លោក ស្ទីវ ឆាបុត្រ អ្នកតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋដែលមកពីរដ្ឋ Ohio បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការអនុម័តច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាគឺជាដំណើរការដ៏សំខាន់ឆ្ពោះទៅឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងបក្សពួករបស់លោកទទួលខុសត្រូវចំពោះការបន្តជិះជាន់លើសិទ្ធិពលរដ្ឋកម្ពុជា»។
លោក ថេត យូហូ អ្នកតំណាងរាស្រ្តម្នាក់ទៀតនៃគណបក្សសាធារណរដ្ឋដែលមកពីរដ្ឋ Florida បានស្នើសេចក្តីស្នើច្បាប់នេះឡើងកាលពីខែមករា ក្រោយពីអាជ្ញាធរកម្ពុជាបានបំបិទសំឡេងអ្នករិះគន់ដោយធ្វើយុទ្ធនាការបង្ក្រាបលើអង្គការសង្គមស៊ីវិល បណ្តាញសារព័ត៌មានឯករាជ្យ និងអ្នកនយោបាយបក្សប្រឆាំងនៅមុនការបោះឆ្នោតជាតិ កាលពីខែកក្កដាឆ្នាំ២០១៨។
សភាតំណាងរាស្ត្របានបោះឆ្នោតដោយសំឡេងឯកច្ឆ័ន្ទលើសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩ កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន។ ច្បាប់នេះនឹងបង្កកទ្រព្យសម្បត្តិនិងរឹតបន្តឹងទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក្រុមឧត្តមសេនីយ៍យោធា និងមន្ត្រីសន្តិសុខរបស់លោក ហ៊ុន សែន ផងដែរ ចំពោះការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្ស។ ពេលចូលជាធរមាន ច្បាប់នេះមានសុពលភាពរយៈពេលប្រាំឆ្នាំ។
រដ្ឋាភិបាលកម្ពុជាបានសម្ដែងការសោកស្តាយចំពោះការអនុម័តសេចក្តីស្នើច្បាប់នេះ ដោយចាត់ទុកថានឹងមិនមានប្រសិទ្ធភាពទេ។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
លោកបានបន្ថែមថា៖
«បំណងនៃអន្តរាគមន៍របស់អ្នកនយោបាយសហរដ្ឋអាមេរិកគឺបរាជ័យរហូតតាំងពីជំនាន់ខ្ញុំនៅក្មេងរហូតដល់ខ្ញុំចាស់ជិតស្លាប់ទៅហើយ ... ហើយការសម្រេចនៃច្បាប់នេះគ្រាន់តែជាទិសដៅមួយដែលមានមហិច្ឆតាតតាំងឈ្លោះជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាដែលកើតចេញពីការបោះឆ្នោតដ៏ទូលំទូលាយនិងភ្លូកទឹកភ្លូកដីនេះឯង ហើយច្បាប់នេះគឺជាទិសដៅនៃការបំផ្លាញប្រជាធិបតេយ្យដែលកម្ពុជាកំពុងតែពង្រឹងអភិវឌ្ឍបន្តទៀត»។
រីឯព្រឹទ្ធសភាកម្ពុជាបានហៅសេចក្ដីស្នើច្បាប់នេះថាជាការ «ចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា»។
ប៉ុន្តែលោក អាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចំារដ្ឋកាលីហ្វញ៉ានៃគណបក្សប្រជាធិបតេយ្យយល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកដើរហួសបន្ទាត់ក្រហមហើយសហរដ្ឋអាមេរិកបានទន់ភ្លន់យូរហើយ។
លោកបានបន្ថែមថា៖
«យើងបាននិយាយពីបញ្ហានេះ ថាយើងមិនសប្បាយចិត្តនឹងគាត់ដែលបំបាត់លទ្ធិប្រជាធិបតេយ្យ។ ការចាប់លោក កឹម សុខា ដាក់ឃុំនៅក្នុងលំនៅដ្ឋាន បណ្ដាលឱ្យលោក សម រង្ស៊ី នៅនិរទេសខ្លួន គឺយើងបាននិយាយហើយ ដូច្នេះពេលនេះគឺជាពេលវេលាដែលត្រូវប្រើវិធានការក្តៅ ដែលតាមរយៈការដាក់ទណ្ឌកម្មលើបុគ្គលនានាដែលយើងគួរតែធ្វើ មិនផ្ដល់ឋានៈអនុគ្រោះពន្ធពាណិជ្ជកម្ម។ ឥឡូវនេះគឺជាពេលវេលាសម្រាប់យើងចាត់វិធានការហើយ»។
លោក ថេត យូហូ វិញចាត់ទុកថា៖
