សាលារាជធានីភ្នំពេញនៅថ្ងៃពុធនេះបានសម្រេចចិត្តហាមមិនឲ្យក្រុមប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីមកពីទីក្រុងភ្នំពេញនិងមកពីបណ្តាខេត្តនានាធ្វើការប្រមូលផ្តុំនិងដង្ហែរក្បួនដើម្បីប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក។
បម្រាមនេះធ្វើឡើងក្រោយពីមានកិច្ចប្រជុំមួយរវាងសាលារាជធានីភ្នំពេញនិងតំណាងក្រុមប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃពុធ។
ប្រជាពលរដ្ឋចំនួនប្រមាណ១.២០០នាក់ដែលភាគច្រើនលើសលប់គឺជាជនរងគ្រោះដោយសារជម្លោះដីធ្លីក្នុងប្រទេសកម្ពុជាគ្រោងនឹងជួបជុំគ្នានៅអតីតទីតាំងដីក្រហមក្នុងសង្កាត់ទន្លេបាសាក់ក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី៦ខែតុលានេះដើម្បីប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី២៩។ ប្រជាពលរដ្ឋទាំងនោះមកពីសហគមន៍បុរីកីឡា សហគមន៍បឹងកក់ សហគមន៍ថ្មគោល ត្រពាំងល្វា ក្រុមប្រជាពលរដ្ឋមកពីខេត្តបាត់ដំបង និងក្រុមជនជាតិដើមភាគតិចមកពីខេត្តភាគឥសានជាដើម។
ក្នុងការប្រារព្ធពិធីនេះក្រុមជនរងគ្រោះដោយសារជម្លោះដីធ្លីគ្រោងនឹងយកញត្តិទៅដាក់នៅមន្ទីររដ្ឋសភានិងដាក់នៅសាលារាជធានីភ្នំពេញគឺជាញត្តិដែលនឹងនិយាយអំពីស្ថានភាពរបស់ជនក្រីក្រក្នុងទីក្រុងភ្នំពេញនិងសិទ្ធិក្នុងការរស់នៅរបស់ពួកគេ ទាមទារឲ្យបញ្ឈប់ការបណ្តេញប្រជាពលរដ្ឋក្រីក្រចេញពីលំនៅដ្ឋាននិងទាមទារឲ្យដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់។
នេះបើយោងតាមអ្នកស្រី ស៊ា ណារ៉េត សមាជិកមួយរូបនៃគណៈកម្មការរៀបចំការដង្ហែរក្បួនរបស់ក្រុមប្រជាពលរដ្ឋរងគ្រោះដែលបានចូលប្រជុំជាមួយលោកអភិបាលរងសាលារាជធានីភ្នំពេញលោក ឃុន ស្រេង។
«គេថាប្រសិនបើយើងហ៊ានធ្វើ យើងត្រូវទទួលខុសត្រូវដោយខ្លួនឯងប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង។ គេគំរាមយើងបែបនេះ»។
អ្នកស្រី ស៊ា ណារ៉េត បានហៅបម្រាមរបស់អាជ្ញាធររាជធានីភ្នំពេញនេះថា ជាការបំបិទសិទ្ធិសេរីភាពមួយ។
«សាលាក្រុងបិទសិទ្ធិសេរីភាពពួកខ្ញុំដែលខ្ញុំប្រារព្ធពិធីខួបសិទ្ធិលំនៅដ្ឋាននេះ។ ប៉ុន្តែពួកខ្ញុំនៅតែមានឆន្ទៈធ្វើដដែលពីព្រោះតំបន់ដីក្រហមនេះគឺជាតំបន់ដែលក្រុមប្រជាពលរដ្ឋត្រូវបណ្តេញចេញដោយបង្ខំដែរ»។
មានប្រជាពលរដ្ឋជាង១.៧០០គ្រួសារត្រូវបណ្តេញចេញពីតំបន់ដីក្រហមនេះ។
យោងតាមរបាយការណ៍របស់ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានដែលជាអង្គការក្នុងស្រុកមួយ មានប្រជាពលរដ្ឋក្រុងភ្នំពេញយ៉ាងតិច១០ភាគរយនៃប្រជាពលរដ្ឋសរុបជាង២លាននាក់ត្រូវបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំឬប្រឈមនឹងការបណ្តេញចេញរហូតមកទល់ពេលនេះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនអាចទាក់ទងបានទេនៅថ្ងៃនេះដោយសារទូរស័ព្ទរបស់លោករោទិ៍ជាច្រើនដងហើយត្រូវកាត់ផ្តាច់ទៅវិញ។
ទោះជាយ៉ាងណាបើយោងតាមតំណាងក្រុមប្រជាពលរដ្ឋនិងលោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានដែលបានចូលប្រជុំជាមួយលោកអភិបាលរងសាលារាជធានីភ្នំពេញ ឃុន ស្រេង បានឲ្យដឹងថាលោកអភិបាលរងសាលារាជធានីភ្នំពេញលើកហេតុផលនៃការហាមឃាត់នេះដោយសំអាងលើការប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងការរៀបចំសន្តិសុខ។
មួយវិញទៀតលោកបានអនុញ្ញាតឲ្យក្រុមប្រជាពលរដ្ឋប្រមូលផ្តុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកនៅទីលានប្រជាធិបតេយ្យជាជាងប្រមូលផ្តុំគ្នានៅតំបន់ដីក្រហម។
លោកសៀ ភារម្យ រិះគន់ថាសាលារាជធានីភ្នំពេញមិនមានសមត្ថភាពក្នុងការគ្រប់គ្រងលើការប្រមូលផ្តុំនេះ។
«ខ្ញុំគិតថាជារឿងអសមត្ថភាពនិងក្តីបារម្ភរបស់គាត់ច្រើនជាង»។
លោកឡាត់ គី ប្រធានផ្នែកដីធ្លីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកយល់ថារដ្ឋាភិបាលគួរលើកទឹកចិត្តប្រជាពលរដ្ឋជនរងគ្រោះដោយសារជម្លោះដីធ្លីទៅវិញទេ។
«បើសិនរាជរដ្ឋាភិបាលខ្លួនឯងមិនបានធ្វើ ហើយបងប្អូនសហគមន៍មានគំនិតផ្តួចផ្តើមធ្វើ គួរតែថ្លែងអំណរគុណដល់ពួកគាត់ ដែលពួកគាត់មិនភ្លេច ពួកគាត់ចងចាំហើយពួកគាត់រំលឹកនូវទិវាពិភពលោកហើយក្នុងនាមប្រទេសមួយក្នុងពិភពលោកដែររាជរដ្ឋាភិបាលគួរតែអបអរសាទរ មិនគួររឹតត្បិត មិនគួរភ័យព្រួយមិនគួរបដិសេធ»។
យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុកដែលចេញផ្សាយកាលពីខែសីហាកន្លងទៅនេះបង្ហាញថាប្រជាពលរដ្ឋរងគ្រោះនិងទទួលរងផលប៉ះពាល់ដោយសារទំនាស់ដីធ្លីបានកើនដល់ជាង៧៧០.០០០នាក់ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងខែនោះដែរបានបង្ហាញពីការទទួលស្គាល់ថាមានវិបត្តិនៃជម្លោះដីធ្លីកើតឡើងក្នុងប្រទេស។ ក៏ប៉ុន្តែលោកបានអះអាងថា ញតិ្តរបស់ជនរងគ្រោះមួយចំនួនមិនបានធ្លាក់ដល់ដៃរបស់លោក ហើយលោកមិនបានដឹងនោះទេ៕