ក្រុមអង្គការសារព័ត៌មានចំនួនពីរដែលធ្វើការការពារសេរីភាពអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា បានចាត់ទុកចំណាត់ការរបស់អាជ្ញាធរក្រុងភ្នំពេញទៅលើអ្នកសារព័ត៌មានដែលរាយការណ៍អំពីការតវ៉ារបស់ពលរដ្ឋនៅខាងមុខស្ថានទូតចិនកាលពីថ្ងៃទី២៣ខែតុលា ថាជាការសម្លុតគំរាមកំហែងលើសេរីភាពសារព័ត៌មាន«ដែលមិនអាចទទួលយកបាន»។
ប្រតិកម្មរបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានធ្វើឡើង ក្រោយពីអ្នកសារព័ត៌មានចំនួន៦នាក់រួមទាំងអ្នកសារព័ត៌មានវីអូឌី(VOD) និងអ្នកថតរូបឱ្យទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ផងត្រូវបានសមត្ថកិច្ចសម្លុត ហើយតាមរំខាននិងចាប់ទាញយកឧបករណ៍សម្រាប់ការរាយការណ៍របស់អ្នកសារព័ត៌មាននៅពេលដែលពួកគេចុះទៅយកព័ត៌មាននៅស្ថានទូតចិនដោយតាមឃ្លាំមើលសមត្ថកិច្ចដែលសួរនាំពលរដ្ឋដែលកំពុងតវ៉ានៅពីមុខស្ថានទូតនោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់អង្គការសារព័ត៌មានទាំងពីរដែលបានចេញផ្សាយនៅថ្ងៃ ទី២៣ខែតុលា។
លោក ណុប វី នាយកប្រតិបត្តិនៃខេមបូចា បាននិយាយក្នុងសេចក្តីថ្លែងការណ៍នេះថា៖ «នេះជាសញ្ញាគំរាមកំហែងដែលមិនអាចទទួលយកបាននៅពេលដែលអ្នកសារព័ត៌មានកំពុងបំពេញវិជ្ជាជីវៈរបស់ពួកគេ។ អាជ្ញាធរហាក់ចាត់ទុកថាអ្នកសារព័ត៌មានគឺជាអ្នកឃ្លាំមើលយ៉ាងសំខាន់ដែលធ្វើឱ្យពួកគេពិបាកបង្ក្រាបលើក្រុមអ្នកតវ៉ា»។
នៅថ្ងៃ២៣តុលា ដែលជាទិវាគម្រប់ខួបលើកទី២៩នៃ ថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាតុករមួយក្រុមដែលភាគច្រើនជាស្ត្រី បាននាំគ្នាធ្វើការតវ៉ានៅខាងមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញក្រោយពីមានការប្រកាសរបស់គណបក្សប្រឆាំងក្នុងការធ្វើបាតុកម្មប្រឆាំង«វត្តមានយោធាចិននៅកម្ពុជា»នៅតាមប្រទេសជាច្រើនលើពិភពលោករួមទាំងនៅសហរដ្ឋអាមេរិកផងដែរ៕