ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី២ខែមិនាខាងមុខនេះគណកម្មការពានរង្វាន់ភាពយន្តអូស្ការ (Academy Awards ឬ the Oscars) នឹងត្រូវប្រកាសជ័យលាភីពានរង្វាន់សម្រាប់ខ្សែភាពយន្តជាភាសាបរទេសល្អបំផុតនៅក្នុងពិភពលោក។
នៅពេលនេះខ្សែភាពយន្តរឿង«កង្វះរូបភាព»ឬ The Missing Picture របស់ផលិតករកម្ពុជាគឺលោក ប៉ាន់ រិទ្ធី កំពុងចាក់បញ្ចាំងនៅបរទេសនិងបង្ហាញតាមបណ្តាញសង្គមហ្វេសប៊ុក។ លោកគឺជានាយកមជ្ឈមណ្ឌលបុប្ផាណាដែលជាមជ្ឈមណ្ឌលឯកសារនិងសោតទស្សន៍។
លោករិទ្ធីបាននិយាយក្នុងកម្មវិធីហេឡូវីអូអេ កាលពីរាត្រីថ្ងៃច័ន្ទ ទី២៤ខែកុម្ភៈថា ក្រុមយុវជនដែលជាបុគ្គលិកជួយផ្សព្វផ្សាយតាមហ្វេសប៊ុក ហើយការគាំទ្រច្រើនរបស់មហាជន«អាចនាំឲ្យគណៈកម្មការអូស្ការចាប់អារម្មណ៍ដែរ។»
ភាពយន្តកង្វះរូបភាពគឺជាភាពខ្មែរដំបូងគេដែលបានឈានដល់ការប្រកួតក្នុងទឹកចុងក្រោយសម្រាប់រង្វាន់អូស្ការ។ មានភាពយន្តបរទេសប្រមាណជា៦០បានចូលរួមប្រកួត។ ហើយជាចុងក្រោយនៅសល់តែភាពយន្តចំនួនប្រាំរឿងតែប៉ុណ្ណោះ។ គឺបួនរឿងទៀតមកពីដែនដីប៉ាឡេស្ទីន អ៊ីតាលី ដាណឺម៉ាក មកពីប្រទេសបែលហ្ស៊ីក។
លោកប៉ាន់ រិទ្ធី ឲ្យដឹងថា នៅក្នុងពេលនេះលោកកំពុងស្វែងយល់ពីភាពយន្តគូប្រកួតរបស់ខ្លួនផងដែរហើយលោកក៏បានជួបសម្ភាសន៍ជាមួយបណ្តាញព័ត៌មានជាច្រើនផងដែរដែលកត្តានេះអាចជាជំនួយដល់ជោគជ័យរបស់លោក។
លោកមានប្រសាសន៍ថា«ពិភពលោកកំពុងតែចោលខ្សែភ្នែកមកលើកម្ពុជា។ ហើយវាក៏ជាការបើកផ្លូវទៅរកទីផ្សារសម្រាប់អ្នកដឹកនាំខ្សែភាពយន្តខ្មែរជំនាន់ក្រោយដែរ។»
លោកប៉ាន់ រិទ្ធី និយាយថាការជួយគាំទ្រពីសាធារណជនក្នុងបណ្តាញសង្គមនឹងជួយរួមចំណែកក្នុងការប្រកួតរបស់លោក។ យើងលោកពោលថាលោកចង់ឲ្យគណៈកម្មការអូស្ការ«មើលកុនរបស់យើងចប់ចុងចប់ដើមមុននឹងគេបោះឆ្នោត។»