លទ្ធភាពរបស់គណបក្សនយោបាយធំៗទាំងពីរនៅក្នុងសហរដ្ឋអាមេរិក នៅក្នុងការគ្រប់គ្រងព្រឹទ្ធសភា នៅតែមានភាពមិនប្រាកដប្រជានៅឡើយនៅព្រឹកថ្ងៃពុធនេះ នៅពេលដែលការប្រកួតប្រជែងនៅក្នុងរដ្ឋមួយចំនួនដូចជារដ្ឋ North Carolina រដ្ឋ Maine និងរដ្ឋ Georgia នៅតែមានការប្រកៀកប្រកិតគ្នាយ៉ាងខ្លាំងក្នុងការបោះឆ្នោតនេះ។
បើយោងតាមព្រឹត្តិប័ត្រ Cook Political Report ដែលមិនគាំទ្រគណបក្សណា បានបញ្ជាក់ថា អាសនៈព្រឹទ្ធសភាចំនួន ៧ នៃអាសនៈព្រឹទ្ធសភាចំនួន ៣៥ ដែលត្រូវប្រកួតប្រជែងឡើងវិញសម្រាប់ការបោះឆ្នោតកាលពីថ្ងៃអង្គារ ត្រូវបានគេចាត់ទុកថា មានលក្ខណៈប្រជែងខ្លាំងបំផុត។
នៅមុនការបោះឆ្នោតកាលពីថ្ងៃអង្គារម្សិលមិញ គណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាកាន់កាប់អាសនៈភាគច្រើនចំនួន ៥៣ ទល់នឹង ៤៧ ក៏ប៉ុន្តែឆ្នាំនេះ ជាឆ្នាំដ៏លំបាកមួយសម្រាប់គណបក្សសាធារណរដ្ឋ ព្រោះអាសនៈរបស់គណបក្សនេះនៅព្រឹទ្ធសភាជាច្រើនបើប្រៀបធៀបនឹងអាសនៈរបស់គណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាត្រូវឆ្លងកាត់ការបោះឆ្នោតឡើងវិញនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារម្សិលមិញ។
នៅរដ្ឋ Colorado គណបក្សប្រជាធិបតេយ្យ បានឈ្នះ នៅពេលលោក Cory Gardner សមាជិកព្រឹទ្ធសភា កំពុងកាន់តំណែងខាងគណបក្សសាធារណរដ្ឋ បានចាញ់គូប្រជែងខាងគណបក្សប្រជាធិបតេយ្យលោក John Hickenlooper ដែលជាអតីតអភិបាលរដ្ឋ។ លោក Gardner គឺជាមន្ត្រីខាងគណបក្សសាធារណរដ្ឋដែលនៅសល់ចុងក្រោយបង្អស់នៅក្នុងរដ្ឋ Colorado ដែលជារដ្ឋដែលធ្លាប់ត្រូវបានចាត់ទុកថា មានការប្រជែងខ្លាំង។
គណបក្សសាធារណរដ្ឋ បានឈ្នះអាសនៈព្រឹទ្ធសភាមួយនៅរដ្ឋ Alabama ដោយលោក Tommy Tuberville អតីតគ្រូបង្ហាត់បាល់ឱបដែលគាំទ្រដោយលោក Trump ដែលបានយកឈ្នះសមាជិកព្រឹទ្ធសភាកំពុងកាន់តំណែងខាងគណបក្សប្រជាធិបតេយ្យលោក Doug Jones។ អាសនៈព្រឹទ្ធសភារដ្ឋ Alabama នេះ គឺជាអាសនៈតែមួយគត់ដែលកាន់កាប់ដោយគណបក្សប្រជាធិបតេយ្យ ដែលត្រូវឆ្លងកាត់ការបោះឆ្នោតកាលពីថ្ងៃអង្គារម្សិលមិញ។
ដោយការឈ្នះឆ្នោតនៅក្នុងរដ្ឋ Colorado និងការចាញ់នៅក្នុងរដ្ឋ Alabamaឥឡូវនេះ គណបក្សប្រជាធិបតេយ្យត្រូវការឈ្នះអាសនៈព្រឹទ្ធសភា ៣ បន្ថែមទៀត ប្រសិនបើលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យជាប់ឆ្នោត ឬក៏គណបក្សនេះ ត្រូវការឈ្នះ ៤ អាសនៈព្រឹទ្ធសភាបន្ថែមទៀត ប្រសិនបើលោកប្រធានាធិបតី Donald Trump ជាប់ឆ្នោតនៅអាណត្តិទីពីរ ដោយហេតុថា ប្រសិនបើព្រឹទ្ធសភាមានសំឡេង ៥០ ទល់នឹង ៥០ នោះអនុប្រធានាធិបតី គឺជាប្រធានព្រឹទ្ធសភា និងជាអ្នកបំបែកភាពជាប់គាំងនៃការសម្រេចលើសំណើច្បាប់ណាមួយរបស់ព្រឹទ្ធសភាបាន៕