នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អគ្គរាជទូតតំណាងកម្ពុជាបានលើកឡើងថានៅប្រទេសកម្ពុជាមាន«បាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួល» ដែលមន្រ្តីថាមិនមែនជាការអនុវត្តសិទ្ធិសេរីភាពនោះទេ។
លោក អាន សុខខឿន ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបង្ហាញរបាយការណ៍ស្តីពី«វឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស» ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៤៧កាលពីសប្តាហ៍មុន។ លោកបានការពារចំណាត់ការរបស់រដ្ឋាភិបាល ដែលកន្លងទៅត្រូវបានរិះគន់ថារឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ និងប្រមូលផ្តុំតវ៉ា។
លោកបញ្ជាក់នៅក្នុងរបាយការណ៍ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកនៃតំណាងអចិន្ត្រៃយ៍របស់កម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដាថា៖ «គណៈប្រតិភូកម្ពុជាបានគូសបញ្ជាក់ថាការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ»។
របាយការណ៍ក៏បានលើកឡើងពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានមិនពិតទាក់ទងនឹងជំងឺកូវីដ១៩ ហើយរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់អ្នកសារព័ត៌មាននៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត ចាប់តាំងពីខែកុម្ភៈ ដើម្បីធានាបានថាអ្នកសារព័ត៌មានអាចបំពេញការងារជួរមុខរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានដល់សាធារណជន។
រដ្ឋាភិបាលកម្ពុជាបានរងការរិះគន់ថារឹតត្បិតសេរីភាពសារព័ត៌មាន ក្នុងនោះក៏មានការចាប់ខ្លួនអ្នកសារព័ត៌មាន ដោយសារការបង្ហោះសាររបស់ពួកគេនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយអត្ថាធិប្បាយពាក់ព័ន្ធនឹងដំណោះស្រាយរបស់រដ្ឋាភិបាលលើបញ្ហាជំងឺកូវីដ១៩៕