ក្រុមអ្នកស្រាវជ្រាវនៅប្រទេសអូស្ត្រាលីជឿថា ការធ្វើតេស្តលូទឹកស្អុយអាចជាប្រព័ន្ធព្រមានគួរឲ្យទុកចិត្តបានមួយដើម្បីស្វែងរកករណីឆ្លងជំងឺកូវីដ១៩។ សំណាកទឹកលូនៅរោងចក្រចម្រាញ់ទឹកលូ២កន្លែងក្នុងរដ្ឋ Queensland ត្រូវបានរកឃើញមានផ្ទុកហ្សែននៃជំងឺកូវីដ១៩។
គេសង្ឃឹមថា ការសិក្សានេះនឹងជួយក្រុមមន្ត្រីនៅពេលដែលពួកគេចាប់ផ្តើមសម្រាលការដាក់កំហិតទៅលើការផ្លាស់ទីរបស់សារធារណជន ដោយលើកឡើងពីកន្លែងសំខាន់ៗដែលមានឆ្លងជំងឺកូវីដ១៩នេះ។
ប្រទេសអូស្ត្រាលីបានបិទភោជនីយដ្ឋាន បារ និងហាងជាច្រើន ខណៈបានផាកពិន័យលើអ្នកដែលបំពានច្បាប់ដែលហាមមិនឲ្យមានការជួបជុំគ្នាលើសពី២នាក់។
លោកសាស្ត្រាចារ្យ Kevin Thomas អ្នកវិទ្យាសាស្ត្រផ្នែកសុខភាពបរិស្ថាននៅឯសាកលវិទ្យាល័យ Queensland ថ្លែងថា ការធ្វើតេស្តនេះអាចនឹងផ្តល់ជាសុចនករទូលំទូលាយមួយអំពីរបៀបដែលជំងឺរាតល្បាតនេះឆ្លងពីមួយទៅមួយ។
លោក Thomas ថ្លែងថា៖ «យើងគិតថា គុណសម្បត្តិនិងអត្ថប្រយោជន៍នៃការប្រើប្រាស់ការធ្វើតេស្តទឹកលូនិងការធ្វើតេស្តទូទៅគឺថាយើងអាចឆាប់ដឹងពីការឆ្លងនៅជំងឺកូវីដ១៩នៅក្នុងសហគមន៍ណាមួយ ហើយស្របពេលជាមួយគ្នាដែរ វាក៏អាចប្រាប់យើងនៅពេលដែលសហគមន៍ណាមួយមិនមានជំងឺកូវីដ១៩ផងដែរ។ ហើយបន្ទាប់មក យើងអាចពិនិត្យតាមដានការប្រែប្រួលណាមួយដើម្បីវាយតម្លៃថា តើវិធានការណាដែលយើងអាចរកមកអនុវត្តឲ្យស្របតាមកាលៈទេសៈដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ»។
ការស្រាវជ្រាវចេញផ្សាយដោយទស្សនាវដ្តី Nature Medicine ថ្មីៗនេះបានរកឃើញថា មនុស្សបញ្ចេញកាកសំណល់ដែលមានផ្ទុកជំងឺកូវីដ១៩ រយៈពេល២ទៅ៣ថ្ងៃមុននឹងពួកគេមានរោគសញ្ញា។ ការវិភាគទៅលើលូទឹកស្អុយអាច ឲ្យក្រុមអាជ្ញាធររកឃើញបណ្តុំនៃវីរុសកូរ៉ូណា មុននឹងអ្នកដែលបានឆ្លងជំងឺនេះដឹងថាខ្លួនឈឺ។
លោក Greg Hunt រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសអូស្ត្រាលីបានថ្លែងថា គំរោងពិនិត្យតាមដានលូទឹកស្អុយនេះគឺពិតជានាំឲ្យមានការលើកទឹកចិត្តយ៉ាងខ្លាំង ហើយមានសក្កានុពលក្នុងការពង្រឹងការឆ្លើយតបបន្ថែមរបស់អូស្ត្រាលីក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩នៅក្នុងសាកលលោក។
ការសិក្សាអំពីការធ្វើតេស្តលូទឹកស្អុយគឺជាកិច្ចសហការរវាងសាកលវិទ្យាល័យ Queenslandជាមួយនឹងទីភ្នាក់ងារវិទ្យាសាស្ត្រ CSIRO របស់រដ្ឋាភិបាលអូស្ត្រាលី ហើយដែលសិក្សាស្រាវជ្រាវបន្ថែមពីការស្រាវជ្រាវនៅក្នុងប្រទេសហូឡង់និងសហរដ្ឋអាមេរិក។
ការធ្វើតេស្តទូលំទូលាយអាចនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា