​សូម​ប្រកាស​ព័ត៌មាន​ ​ជូន​សាធារណ​ជន​ជ្រាប​ថា​ ​ព្រះ​រាជសារ​របស់​ព្រះ​ករុណា​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ​ជា​ទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត​ខាង​លើ​នេះ​មិន​មាន​ការក្លែងក្លាយ​និង​មិនមាន​ការ​គំរាមកំហែង​ឡើយ​ ​គឺ​ជា​ព្រះរាជសារ​ពិតប្រាកដ។​ ​ក្រសួង​ព្រះបរម​ រាជវាំង​ ​សូម​បដិសេធ​ដាច់​អហង្ការ​ និង​ច្រានចោល​ ​ទំាង​ស្រុង​នូវរាល់​ការចោទ​ប្រកាន់​បំផ្លើស​ ប្រាស​ចាក​ការពិត»។​

ការ​ចេញ​សេចក្តី​ប្រកាស​របស់​ក្រសួង​ព្រះ​បរមរាជ​វាំង​នៅ​ថ្ងៃ​សុក្រ​នេះ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រធាន​ចលនា​សង្គ្រោះជាតិ​ គឺលោក​ ​សម រង្ស៊ី​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ ​កុំ​ជឿជាក់​លើ​ព្រះរាជសារ​ព្រះ​មហាក្សត្រ​ដែល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត។​ ​លោក​ ​សម រង្ស៊ី​ ​អះអាង​ថា​ព្រះ​រាជសារ​នោះ​គឺ​មាន​ការ​ក្លែងបន្លំ​ ​យ៉ាង​ហោច​ណាស់​ក៏​បាន​ដាក់​កាល​បរិច្ឆេទ​ត្រឡប់​ក្រោយ​ទៅ​ថ្ងៃទី​១៨​ខែ​ឧសភា​ ​ដើម្បី​ឱ្យ​បាន​ចេញ​មុន​ សារ​ដែល​លោក​ថ្វាយ​ព្រះ​មហាក្សត្រ​នៅ​ថ្ងៃ​២៣​ខែ​ឧសភា។​ ​ប្រធាន​ក្រុម​ប្រឆំាង​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​បាន​អះអាង​ផង​ដែរ​ថា​សារ​លិខិត​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​អាច​ជា​ ​ការ​ផ្ចាញ់​ផ្ចាល់​នឹង​រូប​លោក​ដែល​កំពុង​អំពាវនាវ​កុំឱ្យ​ពល​រដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​នឹង​ការបោះ​ឆ្នោត។​

លោក ​សម រង្ស៊ី​ ​បាន​សរសេរ​ថា៖​

​«តាម​ការ​ពិត​ ​លោក​ ​ហ៊ុន សែន​ ​យក​ឈ្មោះ​ព្រះមហាក្សត្រ​ ​ទៅ​ប្រើ​ដើម្បី​ផ្ចាញ់​ផ្ចាល​ជាមួយ​ខ្ញុំ​ ​និង​បោក​បញ្ឆោត​ប្រជារាស្ត្រ​ម្តង​ទៀត​ ​ដោយ​សារ​តែ​គាត់​ដឹង​ថា​ ​ប្រជារាស្ត្រ​ចំនួន​ច្រើន​លើស​លប់​ ​ត្រៀម​ខ្លួន​មិន​ទៅ​បោះឆ្នោត​ ​តាមសេចក្តី​អំពាវនាវ​របស់​ចលនា​សង្គ្រោះជាតិ​ ​ពី​ព្រោះ​ប្រជារាស្ត្រ​យល់​ច្បាស់​អំពី​សារៈសំខាន់​ ​និង​សារៈប្រយោជន៍​ ​នៃ​ការ​ធ្វើ​ពហិការ​ ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ក្លែង​ក្លាយ​ ​និង​លេង​សើច​ ​នៅ​ថ្ងៃ​ ​២៩​ ​កក្កដា​ ​ខាងមុខនេះ»។​

ក្នុង​សារ​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ ​សម រង្ស៊ី​ ​ក៏​បាន​អះអាង​ផង​ដែរ​ថា​ធ្លាប់​មាន​ ​ការគំរាម​ឱ្យ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា​ ​ម្តង​កាល​ពី​ឆ្នាំ​២០០៥។​

ភ្ជាប់​ជា​មួយ​សារ​ជា​សំឡេង​ ​ដែល​លោក​ ថា​ជា​សំឡេង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​លោក​សម រង្ស៊ី​ ​បាន​បញ្ជាក់​ថា៖​

