ប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ត្រូវបានបោះឆ្នោតឲ្យជាប់ជាសំណង់ប្រវត្តិសាស្ត្រលំដាប់កំពូលទីមួយរបស់ពិភពលោក តាមរយៈកម្មវិធីផ្តល់រង្វាន់របស់គេហទំព័រប្រឹក្សាធ្វើដំណើរដ៏ល្បីរបស់អាមេរិកឈ្មោះ TripAdisor (TripAdvisor’s 2017 Traveller’s Choice Awards - Landmarks)។ នេះបើតាមគេហទំព័រ TripAdvisor និងការបញ្ជាក់ពីភ្នាក់ងារទេសចរណ៍ក្នុងស្រុក។
អ្នកជំនាញមើលឃើញថា ការណ៍នេះនឹងជួយឱ្យភាពល្បីល្បាញរបស់ប្រាសាទដែលមានវ័យចំណាស់នេះ កាន់តែល្បីរន្ទឺក្នុងពិភពលោក និងអាចទាក់ទាញអ្នកទស្សនាជាច្រើនមកកម្ពុជាថែមទៀត។
ប្រាសាទអង្គរវត្តត្រូវបានជាប់ឆ្នោតក្នុងលេខរៀងទីមួយ ក្នុងចំណោមសំណង់ប្រវត្តិសាស្ត្រដែលមានចំនួន២៥។ សំណង់ប្រវត្តិសាស្ត្រដែលជាប់ឆ្នោតពីលេខរៀងទីពីរ ដល់ទី៥ រួមមានមជ្ឈមណ្ឌលព្រះវិហារសាសនាអ៊ីស្លាមដ៏ប្រណិតឈ្មោះថា Sheikh Zayed ក្នុងប្រទេសអារ៉ាប់រួម ប្រាសាទ Mezquita Cathedral de Cordoba របស់ប្រទេសអេស្ប៉ាញ សំណង់ St Peter’s Basilica ក្នុងបុរីវ៉ាទីកង់ និងសំណង់ Taj Mahal របស់ប្រទេសឥណ្ឌា។
លោក ឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈនៃអាជ្ញាធរជាតិអប្សរាថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះ ថា ការទទួលបានចំណាត់ថា្នក់កំពូលនេះ ជាមោទនភាពមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ។
«នេះជាមោទនភាពមួយរបស់ប្រជាជាតិខ្មែរយើង ព្រោះដោយសារហេតុអី ដោយសារអង្គរមិនត្រឹមតែជាបេតិកភណ្ឌវប្បធម៌ដ៏រុងរឿង ជាតំណាងនៃអារិយធម៌ដ៏អស្ចារ្យរបស់កម្ពុជាទេ ប៉ុន្តែអង្គរ ប្រាសាទអង្គរវត្តក៏បានក្លាយទៅជាបេះដូង ជាព្រលឹងនៃជាតិរបស់យើងដែរ»។
លោក ឡុង កុសល្យ បន្តថា ការជាប់ឆ្នោតរបស់ប្រាសាទអង្គរជាសំណង់ប្រវត្តិសាស្ត្រកំពូលទីមួយរបស់ពិភពលោក បានមកពីការស្ទាបស្ទង់មតិភ្ញៀវទេសចរណ៍ដែលមកទស្សនាប្រាង្គប្រាសាទ ដែលជាសម្បត្តិវប្បធម៌របស់ពិភពលោកផងដែរ។
លោកនិយាយបន្ថែមថា អាជ្ញាធរជាតិអប្សរានឹងខិតខំធ្វើការអភិរក្សប្រាសាទអង្គរឲ្យគេចផុតពីការគំរាមកំហែងនានា នៅពេលមានភ្ញៀវកាន់តែច្រើនបានមកទស្សនាប្រាង្គប្រាសាទដ៏ចំណាស់មួយនេះ។ ក្រៅពីកិច្ចការពារប្រាង្គប្រាសាទ លោកថា អាជ្ញាធរជាតិ ក៏ខិតខំអនុវត្តផែនការទេសចរណ៍ខ្លួនឲ្យបានហ្មត់ចត់ និងធ្វើការអភិវឌ្ឍសហគមន៍ក្នុងរមណីយដ្ឋានអង្គរនេះ។
