មន្រ្តីក្រសួងអន្តោប្រវេសន៍ប្រទេសអូស្រ្តាលី (Australia) និយាយថា អស់លោកមានផែនការថ្មីមួយដើម្បីធ្វើឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោនញញើតមិនហានធ្វើដំណើរទៅប្រទេសអូស្ត្រាលីតាមសមុទ្រ។ ក្រសួងអន្តោប្រវេសន៍និយាយថា គេនឹងថតវីដេអូក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនទីមួយដែលគេបានបំពេញពាក្យសុំក្រោមច្បាប់ប្តូរអ្នកភៀសខ្លួនថ្មីជាមួយប្រទេស ម៉ាឡេស៊ី (Malaysia) ហើយដាក់រូបវីឌីយោនោះនៅក្នុងគេហទំព័រ យូធូប (Youtube)។
កងនាវាប្រទេស អូស្រ្តាលី បានស្ទាក់ចាប់មនុស្ស ៥៤ នាក់កាលពីព្រឹកថ្ងៃអាទិត្យមុន។ ជនទាំងនេះជាមនុស្សធ្វើដំណើរតាមសមុទ្រដំបូង ដែលត្រូវចាប់ឃុំ ចាប់តាំងពីក្រុង កង់បេរ៉ា (Canberra) បានយល់ព្រមបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោន ៨០០ នាក់ ទៅប្រទេស ម៉ាឡេស៊ី។
ដើម្បីជាថ្នូរ ក្រុង គូឡាឡាំពួ (Kuala Lumpur) នឹងបញ្ជូនជនភៀសខ្លួន ៤ពាន់នាក់ដែលក្រុង កាន់បេរ៉ា បានយល់ព្រមទទួលយកពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេ ទៅឲ្យប្រទេស អូស្រ្តាលី។ អាជ្ញាធរនៅក្រុង កាន់បេរ៉ា និយាយថា កិច្ចព្រមព្រៀងនេះនឹងទប់ស្កាត់អ្នកស្វែរកសិទ្ធិជ្រកកោន កុំឲ្យធ្វើដំណើរតាមសមុទ្រដែលមានគ្រោះថ្នាក់ ទៅកាន់ដែនទឹកភាគខាងជើងរបស់ប្រទេស អូស្រ្តាលី ហើយបង្អាក់សកម្មភាពរបស់ពួកអ្នករត់ពន្ធមនុស្សផងដែរ។
មនុស្ស ៥៤ នាក់ដែលទើបនិងទៅដល់ ត្រូវនាំយកទៅដាក់នៅកន្លែងឃុំឃាំងក្នុងសមុទ្រមួយនៅលើកោះ គ្រិះម៉ាស់ (Christmas) ដែលជាដែនដីដាច់ស្រយាលរបស់ អូស្រ្តាលី នៅក្នុងមហាសមុទ្រឥណ្ឌា។ គេនឹងថតវីដេអូជនទាំងនេះ នៅពេលដែលគេបញ្ជូនជនទាំងនេះតាមយន្តហោះពីកោះគ្រិះម៉ាស់ទៅប្រទេស ម៉ាឡេស៊ី នៅក្នុងផែនការដែលគេរំពឹងថានឹងប្រព្រឹត្តធ្វើនៅសប្តាហ៍ក្រោយនេះ។
រូបថតវីឌីអូនៃដំណើររបស់ជនទាំងនេះនឹងមានដាក់នៅលើគេហទំព័រ យូធូប។ មន្រ្តីអន្តោប្រវេសន៍សង្ឃឹមថាសហគមន៍អ្នកផ្លាស់ទីកន្លែងនៅក្នុងប្រទេស អូស្រ្តាលី មានរូមជនជាតិអ៊ីរ៉ង់ អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន និង សិរីលង្កា នឹងមើលខ្សែវីដេអូនេះ ហើយជូយធ្វើឲ្យរាទឹកចិត្តដល់សាច់ញាតិនិងមិត្តភ័ក្តណាដែលពិចារណាអំពីការធ្វើដំណើរតាមសមុទ្រទៅប្រទេសអូស្រ្តាលី។
អ្នកនាំពាក្យម្នាក់របស់ក្រសួងអន្តោប្រវេសន៍និយាយថា រូបថតវីឌីអូនៅក្នុងអ៊ីនធឺណែតនឹងជា«សារដ៏ខ្លាំង»មួយ ដែលបង្ហាញនូវ«ការមិនបានជោគជ័យ»នៃការសាកល្បងធ្វើដំណើរតាមសមុទ្រទៅ អូស្រ្តាលី រួចទៅដល់នោះហើយត្រូវគេបញ្ជូនមក ម៉ាឡេស៊ី វិញតាមយន្តហោះ។
