អង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ការបង្ក្រាបលើការបញ្ចេញមតិ និងការប្រមូលផ្តុំ កាន់តែកើនឡើង ហើយសកម្មជនដែលមិនមែនជាអ្នកនយោបាយ បានរងគ្រោះកាន់តែខ្លាំងជាងមុន។
នេះជាការបង្ហាញនៅក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយនៅថ្ងៃសុក្រនេះ ស្តីពី«ការតស៊ូ ដើម្បីសេរីភាព» ដែលរៀបរាប់អំពីការរំលោភបំពានអ្នកការពារសិទ្ធិមនុស្សពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ពោលគឺក្រោយការរំលាយគណបក្សសង្គ្រោះជាតិដោយតុលាការកំពូលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ និងក្រោយការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ដែលគណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈរដ្ឋសភាទាំង១២៥។
បើតាមរបាយការណ៍ដែលចងក្រងករណីមួយចំនួននៃការបង្ក្រាបរបស់អាជ្ញាធរទៅលើសកម្មជនសិទ្ធិមនុស្ស អង្គការលីកាដូបានលើកឡើងថា អាជ្ញាធរកម្ពុជាបានប្រើប្រាស់ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលពួកគេថា មានលក្ខណៈរឹតត្បិត ដើម្បីអូសទាញអ្នករៀបចំព្រឹត្តិការណ៍ឲ្យអនុវត្តច្បាប់ តាមដានដោយឥតឈប់ឈរលើក្រុមយុវជន សិស្សនិស្សិត និងសកម្មជនបរិស្ថាន ដែលព្យាយាមរៀបចំយុទ្ធនាការសង្គមដោយអហិង្សា។
អង្គការបញ្ជាក់ថា ក៏មានការលាបពណ៌អង្គការសង្គមស៊ីវិលថា«រួមគំនិតនៃបដិវត្តន៍ពណ៌»ដែលរដ្ឋាភិបាលបានចោទបក្សប្រឆាំងថាបង្កើតឡើង ដើម្បីផ្តួលរំលំការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អង្គការលីកាដូបញ្ជាក់នៅក្នុងរបាយការណ៍ថា៖ «នៅរយៈពេលជាង៣ឆ្នាំកន្លងមកនេះ សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការជួបជុំគ្នាដោយសេរី ដើម្បីលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ខ្លួន ត្រូវបានរឹតត្បិតយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ដើម្បីរឹតត្បិតរាល់ការប្រមូលផ្តុំគ្នា»។
របាយការណ៍ឲ្យដឹងទៀតថា ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ មានការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយបក្សប្រឆាំង ហើយបន្ថែមពីនេះ សកម្មជនដែលមិនមែនជាអ្នកនយោបាយ«ងាយរងគ្រោះកាន់តែខ្លាំងជាងមុនទៅទៀតពីការកើនឡើងនៃការត្រួតពិនិត្យចាប់ពិរុទ្ធរបស់រាជរដ្ឋាភិបាល»។
អង្គការលីកាដូបានបង្ហាញអនុសាសន៍មួយចំនួន ដោយស្នើឲ្យសហគមន៍អន្តរជាតិអន្តរាគមន៍បញ្ឈប់ការរំលោភបំពានលើក្រុមអង្គការសង្គមស៊ីវិលនិងអ្នកការពារសិទ្ធិមនុស្ស ហើយស៊ើបអង្កេតបុគ្គល និងក្រុមហ៊ុនដែលអង្គការថា«រួមគំនិតក្នុងការរំលោភសិទ្ធិមនុស្ស» ដោយប្រើយន្តការនៃការដាក់ទណ្ឌកម្មលើអ្នកទាំងនោះ។
ជាអនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជា អង្គការលីកាដូក៏បានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់«ការបង្ក្រាបដោយមិនត្រឹមត្រូវ»មកលើពលរដ្ឋដែលតវ៉ាដោយអហិង្សានិងបញ្ឈប់ការប្រើប្រាស់កងកម្លាំងដែលរួមមានកងសន្តិសុខខណ្ឌ ដើម្បីបង្ក្រាបលើការតវ៉ា និងដោះលែងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថាការលើកឡើងរបស់អង្គការលីកាដូនៅក្នុងរបាយការណ៍នេះ ខុសពីការពិតជាក់ស្តែងក្នុងប្រទេសកម្ពុជា ដូច្នេះលោកថាអនុសាសន៍របស់អង្គការសិទ្ធិមនុស្សនោះ មិនអាចអនុវត្តបានទេ។
លោក ជិន ម៉ាលីន បន្តថាចំណាត់ការផ្លូវច្បាប់ គឺធ្វើតែទៅលើអ្នកអនុវត្តដែលលោកថាបានបំពានច្បាប់ ប៉ះពាល់សន្តិសុខសង្គម និងប៉ះពាល់សិទ្ធិសេរីភាពអ្នកដទៃតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ស្ថានភាពពិតជាក់ស្តែង វាមិនមែនដូចអ្វីដែលគាត់លើកអញ្ចឹងផង។ អញ្ចឹងអនុសាសន៍ហ្នឹង វាអនុវត្តអត់កើត ហើយវាមិនដឹងយកទៅអនុវត្តយ៉ាងម៉េច។ វាអត់ឆ្លើយតបទៅនឹងអាការពិតជាក់ស្តែង។ ឧទាហរណ៍ថាឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស។ ហើយការពិតជាក់ស្តែង យើងអត់មានចាប់អ្នកណាម្នាក់ដោយសារតែការការពារសិទ្ធិមនុស្សទេ។ យើងចាប់ឬក៏ឃុំខ្លួនអ្នកដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថារបាយការណ៍នេះ សម្រាប់ឲ្យអ្នកពាក់ព័ន្ធពិនិត្យនិងពិចារណា ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងអ្នកការពារសិទ្ធិមនុស្ស តាមរដ្ឋធម្មនុញ្ញកម្ពុជា និងស្របតាមច្បាប់អន្តរជាតិ។ លោកបន្តថាតំណាងរដ្ឋាភិបាលតែងតែបដិសេធរាល់របាយការណ៍របស់អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែអ្វីដែលអង្គការលីកាដូចេញនេះ គឺចង់ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិនិត្យពិចារណាហើយយើងធ្វើការកែលម្អយ៉ាងណា ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង»។
ការបង្ក្រាបចុងក្រោយនេះ គឺការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា កាលពីចុងខែកក្កដា បន្ទាប់ពីលោកបានរិះគន់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តត្បូងឃ្មុំថាមានភាពមិនប្រក្រតី។ ការចាប់ខ្លួនមេដឹកនាំសហជីពរូបនេះ បានធ្វើឱ្យសកម្មជនការពារសិទ្ធិមនុស្សវ័យក្មេងយ៉ាងតិច១២នាក់ ដែលចេញមុខតវ៉ាទាមទាររកយុត្តិធម៌ឲ្យលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារផងដែរ។
បើតាមរបាយការណ៍ អង្គការលីកាដូក៏បានលើកឡើងពីក្តីបារម្ភនៃការអនុម័តនិងរៀបចំសេចក្តីព្រាងច្បាប់មួយចំនួនដែលពួកគេថាមានការរឹតត្បិត ដូចជាសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យា អនុក្រឹត្យស្តីពីច្រកទ្វារអ៊ិនធឺណិតជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈជាដើម។
អង្គការលីកាដូបន្ថែមថាដោយសារតំណាងរាស្ត្រទាំងអស់ សុទ្ធតែមកពីគណបក្សកាន់អំណាច មន្ត្រីជាន់ខ្ពស់នៃស្ថាប័នតុលាការ ក៏សុទ្ធតែជាសមាជិកគណបក្សកាន់អំណាច ហើយស្ថាប័នសារព័ត៌មានច្រើនលើសលប់ជាស្ថាប័នស្និទ្ធនឹងគណបក្សកាន់អំណាច ដូចនេះសាធារណជនយល់ថាគណបក្សកាន់អំណាច អាចពង្រឹងអំណាចយ៉ាងរឹងមាំនិងគ្រប់គ្រងយ៉ាងពេញដៃទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