វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ នឹងរៀបចំឡើងក្នុងរាជធានីភ្នំពេញ នាខែឧសភា ឆ្នាំ២០១៧ខាងមុខ។ មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញសេដ្ឋកិច្ចមើលឃើញពីផលចំណេញដែលកម្ពុជាអាចនឹងទាញបានពីការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនេះ។
វេទិកាសេដ្ឋកិច្ចពិភពលោកគឺជាវេទិកាអន្តរជាតិមួយសម្រាប់សហប្រតិបត្តិការសាធារណៈ និងឯកជន។ វេទិកាសេដ្ឋកិច្ចនេះធ្វើឡើងសម្រាប់ផ្សារភ្ជាប់អ្នកដឹកនាំផ្នែកនយោបាយ និងពាណិជ្ជកម្ម ដើម្បីរៀបចំបង្កើតរបៀបវារៈសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅកម្ពុជានេះរំពឹងថា នឹងមានអ្នកចូលរួមប្រមាណ៧០០នាក់ មានសមាសភាពជាបញ្ញវ័ន្តសង្គមស៊ីវិល មេដឹកនាំនយោបាយ និងពាណិជ្ជកម្ម។
លោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាសហការជាមួយភាគីពាក់ព័ន្ធកំពុងរៀបចំដំណើរប្រព្រឹត្តទៅនៃវេទិកាសេដ្ឋកិច្ចនេះ ក៏ប៉ុន្តែលោកស្រីថ្លែងថា របៀបវារៈនៃវេទិកាសេដ្ឋកិច្ចនេះនៅមិនទាន់សម្រេចនៅឡើយនោះទេ។
លោកស្រី សឹង សុផារី បញ្ជាក់ថា មូលហេតុដែលវេទិកាសេដ្ឋកិច្ចពិភពលោកជ្រើសរើសយកកម្ពុជាឲ្យធ្វើជាម្ចាស់ផ្ទះ គឺដោយសារតែកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍគម្រូមួយ ដែលមានការលូតលាស់គួរឲ្យកត់សម្គាល់។
«ប្រទេសយើងជាប្រទេសគម្រូមួយ បានន័យថា យើងទទួលបានជំនួយ ហើយយើងអភិវឌ្ឍការកសាងសមត្ថភាពតាមជំនួយហ្នឹង យើងបានកំណើនសេដ្ឋកិច្ច។ គេយកយើងជាប្រទេសគម្រូសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច»។
លោកស្រីបន្ថែមទៀតថា ថ្នាក់ដឹកនាំកម្ពុជានឹងកំណត់យកបញ្ហាប្រឈមជាអាទិភាពចំពោះការអភិវឌ្ឍវិស័យសេដ្ឋកិច្ចទាំងក្នុងប្រទេស និងតំបន់ដើម្បីលើកយកទៅពិភាក្សា និងរកដំណោះស្រាយនៅក្នុងវេទិកានោះ។
ទន្ទឹមនឹងការចំណាយថវិកា និងកម្លាំងសម្រាប់រៀបចំវេទិកាពិភពលោកបែបនេះលោកស្រី សឹង សុផារី ក៏មើលឃើញពីផលចំណេញ និងបទពិសោធន៍ថ្មីដែលកម្ពុជាអាចនឹងទទួលបានពីភាពជាម្ចាស់ផ្ទះនៃវេទិកានេះផងដែរ។
«យើងមានឱកាសបង្ហាញប្រទេសយើងប្រាប់ប្រទេសដទៃ មេដឹកនាំប្រទេសធំៗ។ ទី២ក្រសួងទទួលបន្ទុកចូលរួមជាមួយឆាកអន្តរជាតិក្នុងវិស័យហ្នឹងកាន់តែច្បាស់លាស់ទៀត ធ្វើឲ្យប្រទេសយើងបានធ្វើសមាហរណកម្មក្នុងវិស័យសេដ្ឋកិច្ចពិភពលោកកាន់តែប្រសើរជាងមុន។ ដល់ពេលយើងនាំយកវេទិកាហ្នឹងមកដល់ប្រទេសយើង ធ្វើឲ្យប្រជាជនយើង ស្ថាប័នពាក់ព័ន្ធអាចដឹងថា ពិភពលោកដើរដល់ណា ហើយយើងដើរដល់ណា?»
លោក ចាន់ សុផល ប្រធានមជ្ឈមណ្ឌលដើម្បីការសិក្សាគោលនយោបាយក៏មើលឃើញពីសុទិដ្ឋិនិយមដែលកម្ពុជាទទួលបានពីវេទិកាសេដ្ឋកិច្ចពិភពលោកនេះដែរ។
«ផលចំណេញមួយ គឺគេស្គាល់អំពីវេទិកាសេដ្ឋកិច្ចពិភពលោក អញ្ចឹងទៅយើងក៏ល្បីតាមគេដែរ។ យើងបានឈ្មោះបោះសំឡេងតាមហ្នឹង។ ទី២ ភ្ញៀវមកច្រើនធ្វើឲ្យចំណូលខាងវិស័យទេសចរណ៍កើនឡើង។ ទី៣ ខ្ញុំជឿថា នឹងមានគំនិតល្អៗច្រើនចេញពីសន្និសីទ ដែលអាចឲ្យយើងចាប់យកបានមកធ្វើជាគោលនយោបាយសេដ្ឋកិច្ចសម្រួចតាមគំនិតវាគ្មិនសំខាន់ៗ»។
លោក ចាន់ សុផល យល់ថា របាំងពាណិជ្ជកម្ម និរន្តរភាពសេដ្ឋកិច្ចប្រកបដោយគុណធម៌ គុណភាពនិងកំណើនសេដ្ឋកិច្ច អាចជាប្រធានបទសំខាន់ៗសម្រាប់វេទិកាសេដ្ឋកិច្ចនេះ។ លោក ចាន់ សុផល យល់ថា កម្ពុជាទំនងជាមិនជួបនឹងការលំបាកច្រើនទេចំពោះការធ្វើជាម្ចាស់ផ្ទះវេទិកាសេដ្ឋកិច្ចនេះ ដោយសារតែកន្លងមកកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិច្រើនមកហើយ ដូចជាជំនួបកំពូលអាស៊ានក្នុងឆ្នាំ២០១២ជាដើម។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ថ្លែងថា ដើម្បីឲ្យការរៀបចំវេទិកាខ្នាតអន្តរជាតិនេះឲ្យបានជោគជ័យនោះ គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវមានស្មារតីរួបរួមគ្នា។ លោកបន្តថា ការរៀបចំនេះមានទំហំការងារច្រើន និងទាមទារការយកចិត្តទុកដាក់ខ្ពស់ ដែលអាចឆ្លុះបញ្ចាំងពីមុខមាត់របស់កម្ពុជាទាំងមូល។
«អ្វីសំខាន់ដែលកម្ពុជាអាចនឹងទទួលបាននោះ គឺនៅពេលយើងមានបញ្ហាមួយ យើងនាំគ្នាដោះស្រាយ យើងនាំគ្នាធ្វើ។ តាមការធ្វើហ្នឹង យើងបានរៀនអីមួយ។ យើងពង្រឹងសមត្ថភាព និងកេរ្តិ៍ឈ្មោះ ការកសាងទំនុកចិត្ត និងការអភិវឌ្ឍ»។
លោក ម៉ី កល្យាណ លើកឡើងថា ចំណុចសំខាន់២ដែលលោកគិតថា គួរតែមានការយកចិត្តទុកដាក់ខ្ពស់នោះ ទី១គឺបញ្ហាកកស្ទះចរាចរ និងទី២គឺការធានាសន្តិសុខ និងសុវត្ថិភាពជូនគណៈប្រតិភូដែលនឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនាឆ្នាំ២០១៧ខាងមុខនេះ។
វេទិកាសេដ្ឋកិច្ចពិភពលោកគឺជាផ្នែកមួយនៃអង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានស្នាក់កាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧១។
វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៦ កាលពីដើមខែមិថុនាកន្លងទៅត្រូវបានធ្វើឡើងក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយអាស៊ានបានពិភាក្សាទៅលើបញ្ហាប្រឈមសំខាន់ៗរបស់អាស៊ានដែលរំខានដល់លំហូរទំនិញ សេវាកម្ម និងកម្លាំងពលកម្ម ក្រោយសមាហរណកម្មអាស៊ានកាលពីចុងឆ្នាំ២០១៥នោះ៕