ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រកួត​អាសនៈ​ព្រឹទ្ធសភា ២ នៅ​រដ្ឋ Georgia នឹង​កំណត់​ថា​តើ​គណបក្ស​ណា​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា


រូបឯកសារ៖ កំពូល​នៃ​វិមាន​សភា​កាពីតូល នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ កំពូល​នៃ​វិមាន​សភា​កាពីតូល នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

លោក Dan Sullivan សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Alaska បាន​ជាប់​ឆ្នោត​ម្តង​ទៀត​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន​អាសនៈ​យ៉ាង​តិច ៥០ នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ដែល​មាន​អាសនៈ​សរុប​ចំនួន ១០០ សម្រាប់​រយៈពេល ២ ឆ្នាំ​បន្ទាប់​ទៀត។

ប៉ុន្តែ​សម្រាប់​ការ​គ្រប់គ្រង​លើ​ព្រឹទ្ធសភា​នេះ គឺ​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ ដោយ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​គណបក្ស​ណា​មួយ​ទទួល​បាន​អាសនៈ​ចំនួន ៥១ ដែល​ជា​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា ដោយ​ហេតុ​ថា ​ត្រូវ​រង់ចាំ​ការ​បោះឆ្នោត​ផ្ដាច់ព្រាត់​សម្រាប់​អាសនៈ​ព្រឹទ្ធសភា​ចំនួន ២ ទៀត ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ Georgia នៅ​ដើម​ខែ​មករា​ខាង​មុខ។

បន្ទាប់ពី​ការ​រាប់​សន្លឹក​ឆ្នោត​ដែល​មាន​លក្ខណៈ​យឺតយ៉ាវ​នៅ​ក្នុង​រដ្ឋ Alaska នៅ​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​មក បណ្តាញ​ព័ត៌មាន​នានា​បាន​សន្និដ្ឋាន​ថា លោក Sullivan បាន​នាំ​មុខ​លោក Al Gross ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឯករាជ្យ​ដោយ​មាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រជាធិបតេយ្យ។ ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​សន្និដ្ឋាន​ថា លោក Sullivan ដែល​បាន​នាំ​មុខ​ចំនួន ២០% ជា​អ្នក​ឈ្នះ។

ដោយ​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន​អាសនៈ​ព្រឹទ្ធសភា​យ៉ាង​តិច​ចំនួន​ពាក់​កណ្តាល ចំណាប់​អារម្មណ៍​នៅ​ពេល​នេះ បាន​បង្វែរ​ទៅ​លើ​ការ​បោះឆ្នោត​ផ្ដាច់ព្រាត់​សម្រាប់​អាសនៈ​ព្រឹទ្ធសភា​ចំនួន ២ នៅ​ក្នុង​រដ្ឋ Georgia នៅ​ថ្ងៃ​ទី ៥ ខែ​មករា​ខាង​មុខ។

សមាជិក​ព្រឹទ្ធសភា​អភិរក្ស​និយម​ខាង​គណបក្ស​សាធារណរដ្ឋ ២ រូប គឺ​លោក David Perdue និង​អ្នកស្រី Kelly Loeffler ឥឡូវ​នេះ​ កំពុង​កាន់កាប់​អាសនៈ​ទាំង ២ នេះ ក៏ប៉ុន្តែ​អ្នក​ទាំង ២ បាន​បរាជ័យ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដាច់​ដោយ​ឡែក​ពី​គ្នា​កាលពី​សប្តាហ៍​មុន​ដើម្បី​ឈ្នះ​បាន​សំឡេង​ភាគ​ច្រើន ដែល​បង្ខំ​ឲ្យ​ពួកគេ​ត្រូវ​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រាត់៕

XS
SM
MD
LG