សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាមានស្ថានភាពល្អជាងឆ្នាំមុនបន្តិច។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) សម្រាប់ឆ្នាំ ២០១៥ នេះ។ អង្គការ Reporters Without Borders បានដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងលំដាប់ទី១៣៩ ក្នុងចំណោមប្រទេស១៨០ នេះមានន័យថា កម្ពុជាបានឡើងខ្ពស់៥លេខ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលទទួលបានចំណាត់ថ្នាក់ទី១៤៤។ តែទោះជាយ៉ាងនេះក្តី ចំណាត់ថ្នាក់ទី១៣៩នេះ កម្ពុជានៅតែស្ថិតក្នុង «ស្ថានភាពលំបាក» នៅឡើយ។
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការ Reporters Without Borders ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១៥នេះ បានបន្ថែមថា ក្នុងឆ្នាំ២០១៤ មិនមានឧប្បទ្ទេវហេតុណាដែលនាំឲ្យមានការស្លាប់បាត់បង់ជីវិតអ្នកសារព័ត៌មាននិងបណ្តាញព័ត៌មានពលរដ្ឋទេ។
បើប្រៀបធៀបទៅប្រទេសជិតខាងរបស់ខ្លួន ចំណាត់ថ្នាក់ទី១៣៩ នេះ ប្រទេសកម្ពុជា គឺស្ថិតនៅលើប្រទេសចិន វៀតណាម និងលាវ។ ចំណែកឯប្រទេសថៃ បានទទួលចំណាត់ថ្នាក់ខ្ពស់ជាងប្រទេសកម្ពុជា គឺទី១៣៤។ សម្រាប់សហរដ្ឋអាមេរិកវិញ បានទទួលចំណាត់ទី៤៩។ ចំណែកឯប្រទេសដែលបានទទួលចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុត គឺប្រទេសហ្វាំងឡង់ ហើយប្រទេសដែលបានចំណាត់ថ្នាក់ទាបជាងគេបំផុតគឺប្រទេសអេរីតទ្រា៕