សម្រាប់លោក អាង គឹមអ៊ាង ស្ថាបនិក និងជាប្រធានក្រុមហ៊ុនទេសចរណ៍ Great Angkor Tour ថ្លែងប្រាប់ VOA ថា ចំណាត់ថ្នាក់កំពូលទីមួយរបស់ប្រាសាទអង្គរវត្តក្នុងបញ្ជីនៃសំណង់ប្រវត្តិសាស្ត្រចំនួន២៥ក្នុងពិភពលោក នឹងធ្វើឲ្យប្រជាជនប្រទេសដទៃទៀតស្គាល់កាន់តែច្រើន អំពីប្រជាជននិងអរិយធម៌កម្ពុជា ដែលបានកសាងសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យនៅក្នុងពិភពលោក។
យ៉ាងណាក៏ដោយ លោកនិយាយថា ការអប់រំឲ្យភ្ញៀវយល់ដឹងពីការគោរពប្រណិប័តន៍បដិមាករនៅតាមប្រាសាទនានា ជាកិច្ចការសំខាន់មួយដែលអាជ្ញាធរត្រូវផ្តោតការយកចិត្តដាក់ គ្រាដែលចំនួនភ្ញៀវទេសចរណ៍មកទស្សនាប្រទេសកម្ពុជាបន្តកើនឡើង។
អ្នកបម្រើការក្នុងវិស័យទេសចរណ៍រូបនេះបញ្ជាក់ថា៖
«គាត់មិនបានយល់ដឹង គាត់មិនបានគោរពបដិមាករដែលគាត់ទៅទស្សនាអីជាដើមហ្នឹង យើងមានការបារម្ភមិនជាធំទេ ប៉ុន្តែយើងមានការបារម្ភ នៅពេលដែលមានភ្ញៀវច្រើនកកកុញពេក»។
លោក អាង គឹមអ៊ាង បានបន្តថា ភ្ញៀវទេសចរណ៍មកពីសាធារណរដ្ឋប្រជាមានិតចិន បាននាំមុខអ្នកទេសចរណ៍មកពីបណ្តាប្រទេសផ្សេងទៀតនៅរមណីយដ្ឋានអង្គរ ដោយហេតុអ្នកទេសចរចិនកាន់តែច្រើនបានផ្តើមធ្វើដំណើរមកកាន់កម្ពុជា។ លោកបន្ថែមថា ការតភ្ជាប់ដែលបានបន្តកើនឡើងនឹងជំរុញភ្ញៀវទេសចរចិន ក៏ដូចជាភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងទៀតមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើង។
កាលពីឆ្នាំ ២០១៦ មានភ្ញៀវទេសចរជិត ២,២លាននាក់ បានទៅទស្សនាប្រាសាទអង្គរវត្ត។ នេះ បើតាមការបញ្ជាក់របស់លោក ឡុង កុសល្យ។
លោក ឡុង កុសល្យ ឲ្យដឹងទៀតថា រដ្ឋាភិបាលរកចំណូលបានចំនួនជាង៦២លានដុល្លារកាលពីឆ្នាំទៅមិញ។ សម្រាប់រយៈពេលបីខែដំបូងក្នុងឆ្នាំ២០១៧នេះ មានភ្ញៀវទេសចរចំនួនជិត៩៥ម៉ឺននាក់ និងរកចំណូលបានជិត ៣៨លានដុល្លារអាមេរិក។
សួនឧទ្យានបុរាណអង្គរ ដែលមានលក្ខណៈស្មុគស្មាញត្រូវបានរាជរដ្ឋាភិបាលកម្ពុជាជួលទៅឲ្យក្រុមហ៊ុនសុខាអូតែលរបស់លោក ឧកញ៉ា សុខ គង់ សម្រាប់ការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរអស់រយៈពេល១៧ឆ្នាំមកហើយ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បញ្ចប់កិច្ចសន្យាដែលផ្តល់សិទ្ធិឲ្យក្រុមហ៊ុននេះលក់សំបុត្រដល់អ្នកទេសចរណ៍អន្តរជាតិសម្រាប់ការចូលទស្សនាប្រាង្គប្រាសាទអង្គរ។
ទោះបីជាប្រាសាទអង្គរវត្តអាចរកចំណូលបានច្រើនក្តី ប៉ុន្តែប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបត្រូវគេដឹងថាកំពុងរស់នៅក្នុងស្ថានភាពក្រីក្រនៅឡើយ៕