«ទោះ​ជាយ៉ាង​ណាក៏​ដោយ​ ​ខ្ញុំនៅតែជឿជាក់​ថា​ ​លិខិត​ណាមួយ​ពី​ព្រះ​មហាក្សត្រ​ ​ពេល​នេះ​ ​គឺ​ធ្វើ​ឡើង​ក្រោម​ការ​គំរាមកំហែង​ ​ហើយ​លិខិត​បែប​នេះ​អត់​មាន​តម្លៃ​អ្វី​ទេតាម​ផ្លូវ​ច្បាប់។​ ​ដូចកាល​ពី​ឆ្នាំ​ ​២០០៥​ លោក​ ​ហ៊ុន សែន​ ​ពេល​នេះ​ ​ច្បាស់​ជា​គំរាមព្រះ​មហាក្សត្រ​ទៀត​ហើយ​ ​ថា​គាត់​នឹង​រំលាយ​របប​រាជា​និយម​ ​បើ​ព្រះ​មហាក្សត្រ​មិន​ធ្វើ​តាម​បញ្ជា​របស់​គាត់»។​

VOA​ ​មិនអាច​ទំនាក់​ទំនង​ ​មន្ត្រី​ ​ក្រសួង​ព្រះ​បរមរាជវាំង​ ​ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

យ៉ាងណា​ក៏​ដោយ​ ​លោក​ ​អ៊ុំ តារាវុធ​ ​នាយក​ខុទ្ទកា​ល័យ​ព្រះ​មហាក្សត្រ​បាន​បញ្ជាក់​ប្រាប់​ ​VOA​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ព្រះរាជសារ​របស់​ព្រះ​មហាក្សត្រ​គឺ​ជា​ការពិត​ ដោយ​មាន​ការឡាយ​ព្រះ​ហស្ត​ពី​ព្រះ​មហា​ក្សត្រ នរោត្តម សីហមុនី​ ​នៅ​ថ្ងៃទី១៨​ខែ​ ​ឧសភា​ ​កន្លង​ទៅ​ ​ហើយ​ក្រសួង​នា​នា​ និង​គ.ជ.ប​ ​មាន​តួនាទី​ក្នុង​ការ​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ។​ មន្ត្រី​ ខុទ្ទកា​ល័យ​ព្រះ​មហាក្សត្រ​ខ្មែរ​រូប​នេះ​ ​ក៏​បាន​ច្រានចោល​ការ​ចោទ​របស់​ ​លោក​ ​សម រង្ស៊ី​ ​ដែលថា​ព្រះមហាក្សត្រ​ស្ថិត​ក្រោម​ការ​គំរាម​ឬ​បង្ខំ​ឱ្យ​ឡាយ​ព្រះ​ហស្ថ​លេខា​នោះ។​

លោក​ ​អ៊ុំ តារាវុធ​ ​បានបញ្ជាក់​បន្ថែម​ថា៖​

«អ្វីដែល​ លោក​ ​សម រង្ស៊ី​ ​ដែល​លោក​ ​ពោល​ ​ឬ​ ធ្វើការអត្ថាធិប្បាយ​ ឬ​លោក​និយាយ​ ពី​ក្រៅ​ប្រទេស​ មក​ លោក​ជ្រាបស្រាប់​ហើយ​ថា​ ​ជាង​១ម៉ឺន​គីឡូ​ ​លោក​មិនបាន​ដឹង​ច្បាស់​ច្បាស់លាស់​រឿង​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ ​ថា​ព្រះ​មហាក្សត្រ​ លោក​ បាន​ឡាយ​មែន​ឬមិនមែន។​ ​ណា​លោក​ណា!​ ​លោក​ អត់មាន​ដឹង​អីទេ!​ ​ម្លោះ​ហើយ ​សូម​កុំសូវ​ជឿ​ កុំ​យក​ព័ត៌មានរ​បស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​មួយ​ ​យក​មក​ធ្វើ​ការ​បកស្រាយ​ ​ព្រោះ​អី​គាត់​មិន​មែន​ជា​អ្នក​ជំនិត​នៅ​ក្នុង​ព្រះបរម​ ​រាជវាំង​នោះ​ទេ​ណា លោក​ ​ណា! ខ្ញុំ​ថា​ជា​ផ្លូវ​ការ​គឺ​ត្រូវ​យក​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ព្រះ​បរមរាជវាំង​ជា​ផ្លូវការ​ ​ជា​ផ្លូវ​រដ្ឋ។​ ​យើង​អត់​មាន​ពីណា​ហ៊ាន​ក្លែង​បន្លំ​នូវ​ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ នោះ​ទេ​! អត់មានហ្អេ!​ បើតាម​ខ្ញុំ​ដឹង​គេមាន​ ​លេខ​ ​មាន​អីស្រួល​បួល​ណាស់»។​

