ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យុអាស៊ីសេរីចេញពីហុងកុងដោយសារមានកង្វល់អំពីសេរីភាពសារព័ត៌មាន


វិទ្យុអាស៊ីសេរីបានប្រកាស​អំពីការបិទការិយាល័យ​របស់​ខ្លួន​នៅទីក្រុងហុងកុង​តាមរយៈ​សេចក្តីថ្លែងការណ៍របស់បណ្តាញសារព័ត៌មាននេះ កាលពីថ្ងៃសុក្រ ទី ២៩ ខែមីនា ឆ្នាំ២០២៤។
វិទ្យុអាស៊ីសេរីបានប្រកាស​អំពីការបិទការិយាល័យ​របស់​ខ្លួន​នៅទីក្រុងហុងកុង​តាមរយៈ​សេចក្តីថ្លែងការណ៍របស់បណ្តាញសារព័ត៌មាននេះ កាលពីថ្ងៃសុក្រ ទី ២៩ ខែមីនា ឆ្នាំ២០២៤។

ក្រោយ​ពីមានវត្តមានជិត​បី​ទសវត្សរ៍​នៅ​ទីក្រុង​ហុងកុង វិទ្យុអាស៊ី​សេរី RFA បាន​បិទ ការិយាល័យនៅ​ទីក្រុង​ហុងកុង ហើយ​លែងមាន​បុគ្គលិក​ធ្វើការ​ពេញ​ម៉ោងនៅ​ទី​នោះ​ទៀតហើយ ដោយសារ​សេរីភាពសារព័ត៌មានបានចុះថយនៅ​ទីនោះ។ នេះ​បើ​តាមសេចក្តីថ្លែងការណ៍របស់បណ្តាញ​សារព័ត៌មាននេះ​កាល​ពីថ្ងៃសុក្រ​ ទី ២៩ ខែមីនាកន្លងទៅ។

ប្រធានវិទ្យុអាស៊ី​សេរី​លោកស្រី Bay Fang បាននិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍នេះថា៖ «ការព្រួយបារម្ភ​អំពីសុវត្ថិភាព​របស់​ក្រុមបុគ្គលិក​និងអ្នកកាសែត​របស់ RFA នៅ​ហុងកុង ​បាននាំ​ឱ្យយើង​រៀបចំ​កិច្ចប្រតិបត្តិការ​របស់យើងជា​ថ្មីនៅទីនោះ។ ទោះ​ជា RFA នឹង​នៅ​តែ​រក្សា​ការចុះឈ្មោះជាបណ្តាញ​ព័ត៌មាន​ផ្លូវការដដែល នៅពេល​នេះ​យើង​លែងមាន​បុគ្គលិកធ្វើការ​ពេញម៉ោងនៅទីក្រុង​ហុងកុង​ទៀតហើយ ហើយយើង​បានបិទការិយាល័យ​របស់​យើងនៅទីនោះ​ហើយ»។

សេចក្តី​ប្រកាសនេះ​កើតឡើងមិនដល់​មួយអាទិត្យ ​ក្រោយ​អាជ្ញាធរហុងកុង​បានចាប់​ផ្តើម​ប្រើ​មាត្រា ២៣ ដែលជា​ច្បាប់​សន្តិសុខជាតិ​ថ្មី​ដែលក្រុមអ្នក​តាមឃ្លាំ​មើលបណ្តាញ​ព័ត៌មានព្រមាន​ថានឹងកាត់​បន្ថយ​សេរីភាព​សារព័ត៌មាន​ថែម​ទៀត​ក្នុងទីក្រុង​នេះ។