សម្រាប់ហេតុផលសន្តិសុខ មុខមាត់របស់ជនទាំងនោះនឹងមិនបង្ហាញឲ្យឃើញច្បាស់ទេ។
រដ្ឋាភិបាលនិយាយថា រូបថតវីដេអូ ១០ខ្សែដែលដាក់ក្នុងអ៊ីនធឺណែតនឹងមានផ្សាយជា ៨ ភាសា (អង់គ្លេស តាម៉ីល(Tamil) អារ៉ាប់(Arabic) ដារ៉ី(Dari) ហ្វាស៊ី(Farsi) ប៉ាស់ទូ(Pashto) ស៊ិនហាលិស(Sinhalese) និង បាហាសា (Bahasa)។
លោកស្រីនាយករដ្ឋមន្រ្តី ជូល្យ៉ា ហ្គិលឡាដ (Julia Gillard) មានប្រសាសន៍ថា ជនដែលត្រូវបញ្ជូនទៅប្រទេស ម៉ាឡេស៊ីវិញប្រហែលត្រូវធ្វើដោយបង្ខំ។
«ធ្វើតាមបញ្ជានៅទីនេះមិនមែនជាការស្ម័គ្រចិត្តមួយទេ។ យើងបានប្តេជ្ញាថានិងធ្វើកិច្ចការនេះឲ្យបានសម្រេច។ នគរបាលសហព័ន្ធអូស្រ្តាលីអាចនិយាយអំពីរឿងប្រតិបត្តិការ ក៏ប៉ុន្តែយើងនឹងធ្វើអ្វីដែលចាំបាច់ដើម្បីធានាថា មនុស្សដែលគួរនាំយកទៅប្រទេសម៉ាឡេស៊ីវិញក្រោមកិច្ចព្រមព្រៀងគ្នា នឹងពិតជានាំយកទៅមែន។ នេះមានន័យថា ចាត់វិធានការត្រឹមត្រូវដើម្បីនាំមនុស្សទាំងនោះឡើងយន្តហោះនៅអូស្រ្តាលី ហើយនាំពួកគេចុះពីយន្តហោះនៅចុងម្ខាងទៀត គឺម៉ាឡេស៊ី»។
អង្គការសិទ្ធិមនុស្សបានរិះគន់កិច្ចព្រមព្រៀងជាមួយប្រទេស ម៉ាឡេស៊ី ដោយទទូចថាប្រទេសអូស្រ្តាលីប្រហែលជាអាចរំលោភលើកិច្ចសន្យាអន្តរជាតិរបស់ខ្លួន។ ហើយក៏មានការព្រួយបារម្ភដែរអំពីការថែរក្សាជនស្វែងរកសិទ្ធិជ្រកកោនទាំងនោះមិនបានត្រឹមត្រូវនៅក្នុងប្រទេស ម៉ាឡេស៊ី ដែលមិនមែនជាហត្ថលេខីមួយនៃសន្និបាតអង្គការសហប្រជាជាតិស្តីអំពីជនភៀសខ្លួន ហើយធ្វើទារុណកម្មយ៉ាងធ្ងន់លើការចូលប្រទេសដោយខុសច្បាប់ មានរួមការវាយរំពាត់។
កិច្ចការពារព្រំដែនជាអាទិភាពខ្ពស់សម្រាប់ក្រុមអ្នកបោះឆ្នោតអូស្រ្តាលី ទោះបីជាតួរលេខរបស់អង្គការសហប្រជាជាតិបង្ហាញថា ប្រទេសនេះទទួលអ្នកស្វែងរកសិទ្ធិជ្រកកោនតិចជាងកន្លះភាគរយនៃចំនួនក្នុងពិភពលោកទាំងមូលក៏ដោយ។
ប្រទេស អូស្រ្តាលី ផ្តល់ទិដ្ឋាការមនុស្សធម៌ចំនួន ១ម៉ឺន ៣ពាន់ ក្នុងមួយឆ្នាំៗ។ ក្នុងចំណោមអ្នកទទួលទិដ្ឋាការទាំងនោះ មានជនភៀសខ្លួនភូមា អៀរ៉ាក់ និង ប៊ុយតង់ (Bhutan)។
ប្រជាពលរដ្ឋអូស្រ្តាលីមួយភាគបួន មានដើមកំណើតនៅបរទេស។ ប្រទេសនេះទាក់ទាញអ្នកផ្លាស់ប្តូរទីកន្លែងចំនួនច្រើន មកពីប្រទេសជិតខាង នូវ៉ែល ហ្សេឡង់(New Zealand) និងចក្រភពអង់គ្លេស(United Kingdom) ដែលជាអតីតម្ចាស់អាណានិគមរបស់អូស្រ្តាលី។ ក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ អ្នកផ្លាស់ទីកន្លែងមកពីទ្វីបអាស៊ីបានកើនចំនួនយ៉ាងច្រើនគួរឲ្យកត់សម្គាល់។
ប្រែសម្រួលដោយ ហ៊ុយ សម្ភស្ស