បណ្តាញព័ត៌មានសហរដ្ឋអាមេរិក និងទួរគីបានរាយការណ៍កាលពីថ្ងៃព្រហស្បត៍ថា លោកប្រធានាធិបតី Recep Tayyip Erdogan នៃប្រទេសទួរគីបានយល់ព្រម អនុញ្ញាតឲ្យយន្តហោះចំបាំងរបស់សហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Incirlik ក្នុងប្រទេសតួកគីដើម្បីចាប់ផ្តើមវាយប្រហារទៅលើជនសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅខាងក្នុងប្រទេសស៊ីរី ទោះបីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបដិសេធពុំព្រមពិភាក្សាជាសាធារណអំពីសេចក្តីលម្អិតនៃកិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសទាំង២ក៏ដោយ។
សេចក្តីរាយការណ៍នោះបានធ្វើឡើងដោយកាសែតប្រចាំថ្ងៃ Hurriyet របស់ទួរគីហើយនិងកាសែត The Wall Street Journal និងកាសែត The New York Times នៅក្នុងសហរដ្ឋអាមេរិកប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងនោះបានធ្វើឡើងជាចុងក្រោយក្នុងអំឡុងពេលនៃសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធរវាងលោកប្រធានាធិបតី Erdogan និងប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។
លោក Josh Earnest អ្នកនាំពាក្យសេតវិមានបាននិយាយថា លោកមិនអាចឆ្លើយសំណួរដោយផ្ទាល់អំពីមូលដ្ឋានទ័ពអាកាស Incirlikនោះទេ ពីព្រោះតែការពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការសន្តិសុខ។
ក៏ប៉ុន្តែ សេតវិមានបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា មេដឹកនាំទាំង២បានសន្យាបង្កើនការប្រយុទ្ធរបស់ប្រទេសទាំង២ប្រឆាំងពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម ដើម្បីលើកកម្ពស់ការខំប្រឹងប្រែងដើម្បីធ្វើឲ្យមានសន្តិសុខ និងស្ថិរភាពដល់ប្រទេសអ៊ីរ៉ាក់ហើយនិងដំណោះស្រាយខាងនយោបាយដល់ជម្លោះក្នុងប្រទេសស៊ីរី។
សេចក្តីថ្លែងការណ៍របស់សេតវិមានមិនបាននិយាយដល់ការប្រើប្រាស់មូលដ្ឋានទ័ពអាកាស Incirlik ទេ ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍នោះបាននិយាយថា លោកអូបាម៉ា និងលោក Erdogan បានពិភាក្សាពីកិច្ចខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់លំហូររបស់ពួកអ្នកប្រយុទ្ធបរទេសហើយនិងការពារព្រំដែនប្រទេសទួរគីជាមួយប្រទេសស៊ីរី៕