ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ ភូមា ​ហ្វីលីពីន​និង​វៀតណាម​ជា​ចំណុច​ក្តៅ​នៃ​សវនាការ​អនុគណៈកម្មការ​សភា​អំពី​សិទ្ធិ​មនុស្ស​អាស៊ី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្ពុជា​ ភូមា ​ហ្វីលីពីន​និង​វៀតណាម​ជា​ចំណុច​ក្តៅ​នៃ​សវនាការ​អនុគណៈកម្មការ​សភា​អំពី​សិទ្ធិ​មនុស្ស​អាស៊ី

វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ ភូមា ​​ហ្វីលីពីន​ និង​វៀតណាម​​ គឺជា​កង្វល់​ធំបំផុត​​ក្នុង​សវនាការ​របស់​អនុ​គណៈ​កម្មការ​អាស៊ីប៉ាស៊ីហ្វិក​ទប់ស្កាត់​ការ​សាយភាព​អាវុធ​នៃ​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​រដ្ឋ​សភា​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​នេះ។​

ការ​រំលាយ​គណបក្ស​ប្រឆាំង​ ​ការ​គាប​សង្កត់អង្គការ​សង្គមស៊ីវិល​ និង​ការ​គាប​សង្កត់សេរីភាព​ព័ត៌មាន​នៅ​កម្ពុជា ការ​គាប​សង្កត់និង​ការ​បិទ​សិទ្ធិ​មនុស្សនៅ​ប្រទេស​វៀតណាម​ ​ការ​សម្លាប់​ជន​សង្ស័យ​ក្រៅ​ប្រព័ន្ធ​តុលាការក្នុង​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​នៅ​ប្រទេស​ហ្វីលីពីន​ ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​នៅ​ប្រទេស​ភូមា​ឬ​មីយ៉ាន់ម៉ា​ គឺ​ជា​ប្រធាន​បទ​ដែល​មាន​ការ​សួរ​ដេញ​ដោល​ច្រើន​ក្នុង​សវនាការ​របស់​អនុ​គណៈ​កម្មការ​អាស៊ី​ប៉ាស៊ីហ្វិកទប់ស្កាត់​ការ​សាយភាព​អាវុធ​នៃ​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​រដ្ឋសភា​ស.រ.អា.​ ដែល​និយាយ​អំពី​សិទ្ធិ​មនុស្ស​នៅ​អាស៊ី​អាគ្នេយ៍។​

អង្គ​សវនាការ​សង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា​ដើរ​បញ្ច្រាស​ទិស​ចេញ​ពី​របប​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ទៅ​រក​របប​ផ្តាច់​ការ​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

អ្នកស្រី ​Olivia Enos ​អ្នកផ្តល់​សក្ខីកម្ម​និង​ជាអ្នក​វិភាគ​គោល​នយោបាយជាន់ខ្ពស់​មជ្ឈមណ្ឌល​សិក្សា​អំពី​អាស៊ី​នៃ​អង្គការ​ Heritage Foundation​ បាន​និយាយ​ថា៖​

«កម្ពុជា​កំពុង​ដើេរ​បញ្ច្រាសទិស។​ ប្រទេស​ហត្ថលេខី​កិច្ចព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ តម្រូវ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ទទួល​ខុសត្រូវ បើ​ប្រជា​ធិបតេយ្យ​បរាជ័យ​ដូច​ដែល​យើង​កំពុង​ឃើញ​មាន​នៅ​កម្ពុជា​សព្វ​ថ្ងៃ​នេះ»។​

អ្នកស្រី ​ស្នើ​កុំ​ឲ្យ​សភា​ស.រ.អា.​ជំរុញ​ការ​ដក​ប្រព័ន្ធអនុគ្រោះ​ពន្ធ ​GSP របស់​ស.រ.អា.​ពី​កម្ពុជា ​ព្រោះ​ប៉ះពាល់​ដល់​កម្មករ​កម្មការិនី​ ហើយ​មិន​អាច​ធ្វើ​ឲ្យ​របប​លោក​ហ៊ុន សែន​ ប្តូរ​គោល​នយោបាយ​នោះ​ទេ។ ​អ្នក​ស្រី​បាន​ស្នើ​ឲ្យ​គណៈ​កម្មការ​ស្នើ​ច្បាប់​ដាក់​ទណ្ឌ​កម្ម​ជា​បុគ្គល​ដល់លោក​ហ៊ុន សែន​ និង​មន្ត្រី​ដែល​ចូល​ដៃ​ក្នុង​ការ​សម្លាប់​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។​

ទោះ​ជាយ៉ាង​នេះ​ក្តី លោក​ Ted Yoho​ អនុប្រធាន​អនុ​គណៈ​កម្មការ​អាស៊ី​ប៉ាស៊ីហ្វិកទប់ស្កាត់​ការ​សាយភាព​អាវុធ​នៃ​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​រដ្ឋសភា​ បាន​បញ្ជាក់​ថា​ ​សេចក្តី​ស្នើ​ច្បាប់​ប្រជា​ធិបតេយ្យ Cambodia Democracy Act​ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃទី​១៥​ ខែ​កក្កដា​ថ្មីៗ​នេះ​ មាន​ការ​និយាយ​អំពី​ការ​ដាក់​ទណ្ឌកម្ម​បុគ្គល​នោះ​ហើយ។​

លោក​នៅ​តែ​ជំរុញ​ឲ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ ​GSP ​ពី​កម្ពុជា​និង​ប្រទេស​ណា​ក៏ដោយ​ដែល​មិន​គោរព​គោល​នយោបាយ​ការ​បរទេស​ស.រ.អា.​អំពី​សិទ្ធិ​មនុស្សនិង​ប្រជា​ធិបតេយ្យ។​

«បើ​គេ​មិនស្រប​នឹង​យើង​អំពី​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ ខ្ញុំមិន​ចង់​ធ្វើ​ពាណិជ្ជ​កម្ម​ជា​មួយ​ទេ។​ នេះ​ជា​នយោបាយ​ដែល​យើង​ជំរុញ​ហើយ​យើង​ក៏​នឹង​ជំរុញ​ប្រទេស​ដទៃ​ទៀត​ដែរ។ បើគេ​មិន​មាន​ជំនឿ​លើ​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ ចូរ​យើង​ឈប់​ធ្វើ​ជំនួញ​ជាមួយ​អ្នក​មិន​ស្រប​នឹង​យើង»។​

អ្នកស្រី​ Olivia Enos ​បាន​និយាយ​ថា ​រដ្ឋាភិបាលកម្ពុជា​មិន​អាច​អះអាង​ថា ​ខ្លួន​អនុញ្ញាត​ឲ្យមាន​លទ្ធិ​ប្រជា​ធិបតេយ្យ​នោះ​ទេ​ក្នុង​ស្ថានភាព​ដូច​បច្ចុប្បន្ន​នេះ។

«ខ្ញុំ​មិន​និយាយ​ថា កម្ពុជា​ជា​ប្រទេស​ប្រជា​ធិបតេយ្យ​ទេ ​ព្រោះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ជា​ការ​បោះឆ្នោត​ដ៏​អាម៉ាស»។​

លោក​ Francisco Bencosme​ អ្នក​ផ្តល់​សក្ខីកម្ម​មកពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​Amnesty International​ បាន​លើក​ពីផល​វិបាក​នៃនយោបាយ​រំលាយ​គណបក្ស​ប្រឆាំង​ ​ការ​រឹត​បន្តឹង​សេរីភាព​សារ​ព័ត៌មាន​សេរី​និង​អង្គការ​សង្គម​ស៊ីវិល។

«អ្នក​ដឹង​ទេ ​ការ​វាយ​ប្រហារ​តាម​អំពើចិត្ត​ដោយ​ប្រើ​ហេតុផល​នយោបាយ​នេះ​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​មាន​អភិបាល​កិច្ច​ល្អ ហើយ​សង្គម​មិន​អាច​មាន​សេរីភាព​នោះ​ទេ»។​

បញ្ហា​សម្លាប់​ជន​សង្ស័យ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​នៅ​ប្រទេស​ហ្វីលីពីន​គឺ​ជា​ប្រធាន​បទ​ទាក់ទាញ​សំណួរ​ច្រើន​បំផុត​ដោយ​មាន​ជនជាតិ​អាមេរិក​ដើម​កំណើត​ហ្វីលីពីន​ជាច្រើន​ចូល​រួម។​

អ្នកស្រី ​Bernadette Ellorin​ ជា​អ្នក​ចូល​រួម​តំណាង​អង្គការ​ Malaya​ ដែល​មាន​ន័យ​ថា​សេរីភាព។​ អ្នកស្រី​ឲ្យ​ដឹង​ថា ​សង្គ្រាម​របស់​លោក​ប្រធានាធិបតី​ Rodrigo Duterte​ ប្រឆាំង​គ្រឿង​ញៀន​ត្រូវ​បានប្រើជា​លេស​លើស​ពី​បញ្ហា​គ្រឿង​ញៀន​ក្នុងទីក្រុង​រហូត​ដល់​បញ្ហា​ដទៃ​ទៀត​នៅ​ជនបទ។​

«តែ​អ្វី​ដែល​កើត​ឡើង​ គោល​ដៅ​វាយ​ប្រហារ​ គឺ​អ្នក​ធ្វើ​ចលនា​ប្រជា​ធិបតេយ្យ​ស្រប​ច្បាប់​ ជន​ជាតិដើម​និង​កសិករ​នៅ​ជន​បទ។ ​ពួក​គេ​ក្លាយ​ជា​គោល​ដៅ​វាយ​ប្រហារ​ច្រើន​ឡើងៗ​នៅ​ជន​បទ ​ព្រោះ​ពួក​គេ​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ ​រិះគន់លោក​ Duterte ​អំពី​នយោបាយ​ដីធ្លី​ជា​ដើម»។​

អ្នក​ផ្តល់​សក្ខី​កម្ម​ម្នាក់​គឺ​អ្នកស្រី​ Helen Nguyen ​ភរិយា​របស់​លោក​ Michael Nguyen ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​វៀតណាមដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ប្រទេស​វៀតណាម ​សុំ​ឲ្យ​សភា​អាមេរិក​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ប្តី​របស់​លោក​ស្រី ​ដែល​គ្មាន​មេធាវី​ណា​ហ៊ាន​ការពារ​ក្តី។ ​ទោះ​ជា​ប្តី​របស់​អ្នកស្រី​ការពារ​ដោយ​មេធាវី​តែង​តាំង​ដោយ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ក្តី លោក​ស្រី​និយាយ​យ៉ាង​ប្រយ័ត្ន​ប្រយែង​ ដោយ​មិន​ហ៊ាន​សន្និដ្ឋាន​ថា ការកាត់​ទោស​ប្តី​របស់​លោក​ស្រី​ជាប់​ពន្ធនាគារ​១២ឆ្នាំ​នៅ​វៀតណាម​នោះ​អយុត្តិធម៌​នោះ​ទេ។​

ដោយ​ឃើញ​ដូច្នេះ ​ លោក​ Ted Yoho​ និយាយ​ថា លោក​សុំជួប​សួរ​អំពី​ករណី​លោក​ស្រី​ជា​សម្ងាត់​ក្រោយ​សវនាការ។​

សក្ខីកម្ម​បង្ហាញ​ថា ​ឥទ្ធិពល​គោល​នយោបាយ​ចិន​ដែល​មិន​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្សនិង​ការ​ពង្រីក​សេដ្ឋកិច្ចចិន​តាម​រយៈ​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជ​កម្មចិន​នៅ​តំបន់​អាស៊ី​គឺ​ជា​កង្វល់​របស់​សវនាការអនុ​គណៈ​កម្មការ​អាស៊ីប៉ាស៊ីហ្វិក​ទប់ស្កាត់​ការ​សាយភាព​អាវុធ​នៃ​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​រដ្ឋ​សភានេះ៕

XS
SM
MD
LG