អង្គការសិទ្ធិមនុស្សមួយចំនួន បានយកឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ស្នើសុំឲ្យមានការដោះលែងសកម្មជនបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ។
អង្គការការពារសិទ្ធិមនុស្សលីកាដូបានបង្ហោះសារមួយលើប្រព័ន្ធសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃពុធ ដោយបានលើកឡើងថា៖«នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជាសង្គមខ្មែរទាំងមូលកំពុងជួបជុំឪពុកម្តាយ បងប្អូន ញាតិមិត្តជិតឆ្ងាយយ៉ាងសប្បាយរីករាយ»។
អង្គការសិទ្ធិមនុស្សដដែលបានបន្ថែមថា៖ «ដោយឡែកក្រុមយុវជនបរិស្ថាន ដែលតែងឈរជួរមុខក្នុងការបង្ហាញជាសាធារណៈ អំពីបញ្ហាសំរាម ការបំពុលបរិស្ថានដោយការបង្ហូរទឹកកខ្វក់ចូលទន្លេ និងសមុទ្រ ការកាប់បំផ្លាញព្រៃឈើ បែរជាកំពុងជាប់ក្នុងពន្ធនាគារដោយមិនត្រឹមត្រូវ និងដែលត្រូវបានគេដឹងថាមានស្ថានភាពចង្អៀតណែន ទៅវិញ»។
អង្គការសិទ្ធិមនុស្សលីកាដូនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ បានធ្វើយុទ្ធនាការតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកអស់រយៈពេល៩សប្តាហ៍មកហើយក្នុងការស្នើសុំឲ្យមានការដោះលែងសកម្មជនបរិស្ថានចំនួន៦នាក់ និងសកម្មជនសង្គមជាយុវជនយ៉ាងតិចណាស់៧នាក់ទៀត។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អំ សំអាត បានប្រាប់វីអូអេនៅថ្ងៃពុធនេះថា សកម្មជនដែលត្រូវចាប់ដាក់ក្នុងពន្ធនាគារ មិនបានប្រព្រឹត្តបទល្មើសដែលប៉ះពាល់ដំណើរការអភិវឌ្ឍប្រទេសទេ។ ផ្ទុយទៅវិញ ពួកគេជាពលរដ្ឋសកម្មក្នុងការចូលរួមដំណើរការកសាងប្រទេស ទាក់ទងនឹងកិច្ចការពារបរិស្ថាន និងវិស័យផ្សេងទៀតក្នុងសង្គម។
«ហើយមួយទៀតគឺកាត់បន្ថយនូវការរិះគន់ ទាក់ទងនឹង បញ្ហានៃសិទ្ធិមនុស្សធ្លាក់ចុះនៅក្នុងប្រទេសឡើងវិញ ពីព្រោះ យើងឃើញថា មានបណ្តាអង្គទូត និងសហគមន៍អន្តរជាតិក៏សុំឲ្យមានការដោះលែងទៅលើសកម្មជនការពារបរិស្ថាន ការពារសិទ្ធិមនុស្ស និងសកម្មជនការងារសង្គមទាំងអស់ហ្នឹងផងដែរ»។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់លោក ឃុន ថារ៉ូ យល់ថា យុទ្ធនាការទាមទារឲ្យដោះលែងសកម្មជនទាំងនោះ គឺជាសេចក្តីត្រូវការចាំបាច់របស់អង្គការសង្គមស៊ីវិល និងក៏ជាផ្នែកមួយនៃការជំរុញឲ្យរដ្ឋាភិបាលបើកលម្ហសិទ្ធិមនុស្សឡើងវិញ។
«បើសិនជាមិនមានការដោះលែងនូវសកម្មជន សិទ្ធិមនុស្ស សិទ្ធិការងារ ការពារបរិស្ថានទាំងអស់ហ្នឹងទេ លម្ហនៃសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជារបស់យើងហ្នឹង មិនអាចប្រសើរឡើងទេ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការទាមទារណាមួយរបស់សង្គមស៊ីវិល គ្មានទម្ងន់ខាងច្បាប់សម្រាប់ជំរុញឲ្យស្ថាប័នតុលាការលើកលែងការចោទប្រកាន់ ឬដោះលែងជនដែលត្រូវឃុំខ្លួននោះទេ។
លោកបានប្រាប់វីអូអេថា៖«ជាគោលការណ៍ការលើកលែងទោស បន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យជាតិអីហ្នឹង ទាល់តែអ្នកដែលមានទោសហើយ តុលាការសម្រេចផ្តន្ទាទោសហើយ ហើយត្រូវបំពេញលក្ខខណ្ឌមួយចំនួនទៀត តាមច្បាប់កំណត់។ ប៉ុន្តែសម្រាប់សកម្មជនដែលនៅក្នុងដំណើរការនីតិវិធី គឺមានតែការចូលរួមក្នុងនីតិវិធី ហើយធ្វើការការពារតាមផ្លូវច្បាប់ និងការដោះបន្ទុក មិនមែនទៅស្នើសុំឲ្យមានការលើកលែងទោស ឬបន្ធូរបន្ថយទោសអីកើតទេ»។
កាលពីខែឧសភា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសសកម្មជនបរិស្ថានមាតាធម្មជាតិគឺកញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា ឲ្យជាប់ពន្ធនាគារចន្លោះពី១៨ខែដល់២០ខែ ពីបទញុះញង់។ បន្ទាប់មកទៀត សកម្មជនទាំងបី បានប្រឈមនឹងបទចោទថ្មីមួយទៀតគឺបទ«រួមគំនិតក្បត់» ដែលអាចនឹងត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អង្គការលីកាដូចេញផ្សាយជាសាធារណៈកាលពីខែកក្កដា ឆ្នាំ២០២១នេះ។
ក្រៅពីសកម្មជនបីនាក់នោះ មានសកម្មជនបរិស្ថានបីនាក់ទៀតរបស់ចលនាមាតាធម្មជាតិ គឺកញ្ញាស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលី ចាន់ដារ៉ាវុធ ក៏កំពុងជាប់ឃុំក្នុងសំណុំរឿង ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ«រួមគំនិតក្បត់»និង«ប្រមាថអង្គព្រះមហាក្សត្រ»។
អ្នកទាំងបីបានបាត់បង់សេរីភាពចំនួន១២២ថ្ងៃ គិតត្រឹមថ្ងៃទី៥ខែតុលា។ ចំណែកសកម្មជនកញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋាបានបាត់បង់សេរីភាពចំនួន៣៩៧ថ្ងៃ គិតត្រឹមថ្ងៃទី៥ខែតុលាដដែលនោះ។ នេះបើតាមការកត់ត្រាទុករបស់អង្គការសង្គមស៊ីវិល។
ដោយឡែក កាលពីសប្តាហ៍មុន ក្រុមសង្គមស៊ីវិល បន្តពិភាក្សាអំពីការចាប់ខ្លួនលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីព ក៏ដូចជាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» មកលើសកម្មជនសង្គមជាយុវជនចំនួន ៧នាក់ ដែលជាសមាជិកក្រុម ខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលតែងតែតវ៉ាអហិង្សាជំទាស់នឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែសីហា និងកញ្ញាឆ្នាំមុន។ នេះបើតាមការកត់សម្គាល់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ៕