ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​និង​ការ​ពារ​សេរីភាព​សារព័ត៌មាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​ប្រើ​«លេស»​កូវីដ​បង្ក្រាប​ក្រុម​ប្រឆាំង​


រូបឯកសារ៖ រូបថត​​នៃ​គេហទំព័រ​សិទ្ធិ​មនុស្ស​ Human Rights Watch បង្ហាញ​ពី​​ផ្នែក​កម្ពុជា​នៃ​របាយការណ៍​​ប្រចាំ​​ឆ្នាំ​២០២០​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​សាកល​​។ ថត​នៅ​ថ្ងៃ​ពុធ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០។ (VOA)
រូបឯកសារ៖ រូបថត​​នៃ​គេហទំព័រ​សិទ្ធិ​មនុស្ស​ Human Rights Watch បង្ហាញ​ពី​​ផ្នែក​កម្ពុជា​នៃ​របាយការណ៍​​ប្រចាំ​​ឆ្នាំ​២០២០​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​សាកល​​។ ថត​នៅ​ថ្ងៃ​ពុធ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០។ (VOA)

នៅពេល​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​រូមតូច ដោយសារ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​នោះ អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​ការពារ​សេរីភាព​សារ​ព័ត៌មាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឈប់​ប្រើ​«លេស»​កូវីដ​បង្ក្រាប​ក្រុម​ប្រឆាំង​និង​​សិទ្ធិ​បញ្ចេញ​មតិ។

អង្គការ Human Rights Watch នៅ​ថ្ងៃ​ពុធ​នេះ​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បង្ក្រាបទៅ​លើ​គណបក្ស​ប្រឆាំង ​ដោយ​អង្គការ​នេះ​មើល​ឃើញ​ថា​ ​ទង្វើ​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ ​មក​ម៉្លេះ។​

ក្នុង​សេចក្តីថ្លែង​ការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧​ខែ​មិថុនា​នេះ ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​មាន​ទី​ស្នាក់ការ​ធំ​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​រៀបរាប់​ថា​ ចាប់​តាំង​ពី​ខែ​មករា​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០២០​ នេះ ​អាជ្ញាធរ​ខ្មែរ​ បាន​ឃុំ​ខ្លួន​មនុស្ស១៥​ នាក់​ ពី​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នយោបាយ​ ដែល​គេ​ប្រតិដ្ឋ​ឡើង។​ មនុស្ស​៨០​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ក៏​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ឡើង​វិញ​គ្រប់​ពេល។​

លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ Human Rights Watch ​បាននិយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា៖​

«រដ្ឋាភិបាល​កម្ពុជា ​គួរតែ​ឈប់​ប្រើ​ការ​ចាប់​អារម្មណ៍​របស់​ពិភពលោក​ទៅ​លើ​ការ​រីករាលដាល​ជា​សកល​នៃ​ជំងឺកូវីដ១៩ ​ជា​លេស​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង​តទៅ​ទៀត​ទៅ»។​

ក្នុង​សប្តាហ៍​ដំបូងៗ​ ក្រោយ​ពី​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩ អាជ្ញាធរ​កម្ពុជា បាន​ចាប់​ខ្លួន​មនុស្ស​ជាង​៣០​ នាក់ ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​ថា​ ​អ្នក​ទាំង​នោះ​បាន​ផ្សព្វផ្សាយ ​«ព័ត៌មាន​ក្លែងក្លាយ»អំពី​វីរុស​នេះ​ក្នុង​ប្រទេស​កម្ពុជា។​

​អង្គការ ​Human Rights Watch​ បាន​លើក​ឡើង​ទៀត​ថា ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ក៏​បាន​ប្រើ​លេស​នៃ​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ១៩ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​គាប​សង្កត់​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ លើ​សិទ្ធិ​បញ្ចេញមតិ​ និង​ការ​ជួបជុំ​ ឬ ​ការ​ប្រមូល​ផ្តុំ។​

កាល​ពី​ថ្ងៃ​អង្គារ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ​ក៏​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែករបស់​ខ្លួនដែរ​ថា រដ្ឋាភិបាល​កម្ពុជា «ក៏​បាន​ផ្តល់​អំណាច​ស្រប​ច្បាប់​ដល់​ខ្លួន​ឯង​ ដើម្បី​ហាមប្រាម​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ទាំង​ឡាយ​ណា ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​បះបោរ ការ​ភ័យ​ខ្លាច​ ឬ​ចលាចល»។​

VOA​ មិនអាច​ទាក់​ទង​លោក ផៃ ស៊ីផាន​ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ស្នើ​សុំ​ឆ្លើយ​តបបាន​ទេ​នៅ​យប់​ថ្ងៃ​ពុធ​នេះ ​ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍​តែ​គ្មាន​អ្នក​ទទួល៕

XS
SM
MD
LG