ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្តមាន​នៃ​សមាគម​អ្នក​ប្រើ​ប្រាស់​នឹង​ជួយ​កាត់​បន្ថយ​​​ចំណី​អាហារ​គ្មាន​គុណភាព


រូបឯកសារ៖ អ្នកស្រី សាន់ វ៉ាន់នី អាជីវករលក់សាច់មាន់នៅផ្សារច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខែមីនា ឆ្នាំ២០២០។ (Ananth Baliga/VOA)
រូបឯកសារ៖ អ្នកស្រី សាន់ វ៉ាន់នី អាជីវករលក់សាច់មាន់នៅផ្សារច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខែមីនា ឆ្នាំ២០២០។ (Ananth Baliga/VOA)

តំណាង​សមាគម​អ្នក​ប្រើ​ប្រាស់​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋឱ្យចូល​រួម​សហការ​ជា​មួយ​នឹង​សមាគមដើម្បីរក​ដំណោះ​ស្រាយ​លើ​កង្វល់​ដែល​ពួក​គាត់ជួប​ប្រទះ​ ពាក់​ព័ន្ធបញ្ហា​ចំណី​អាហារ​ខូច​គុណភាព​ដែល​នៅបន្ត​ជាក្តីបារម្ភ​ក្នុង​សង្គម​កម្ពុជា​។​

សមាគម​អ្នកប្រើ​ប្រាស់​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​រចនាសម្ពន្ធ​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ដែល​ពាក់​ព័ន្ធក្នុង​វិស័យ​ចំណី​អាហារ​។ សមាគម​នេះ​នឹង​ជួយអ្នក​ប្រើ​ប្រាស់​ជា​មួយ​នឹង​ការផ្តល់ការ​ប្រឹក្សា​ឯករាជ្យ​ជូន​ដល់​អ្នក​ប្រើ​ប្រាស់​ទូទៅ​ ទាក់​ទង​និង​ការ​ប្រើប្រាស់​សេវាកម្ម​ ឬ​ចំណី​អាហារ​ដែល​បង្ក​ឱ្យមាន​បញ្ហា​សុខភាព​ ឬបញ្ហា​ផ្សេងៗ​ទៀត​។

តំណាង​ក្រុម​ការងារ​ដែល​កំពុង​រៀបចំ​បង្កើត​សមាគម​ខាង​លើ​លោក​ប្រាក់​ សេរីវឌ្ឍន៍​ ប្រាប់​វីអូអេ​ថា កម្ពុជា​បាន​បង្កើត​នូវ​ច្បាប់​ស្តី​ពី​ការ​ការពារ​អ្នក​ប្រើប្រាស់ ​ដូច​នេះ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​សិទ្ធ​របស់​ពួក​គេ ​សមាគម​អ្នក​ប្រើ​ប្រាស់​នឹង​ធ្វើ​ការ​ណែ​នាំ​ពួក​គេ​ឱ្យ​យល់​ដឹង​ពី​ការ​បញ្ចេញ​មតិ​ និងកង្វល់​អំពី​សុវត្ថិភាព​ចំណីអាហារ​ ក៏ដូច​ជា​គុណភាព​នៃ​សេវាកម្ម​ណាមួយ។

លោក​ថ្លែង​ថា៖​ «សមាគម​នឹង​បង្កើត​ឡើង​ដើម្បី​យើង​ស្រប​ទៅ​តាម​ច្បាប់​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​...​បង្កើត​ជា​សមាគម​ទៅ​ដើម្បីយើង​ផ្តល់​ប្រឹក្សា​ជូនអ្នក​ប្រើ​ប្រាស់​ហើយនិងសម្រប​សម្រួល​បញ្ហា​ទាក់​ទង​ទៅ​នឹង​កង្វល់​អ្នក​ប្រើប្រាស់»។

អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្មលោក​ប៉ែន សុវិជាតិ​ប្រាប់​វីអូអេ​ថា​ ការ​នាំ​ចូល​ផលិត​ផល​ពី​បរទេស​គឺ​ជា​រឿង​ដ៏​សំខាន់​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុងស្រុក​ ​ព្រោះប្រទេស​កម្ពុជា​មិន​ទាន់​អាច​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់​ផ្គង់​ផលិត​ផល​ ឬចំណី​អាហារ​កែច្នៃ​ដោយ​ខ្លួន​ឯង​បាន​នៅ​ឡើយ​ទេ។ ​

