ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៣ រសៀល នាថ្ងៃអាទិត្យ ទី ៥ ខែមិថុនានេះ ការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ នៅទូទាំងប្រទេស នឹងចាប់ផ្តើមបើកទ្វារ។ ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩ លាននាក់ ត្រៀមចេញទៅបោះឆ្នោត ជ្រើសរើសតំណាងថ្នាក់មូលដ្ឋានរបស់ពួកគេនៅតាមការិយាល័យបោះឆ្នោតដែលបានចុះឈ្មោះ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិទី៥នេះ ជាការបោះឆ្នោតថ្នាក់មូលដ្ឋានជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង ១ ម៉ឺននាក់នៅទូទាំងប្រទេស ដែលក្នុងនោះមានមេឃុំចៅសង្កាត់១.៦៥២ នាក់។ គណបក្សនយោបាយនីមួយៗបានប្រកាសនិងសន្យាជាមួយម្ចាស់ឆ្នោតអំពីការអភិវឌ្ឍមូលដ្ឋាន ជួយដោះស្រាយបញ្ហាជូនពលរដ្ឋលើវិស័យនានា បំពេញសេចក្តីត្រូវការរបស់ពលរដ្ឋ ដូចមានការផ្សព្វផ្សាយក្នុងកម្មវិធីនយោបាយ។
គណបក្សនយោបាយសរុបចំនួន ១៧ បានចូលរួមក្នុងការបោះឆ្នោតនេះ ប៉ុន្តែមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានដាក់បេក្ខជនឈរឈ្មោះគ្រប់ឃុំសង្កាត់សរុបចំនួន ១.៦៥២ នៅទូទាំងប្រទេស។ ចំណែកគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សភ្លើងទៀន ដែលដឹកនាំដោយអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិ បានដាក់បេក្ខជនឈរឈ្មោះ ក្នុងឃុំសង្កាត់សរុបចំនួន១.៦២៣។ ដូច្នេះមានន័យថា ក្នុងឃុំសង្កាត់មួយចំនួន មិនមានគណបក្សភ្លើងទៀននៅលើសន្លឹកឆ្នោតឡើយ។ គណបក្សហ៊្វុនស៊ិនប៉ិចបានដាក់បេក្ខជនឈរឈ្មោះក្នុងឃុំសង្កាត់សរុបចំនួន ៦៨០ ឃុំសង្កាត់ គណបក្សខ្មែររួបរួមជាតិចំនួន ៥៩៦ ឃុំសង្កាត់ និងគណបក្សខ្មែរស្រឡាញ់ជាតិចំនួន ៣១៥ ឃុំសង្កាត់។
នៅរាជធានីភ្នំពេញ គណបក្សភ្លើងទៀនដាក់បេក្ខជនឈរឈ្មោះក្នុង៩៥សង្កាត់ ក្នុងចំណោមសង្កាត់សរុបចំនួន ១០៥។
នៅរាជធានីភ្នំពេញ កាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រប្រមាណ៣៥ម៉ឺនសំឡេងឆ្នោត ស្មើប្រមាណ៤៤%។ ចំណែកអតីតគណបក្សសង្រ្គោះជាតិវិញទទួលបានប្រមាណ៤២ម៉ឺនសំឡេង ស្មើនឹងប្រមាណ៥២%។ បើគិតជាចំនួនចៅសង្កាត់វិញគណបក្សសង្រ្គោះជាតិទទួលបានចