ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសតួកគី និងស៊ីរីបានខិតខំធ្វើការ ខណៈពេលវេលាកាន់តែខើចនិងមានភាពត្រជាក់ នាថ្ងៃពុធនេះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតដែលត្រូវបានកប់នៅក្នុងគំនរបាក់បែកនៃអគារដែលត្រូវបានដួលរលំដោយការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារក្នុងតំបន់កាលពីថ្ងៃចន្ទ ហើយបានបណ្តាលឱ្យមនុស្សជាង ១១.០០០ នាក់បានស្លាប់។
ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរបស់តួកគីបាននិយាយនៅថ្ងៃពុធនេះថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងប្រទេសតួកគីមានបុគ្គលិកចំនួន៩៦.០០០នាក់។
ទីកន្លែងស្វែងរកគឺជាទិដ្ឋភាពនៃការអបអរខ្លះដែរ ខណៈដែលមនុស្សត្រូវបានរកឃើញនៅរស់ និងត្រូវបាននាំយកទៅព្យាបាល។ ប៉ុន្តែការរុះរើកម្ទេចថ្មក៏រកឃើញចំនួនអ្នកស្លាប់និងរបួសកាន់តែច្រើនឡើង។
ក្រុមមន្ត្រីនៅក្នុងប្រទេសតួកគីបាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨.៥៧៤ នាក់បានស្លាប់ និងជាង ៣៨.០០០ នាក់ផ្សេងទៀតបានរងរបួស។ នៅក្នុងប្រទេសស៊ីរី មានអ្នកស្លាប់យ៉ាងហោចណាស់២.៥៣០នាក់។ នេះបើយោងតាមតួលេខពីរដ្ឋាភិបាលក្រុងដាម៉ាស និងក្រុមជួយសង្គ្រោះ។
ការរញ្ជួយដីឥឡូវនេះគឺជាព្រឹត្តិការណ៍រញ្ជួយដីដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងពិភពលោកចាប់តាំងពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១ ដែលបានសម្លាប់មនុស្សជិត២០.០០០នាក់នៅក្នុងប្រទេសជប៉ុន។
ចំណុចកណ្តាលនៃការរញ្ជួយដីកាលពីព្រឹកថ្ងៃចន្ទគឺនៅ Pazarcik ក្បែរទីក្រុង Gaziantep ជិតព្រំដែនតួកគី និងស៊ីរី។ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានទៅទស្សនាតំបន់នោះនៅថ្ងៃពុធនេះ រួមទាំងការឈប់នៅឯទីក្រុងតង់ក្នុងតំបន់ Kahramanmaras ដែលទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នបានបង្កើតឡើងសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដី៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។