លោក​បន្ថែមថា​ក្រសួងតែង​តែ​មាន​វិធានការ​លើការ​នាំ​ចូល​អាហារ​មាន​សារធាតុ​គីមី​ ប៉ុន្តែ​ពេល​ខ្លះ​ក្រសួង​មិនអាច​ទប់​ស្កាត់ការ​លួច​នាំ​ចូល​អាហារ​ដែល​គ្មាន​សុវត្ថិភាព​ពី​ក្រៅ​ប្រទេស​បាន​ទាំងស្រុងឡើយ​ ព្រោះ​ឈ្មួញ​នាំ​ចូល​អាហារ​ទាំង​នោះ​ មាន​វិធី​ច្រើន​ក្នុង​ការ​ដឹក​ជញ្ជូនដើម្បី​គេច​ពីការ​ត្រួត​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​។​

លោកថ្លែង​ថា​៖ «​ជាការ​ពិត​ណាស់​យើង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជាប់​ជា​ប្រចាំ​មែន​ ​ក៏​ប៉ុន្តែ​ជួន​កាល​យើង​នៅ​ឃើញ​ថា​នៅ​មាន​ទំនិញ​ខ្លះ​នៅតែ​ឆ្លៀត​ចូល​តាម​ផ្លូវ​នេះ​ផ្លូវ​នោះ​...ក៏​ប៉ុន្តែ​ទៅ​ដល់​ទី​ផ្សារ​ហើយក៏​យើង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ត​ទៀត​ដោយ​អនុលោម​តាម​ច្បាប់​សុវត្ថិភាព​ម្ហូប​អាហារ​»។

លោក​បាន​អំពាវនាវ​ដល់​អាជីវករ​បញ្ឈប់​យក​ផលិផល​ឬអាហារ​ដែល​មាន​សារធាតុ​គីមី​ អាហារ​ហួស​សុពលភាព​ និងអាហារ​បង្កក​ទុក​គ្មាន​ស្តង់ដារ​មក​ផ្គត់​ផ្គង​លើ​ទីផ្សារ​តទៅទៀត​ ដើម្បី​ការ​ពារ​សុខភាព​របស់​អ្នកប្រើប្រាស់​។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព ​លោក​យង់ គិមអេង​ លើក​ឡើង​ថា​ ចំណី​អាហារ​ដែល​មាន​សារធាតុ​គីមីដូច​ជា​អាហារ​បង្កក​ អាហារ​ហួស​សុពល​ភាព​ ជា​បន្ទុក​នៃ​មេរោគដែល​អាច​បង្កផល​ប៉ះ​ពាល់​ដ៏គ្រោះថ្នាក់លើសុខ​ភាព​ប្រជាពលរដ្ឋ​ដែល​ប្រើ​ប្រាស់​អាហារ​ទាំង​នោះ។

លោក​ថ្លែង​ថា៖ «ខ្ញុំសំណូមពរ​ឱ្យ​ក្រសួង​ចាត់​វិធាន​ការ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​នាំ​ចូល​អាហារ​បង្កក​ឬ​ខូច​សុពល​ភាព​ទាំង​អស់ដើម្បី​ធានា​សុវត្ថិភាព ធានាសុខភាព​របស់​ប្រជាពលរដ្ឋ ម្យ៉ាង​វិញ​ទៀត​ក៏​បង្ហាញ​អំពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​រដ្ឋ ចំពោះ​ប្រជាពលរដ្ឋ​ដែលខ្លួន​ត្រូវ​យក​ចិត្ត​ទុក​ដាក់ហើយ​និង​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​អាយុ​ជីវិត​ក៏​ដូច​ជា​សុខភាព​របស់​ពួក​គេ​»។

ដំណាល​គ្នា​នឹង​ពេល​មាន​ការ​ត្រៀម​បង្កើត​សមាគម​អ្នកប្រើប្រាស់​ អាជ្ញាធរមាន​សមត្ថកិច្ច​បាន​រឹបអូស​អាហារ​ខូច​គុណភាព​ជាបន្តបន្ទាប់ ដូច​ជាស្លាបមាន់ និង​បង្គា​ចាក់​ចា​ហួយ​ជាដើម។

កាលពី​ពេល​ថ្មីៗ​នេះ ក្រសួង​ពាណិជ្ជកម្ម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ក៏​បង្ក្រាប​បាន​នូវ​ឈាម​ជ្រូក​ដែល​ធ្វើ​ពី​ឈាម​គោ និង​សណ្តែក​បណ្តុះ​ដែល​បាន​ដាក់​សារធាតុ​គី​មី​ហួស​កំណត់​សរុប​រួម​ចំនូន​៧៣​គីឡូក្រាម​។ នេះ​បើ​យោង​តាមរបាយ​ការណ៍របស់​អគ្គ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​ កិច្ចការ​ប្រកួត​ប្រជែង​ និង​បង្ក្រាប​ការ​ក្លែង​បន្លំ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG