ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​ថ្លែង​ថា កូរ៉េ​ខាង​ជើង​សាងសង់​មីស៊ីល​ថ្មី​បន្ថែម


នេះ​ជា​រូប​ផ្កាយ​រណប​ដែល​បង្ហាញ​ពី​ការ​ផលិត​មីស៊ីល​នៅ​ក្នុង​ខេត្ត Sanumdong ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
នេះ​ជា​រូប​ផ្កាយ​រណប​ដែល​បង្ហាញ​ពី​ការ​ផលិត​មីស៊ីល​នៅ​ក្នុង​ខេត្ត Sanumdong ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​បាន​រាយការណ៍​មក​ថា មាន​សញ្ញា​ចង្អុល​បង្ហាញ​ថា កូរ៉េ​ខាង​ជើង​កំពុង​សាងសង់​មីស៊ីល​ថ្មីបន្ថែម​ទៀត។

យោង​តាម​កាសែត The Washington Post ​ក្រុម​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​បាន​ថ្លែង​ដោយ​អនាមិក​ថា​ កូរ៉េ​ខាង​ជើង​ទំនង​កំពុង​សាងសង់​យ៉ាង​ហោច​ណាស់​មីស៊ីល​មួយ​ឬ​អាច​នឹង​សាងសង់​ដល់​ទៅ​ពីរ នៅ​ឯ​អាគារ​ស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ​មួយ​ក្នុង​ខេត្ត Sanumdong។

កាសែត​នេះ​ថ្លែង​ថា មាន​ភស្តុតាង​ថ្មី រួម​បញ្ចូល​ទាំង​រូប​ថត​ផ្កាយ​រណប​ ដែល​បង្ហាញ​មីស៊ីល​ទាំង​នោះ​ជា​កាំជ្រួច​មីស៊ីល​ឆ្លង​ទ្វីប​ដែល​ប្រើប្រាស់​ថាមពល​រាវ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឯ​រោងចក្រ​មួយ​ដែល​ផលិត​មីស៊ីល​ដំបូង​បំផុត​របស់​កូរ៉េ​ខាង​ជើង​ដែល​អាច​មាន​សមត្ថភាព​បាញ់​ដល់​សហរដ្ឋ​អាមេរិក។

កាសែត​ The Washington Post បាន​បន្ថែម​ថា ព័ត៌មាន​សម្ងាត់​ថ្មី​នេះ​មិន​បាន​បង្ហាញ​ថា កូរ៉េ​ខាង​ជើង​បាន​បង្កើន​សមត្ថភាព​កាំជ្រួច​មីស៊ីល​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​កំពុង​តែ​ធ្វើ​ការ​ដើម្បី​ធ្វើ​ឲ្យ​អាវុធ​របស់​ខ្លួន​កាន់​តែ​ទំនើប នៅ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​កំពូល​នៅ​សិង្ហបុរី​រវាង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ​និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន។

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួងការបរទេស​អាមេរិក​មិន​មាន​អត្ថាធិប្បាយ​អ្វី​ទៅ​លើ​ព័ត៌មាន​សម្ងាត់​នោះ​ទេ នៅពេល​ដែល​លោក​ត្រូវ​បាន​សាកសួរ​អំពី​បញ្ហា​នេះ៕

XS
SM
MD
LG