«នេះគឺជាជំហានមួយបង្ហាញថា សហរដ្ឋអាមេរិកជឿថាពលរដ្ឋកម្ពុជាគួរតែមានប្រជាធិបតេយ្យ។ វាគឺជាជំហានមួយឆ្ពោះទៅទិសដៅត្រឹមត្រូវដើម្បីដាក់ទណ្ឌកម្មលើមនុស្សដែលបដិសេធមិនឱ្យពួកគេមានប្រជាធិបតេយ្យ ដែលរាប់ពីលោក ហ៊ុន សែន ចុះក្រោមរហូតដល់ក្រុមឧត្ដមសេនីយ៍របស់គាត់ដែលជាអ្នករារាំងសិទ្ធិសេរីភាពក្នុងការនិយាយស្ដី នៅក្នុងប្រទេសនោះ និងការបោះឆ្នោតដោយត្រឹមត្រូវនិងបើកចំហ»។
ឥឡូវនេះសេចក្តីស្នើច្បាប់ H.R 526 នេះ បានស្ថិតនៅក្នុងដៃរបស់គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាហើយ ដែលនេះគឺជាលើកទីមួយដែលសេចក្ដីស្នើច្បាប់របស់សភាតំណាងរាស្ត្រពាក់ព័ន្ធនឹងប្រទេសកម្ពុជាត្រូវបានព្រឹទ្ធសភាទទួលយកមកពិនិត្យ។ ក្រុមអ្នកតាក់តែងច្បាប់សង្ឃឹមថាព្រឹទ្ធសភានឹងអនុម័តសេចក្ដីស្នើច្បាប់នេះហើយបញ្ជូនទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីប្រកាសឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ។
លោក អេលៀត អ៊ីងហ្គល ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តនិងជាអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ New Yorkបានបញ្ជាក់បន្ថែមថា៖
«សេចក្តីព្រាងច្បាប់នេះបញ្ជូនសារ យ៉ាងច្បាស់ថាសហរដ្ឋអាមេរិកឈរប្រកៀកស្មារគ្នាជាមួយនឹងពលរដ្ឋនៃប្រទេសកម្ពុជានិងថាសភាសហរដ្ឋអាមេរិកនឹងឱ្យមេដឹកនាំកម្ពុជាទទួលខុសត្រូវចំពោះការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្ស»។
ក្រោយពីតុលាការកំពូលរបស់កម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨ ដោយគ្រប់គ្រងប្រទេសតែម្នាក់ឯងនៅគ្រប់ស្ថាប័នជាតិ ដែលជាប្រព័ន្ធឯកបក្ស ដោយសារតែតុលាការកំពូលបានហាមឃាត់មន្ត្រីសំខាន់ៗរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ និងដកហូតយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ និងខេត្តក្រុងទាំងអស់។ លោក កឹម សុខា ប្រធានគណបក្សក៏កំពុងជាប់ឃុំឃាំងនៅក្នុងលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ។
លោកសម រង្ស៊ី ដែលជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា៖
«ច្បាប់នេះគឺដើម្បីជំរុញឱ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញនៅកម្ពុជា»។
លោក សម រង្ស៊ី ដែលកំពុងតែរស់នៅ និរទេសខ្លួនក្នុងប្រទេសបារាំងបានប្រាប់វីអូអេថាលោករំពឹងថា ច្បាប់នេះនឹងបង្កឱ្យមានបញ្ហានៅក្នុងចំណោមអ្នកគាំទ្ររបស់លោក ហ៊ុន សែន ផងដែរ។
«ច្បាប់ថ្មីនេះគឺនឹងបង្កើនសម្ពាធលើលោក ហ៊ុន សែន ផ្ទាល់ ហើយសម្ពាធនេះ មិនមែនមកតែពីអាមេរិកទេ ចាប់ពីច្បាប់នេះចូលជាធរមាន សម្ពាធនេះគឺមានមកពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាពីព្រោះមានថ្នាក់ដឹកនាំក្នុងគណបក្សប្រជាជនកម្ពុជា គេមិនសប្បាយចិត្តនឹងលោក ហ៊ុន សែន។ ក្នុងចិត្តគេ គេស្តីបន្ទោសហ៊ុន សែន ថានៅសុខៗទៅបង្ករឿងឱ្យសហរដ្ឋអាមេរិកចាត់វិធានការប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ»។
រដ្ឋាភិបាលកម្ពុជាកំពុងតែប្រឈមនឹងជម្រើសរវាងការស្តារលទ្ធិប្រជាធិបតេយ្យនិងទទួលទណ្ឌកម្មសេដ្ឋកិច្ចដោយសារតែសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានអំពាវនាវជាបន្តបន្ទាប់ឱ្យមេដឹកនាំកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យប៉ុន្តែហាក់ដូចជាទទួលបានការយកចិត្តទុកដាក់តិចតួចពីថ្នាក់ដឹកនាំកម្ពុជា។ បើទោះបីជានៅពីក្រោយឆាកមន្ត្រីរដ្ឋាភិបាលខិតខំធ្វើការដើម្បីបញ្ចៀសទណ្ឌកម្មប៉ុន្តែជាសាធារណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោកនៅតែអះអាងពីការការពារអធិបតេយ្យភាពជាតិដោយមិនទទួលបញ្ជាពីប្រទេសណាមួយឡើយ។ សហភាពអឺរ៉ុបកំពុងតែពិនិត្យមើលឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មនៃកម្មវិធី«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ដែលបើកឱកាសឱ្យប្រទេសក្រីក្រលក់ទំនិញគ្រប់មុខលើកលែងតែសព្វាវុធដោយមិនបង់ពន្ធចូលក្នុងប្លុកនេះ។
សហគមន៍អឺរ៉ុបដែលមានប្រទេស២៨ជាសមាជិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាហើយទទួលទិញទំនិញចំនួន៤៥ភាគរយនៃទំនិញនាំចេញរបស់កម្ពុជាដែលមានតម្លៃ៥,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ ការនៅរក្សាឋានៈបានឬមិនបានគឺនឹងត្រូវប្រកាសឱ្យដឹងនៅក្នុងខែសីហាខាងមុខនេះហើយ។
សភាតំណាងរាស្ត្រក៏បានអនុម័តសេចក្តីស្នើច្បាប់នេះម្តងដែរកាលពីខែកក្កដាឆ្នាំ២០១៨ដែលពេលនោះមានលេខH.R. 5754 ។ ការអនុម័តនោះធ្វើឡើងតែរយៈពេលប៉ុន្មានថ្ងៃមុនពេលប្រទេសកម្ពុជារៀបចំការបោះឆ្នោតជាតិប៉ុន្តែព្រឹទ្ធសភាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីយកមកពិនិត្យទេដោយសារតែសភាជាតិបានសម្រាកចុះមូលដ្ឋាននិងត្រូវធ្វើការឃោសនាបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រថ្មីនៅសហរដ្ឋអាមេរិកផងដែរ ដែលហៅថាការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី។
នៅលើកនេះ មេដឹកនាំសហគមន៍ខ្មែរអាមេរិកាំងបានប្ដេជ្ញាថានឹងបង្កើនការតស៊ូមតិនៅ ខាងផ្នែកព្រឹទ្ធសភាដើម្បីឱ្យអនុម័តសេចក្តីស្នើច្បាប់នេះឱ្យបានឆាប់។
លោក ប៉ុន សៅរី អគ្គលេខាធិការនៃគណបក្សសង្គ្រោះជាតិក្រៅប្រទេសបានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងមានបទពិសោធក្នុងការធ្វើការងារហើយសមាជិកនៃគណបក្សសង្គ្រោះជាតិក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំងទាំងអស់មានបទពិសោធក្នុងការទំនាក់ទំនងជាមួយនឹងសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក។ ដូច្នេះមិនយូរទេយើងសង្ឃឹមថាច្បាប់នេះនឹងត្រូវអនុម័តជាស្ថាពរ»។
សភាជាតិសហរដ្ឋអាមេរិកនឹងផ្អាកពិនិត្យអនុម័តច្បាប់នានារយៈពេលមួយខែចាប់ពីថ្ងៃទី៥ខែសីហា ដល់ថ្ងៃទី៦ខែកញ្ញា ដោយអ្នកតាក់តែងច្បាប់ទាំងនោះត្រូវចុះទៅធ្វើការនៅតាមមណ្ឌលបោះឆ្នោតរៀងៗខ្លួន ប៉ុន្តែខុសពីឆ្នាំមុនគឺឆ្នាំនេះមិនមែនជាឆ្នាំដែលត្រូវឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិកទៀតទេដូច្នេះពេលត្រឡប់មកវិញពួកគេអាចនឹងធ្វើការងារបន្តទៀត។ បើទោះបីជាព្រឹទ្ធសភាមិនអាចអនុម័តបាននៅត្រឹមដំណាច់ឆ្នាំនេះក៏ពួកគេនៅមានពេលវេលាយ៉ាងច្រើននៅឆ្នាំ២០២០ខាងមុខដែរដែលខុសពីឆ្នាំ២០១៨៕