ក្នុង​ពិធី​ជួប​ជុំ​ជាមួយ​កម្មករ-កម្មការិនី​ ​ក្នុង​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃពុធ​កន្លង​ទៅ​ ​លោក​ ​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ថ្លែង​ថា​ការ​អំពាវនាវ​ដោយ​ប្រើ​ពាក្យ​ថា​«ដេក​ផ្ទះ​ឈ្នះ​ឯង» ​ដែល​ជន​មួយ​ចំនួន​បាន​និង​កំពុង​តែ​ធ្វើ​គឺ​ជា​ការ​ប្រឆាំង​នឹងព្រះ​មហា​ក្សត្រ​ ​ដែល​ទើបបាន​ចេញ​ព្រះ​រាជសារ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត។​ ​លោក​បន្តថា​ការណ៍​នេះ​ក៏​ជា​បទ​ល្មើស​ពាន​វាំង​ផង​ដែរ។

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​បាន​ថ្លែង​ថា៖​

«តើ​គេ​ហ៊ាន​ចេញ​មុខ​ប្រឆាំង​ជា​មួយ​ព្រះ​រាជសារ​ព្រះ​មហា​ក្សត្រ​ ឬ​ទេ?​ ​បើគេ​ចេញ​មុខ​ប្រឆាំង​ សូម​កុំ​ភ្លេច​ថា ​នេះ​ជា​ទោស​ពានវាំង​តែ​ម្តង​ ព្រោះ​ទង្វើ​បែប​នេះ​ច្បាស់​ណាស់​ថា ​ថ្ងៃ​ណា​មួយ​គេ​នឹង​បំផ្លាញ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ​ និង​ប្រឆាំង​ព្រះ​មហា​ក្សត្រ​ ផ្តួល​រំលំ​រាជ​បល្ល័ង្គ​តែ​ម្តង»។​

យ៉ាងណា​ក៏​ដោយ​អ្នក​ជំនាញ​ច្បាប់​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ​នាពេល​កន្លង​មក​នេះ​ថា​ការ​ទៅ​ចូល​រួម​ឬ​មិន​ទៅ​ចូលរួម​ ​បោះឆ្នោត​គឺ​ជា​សិទ្ធ​ផ្ទាល់​ពលរដ្ឋ​គ្រប់រូប​ ​ហើយ​មិនមែន​ជា​ការ​ប្រឆាំង​និង​ព្រះ​មហា​ក្សត្រ​នោះ​ទេ។​

ប្រទេស​កម្ពុជា​ ​គ្រោង​នឹង​ធ្វើ​ការ​បោះឆ្នោត​ នៅថ្ងៃទី​២៩​ ​ខែ​កក្កដា​ ​ខាង​មុខ​ ​ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​មេ​បក្ស​ជំទាស់​គឺ​ ​លោក​ ​កឹម សុខា​ ​ការ​រំលាយ​បក្ស​ជំទាស់​សង្គ្រោះជាតិ​ និង​ដាក់​មន្ត្រី​សំខាន់ៗ​របស់​បក្ស​នេះ​ ​១១៨នាក់​ឱ្យ​នៅ​ក្រៅ​ឆាក​នយោបាយ​ចំនួន​៥ឆ្នាំ។​ ​មន្ត្រី​សំខាន់ៗ​របស់​បក្ស​សង្គ្រោះ​ជាតិ​និង​លោក​ ​សម រង្ស៊ី​ ​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯ​ក្រៅ​ប្រទេស​ ​បាន​ធ្វើ​យុទ្ធនាការ​ក្រៅ​ប្រទេស​មួយ​ដើម្បី​ឱ្យ​មាន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​លោក​ ​ហ៊ុន សែន​ ​និង​ពហិការ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។​

ចំណែក​ឯ​ក្នុង​ប្រទេស​កម្ពុជា​វិញ ​រដ្ឋាភិបាល​ ​លោក​ ​ហ៊ុន សែន​ ​និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កំពុង​ធ្វើ​យុទ្ធ​នា​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ការ​បោះឆ្នោត​ឱ្យ​បាន​ច្រើន​ពី​សំណាក់​ប្រជា​ពល​រដ្ឋខ្មែរ។​ ​ការ​បោះ​ឆ្នោតនៅ​ថ្ងៃ​ទី២៩​ខែ​កក្កដា​ខាង​មុខ​ ​ត្រូវគេ​ដឹង​ថា​នឹង​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​ថវិការ​ជាតិ​ជា​ច្រើន​ ​និង​ក្រោមការ​គាំទ្រ​ពី​ប្រទេស​ចិន​កុម្មុយនិស្ត​ ​និង​ប្រទេស​រុស្ស៊ី​ ​ខណៈ​ដែល​ប្រទេស​ប្រជាធិ​បតេយ្យនិយម​ជា​ច្រើន​ប្រកាស​ដកខ្លួន​ពី​ការ​ឃ្លាំមើល​និង​គាំពារ​ការ​បោះឆ្នោត​ខាង​មុខ៕

XS
SM
MD
LG