ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយថា យុទ្ធនាការ «ដាក់សម្ពាធជាអតិបរមា» របស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបរាជ័យ ហើយទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់ បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ បានបង្ហាញថា សហរដ្ឋអាមេរិកទាល់ច្រក។
ដោយថ្លែងមុនពេលលោកធ្វើដំណើរទៅកាន់ទីក្រុង New York ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Rouhani ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីតបានបំប៉ោងការខូចខាតដែលបណ្ដាលមកពីការវាយប្រហារលើកន្លែងប្រេងរបស់អារ៉ាប៊ីសាអូឌីតកាលពីដើមខែនេះ។
លោក Rouhani បានចោទប្រកាន់រដ្ឋបាលរបស់លោក Trump ថាចង់គ្រប់គ្រងលើតំបន់មជ្ឈិមបូព៌ា។ លោក Rouhani បាននិយាយកាលពីលើកមុនថា គម្រោងរបស់លោកសម្រាប់កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនេះរួមមានការបង្ហាញអំពីផែនការសហប្រតិបត្តិការសន្តិភាពថ្នាក់តំបន់ផងដែរ។
មន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថាជាអ្នកធ្វើការវាយប្រហារនេះ។ ការវាយប្រហារនេះបានប៉ះពាល់ដល់ផលិតកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីតអស់ពាក់កណ្ដាល។
មន្ត្រីអ៊ីរ៉ង់ រួមទាំងលោក Rouhani ផ្ទាល់ផងដែរ បានច្រានចោលការចោទប្រកាន់នេះ។
ទោះបីជាមេដឹកនាំនានានឹងជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិនៅសប្ដាហ៍នេះក៏ដោយ ក៏ជំនួបរវាងលោក Trump និងលោក Rouhani ទំនងជានឹងមិនកើតឡើងនោះទេ។ កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Trump ថា លោកគ្មានបំណងជួបពិភាក្សាជាមួយនឹងលោក Rouhani ទេ ហើយលោក Rouhani បានបញ្ជាក់ថា លោកនឹងមិនជួបជាមួយនឹងលោក Trump នោះទេ ដរាបណាសហរដ្ឋអាមេរិកដកទណ្ឌកម្មចេញជាមុនសិន៕