ច្បាប់​ថ្មីនេះ​ជា​ការ​ពង្រីកច្បាប់​សន្តិសុខជាតិ​ដ៏ចម្រូង​ចម្រាស់ ដែលរដ្ឋាភិបាលក្រុងប៉េកាំង​បានដាក់​ឱ្យ​ប្រើកាលពីឆ្នាំ ២០២០ ដែលចាត់ទុក​ការ​ទាមទារបំបែក​រដ្ឋ​វិទ្ធង្សនា ភេរវកម្ម និងការឃុបឃិតជាមួយ​កងកម្លាំងបរទេសថា​ជាបទព្រហ្មទណ្ឌ។ មាត្រា ​២៣​ពង្រីក​បន្ថែម​លើ​ច្បាប់នោះដើម្បី​រួមបញ្ចូល​ចារកម្ម ការ​ជ្រៀតជ្រែកពីខាងក្រៅ​និងការលួច​ការសម្ងាត់​រដ្ឋ​ឱ្យទៅជា​បទព្រហ្មទណ្ឌ។

ក្រុមការពារ​សេរីភាព​សារព័ត៌មាន​នានា​រួមមាន​អង្គការ​អ្នកកាសែតគ្មានព្រំដែន RSF ផងដែរ បានសម្តែង​នូវការព្រួយបារម្ភ​អំពី​ច្បាប់ថ្មីនេះ។

លោក Cédric Alviani ជានាយកការិយាល័យរបស់ RSF ប្រចាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក។​ លោក​បាននិយាយ​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ ​មុន​ការចាប់ផ្តើម​ប្រើ​ច្បាប់នេះថា៖ «​ដោយ​បញ្ចូលមាត្រាស្តីពី​សន្តិសុខជាតិ​របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង​ទៅ​ក្នុង​ច្បាប់​ក្រុង​ហុងកុង រដ្ឋាភិបាល​សង្ឃឹម​ថានឹង​ធ្វើឱ្យមាន​ឡើងវិញ​នូវការគិតស្មានថា​ដែនដីនេះ គ្រប់គ្រងដោយ​នីតិរដ្ឋ នៅពេលដែលខ្លួនបន្ត​យុទ្ធនាការ​ខ្លួន​ប្រឆាំង​នឹងសំឡេង​ឯករាជ្យ»។

លោក Alviani បាន​បន្តថា៖ «យើងអំពាវនាវ​ឱ្យក្រុមប្រទេស​ប្រជាធិបតេយ្យ​បង្កើន​ការដាក់សម្ពាធ​លើ​អាជ្ញាធរចិន ដើម្បី​ធ្វើឱ្យ​មានសេរីភាពសារព័ត៌មានពេញ​លេញ​ឡើងវិញ​នៅក្នុង​ដែនដីនោះ»។

រូបភាពដកស្រង់​ពី​គេហទំព័រ​របស់​បណ្តាញផ្សព្វផ្សាយព័ត៌មា​ន​អាស៊ីសេរី​កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
រូបភាពដកស្រង់​ពី​គេហទំព័រ​របស់​បណ្តាញផ្សព្វផ្សាយព័ត៌មា​ន​អាស៊ីសេរី​កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

វិទ្យុ​អាស៊ីសេរីដែលបានបើក​ការិយាល័យ​របស់ខ្លួន នៅទីក្រុង​ហុងកុង​កាលពី​ឆ្នាំ​១៩៩៦ បាននិយាយ​យោង​ជា​ពិសេស​ដល់មាត្រា ២៣ ថាជា​ហេតុផលមួយនាំឱ្យ​ខ្លួន​ចាកចេញ​ពីក្រុង​នេះ។

លោកស្រី Fang បាន​ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍​នេះថា៖ «​សកម្មភាពរបស់អាជ្ញាធរ​ហុងកុង ដែលមាន​រួម​ការ​និយាយ​ថា RFA ជា «កងកម្លាំងបរទេស‍» នាំឱ្យ​មាន​សំណួរអំពី​សមត្ថភាព​របស់យើងក្នុងការ​ធ្វើ​ប្រតិបត្តិការដោយ​សុវត្ថិភាពជា​មួយការប្រើ​មាត្រា ២៣»។

វីអូអេបាន​ទាក់ទង​នឹង​ការិយាល័យ​សន្តិសុខ​ហុងកុងដើម្បី​សុំ​អត្ថាធិប្បាយ។

ជា​ច្រើន​ឆ្នាំមក​ហើយ ហុងកុង​បានទទួលការ​កោតសរសើរអំពី​បរិយាកាស​សេរី និង រស់រវើករបស់​បណ្តាញព័ត៌មាន ប៉ុន្តែ​សេរីភាពកាសែត​និង​សេរីភាពស៊ី​វីល​ឯ​ទៀតៗ បាន​ចុះថមថយយ៉ាងលឿនក្រោយ​ការដាក់ឱ្យប្រើច្បាប់​សន្តិសុខជាតិ​កាលពី​ឆ្នាំ ២០២០។

អាជ្ញាធរ​ហុងកុងនិង​ចិនបាន​បដិសេធ​ថាច្បាប់​នេះ​មិនបានធ្វើឱ្យខូចខាត​ដល់​បរិយាកាស​របស់​បណ្តាញ​ព័ត៌មាន​ហុងកុងទេ តែ​និយាយថា ​ផ្ទុយទៅវិញ​ច្បាប់នេះជួយធ្វើឱ្យក្រុងនេះមានស្ថិរភាព។

ការគំរាមគំហែង​ដែល​ប្រឈមដោយ​បណ្តាញព័ត៌មានឯករាជ្យនៅ​ទីក្រុងហុងកុង មាន​ជា​ឧទាហរណ៍​ជាក់ស្តែង ក្នុងការ​កាត់​ក្តីលោក Jimmy Lai អ្នក​បោះពុម្ពផ្សាយលម្អៀង​ទៅខាងប្រជាធិបតេយ្យ ពាក់ព័ន្ធនឹង​សន្តិសុខជាតិដែល​កំពុងធ្វើឡើង​នៅពេលនេះ។

លោក Jimmy Lai អាយុ៧៦ឆ្នាំ​ និង​ជាពលរដ្ឋអង់គ្លេស​ត្រូវបានចោទ​ប្រកាន់ថា «​ឃុបឃិតជាមួយ​កងកម្លាំង​បរទេស» ​តាម​រយៈ​ច្បាប់សន្តិសុខជាតិ​និង​ការនាំបំបះបំបោរ ដែល​លោក​បានច្រានចោល។ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស លោក Lai ប្រឈម​នឹងការជាប់ពន្ធនាគារ​អស់មួយ​ជីវិត។

ក្រុមមន្ត្រីហុងកុងបាន​បដិសេធ​ការនិយាយ​ថា ​ការកាត់ក្តីលោក Lai ​អយុត្តិធម៌ តែ​ក្រុមសេរីភាព​សារព័ត៌មាន​និង​រដ្ឋាភិបាល​ក្រុមប្រទេសលោកខាង​លិច​បានថ្កោលទោស​ការចោទប្រកាន់ទាំង​នេះ​ថា​ទាក់ទិននឹង​នយោបាយ​ហើយ​គ្មាន​មូលដ្ឋានទេ។

ទោះជាវិទ្យុអាស៊ីសេរី​ចាកចេញពី​ហុងកុង​ក៏​ដោយ ក៏​វិទ្យុនេះ​និយាយថា​ខ្លួន​នៅ​តែបន្ត​រាយការណ៍អំពី​ក្រុងនេះ​តទៅទៀត។

លោកស្រីបានពោលនៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះថា៖ «ការ​រៀបចំចាត់ចែង​ជាថ្មីនេះ​មានន័យ​ថា RFA នឹងប្រើ​វីធី​ផ្សព្វផ្សាយសារព័ត៌មាន​ផ្សេងៗទៀត​សម្រាប់​បរិយាកាស​បណ្តាញ​ព័ត៌មាន​ដែលត្រូវ​បិទ»។

លោកស្រីបាន​និយាយថា៖ «សម្រាប់អ្នកស្តាប់​របស់​យើងនៅ​ហុងកុង​និង​ប្រទេសចិន ដីគោក ដែល​ពឹងពាក់លើ​ការ​ផ្សព្វផ្សាយ​ទាន់ពេលនិងគ្មាន​ការចាប់ពិរុទ្ធ សូមបញ្ជាក់​ថា ​កម្មវិធី​និងការផ្សាយរបស់យើង​នឹងមានតទៅទៀត​គ្មាន​ការបង្អាក់ឡើយ»៕

XS
SM
MD
LG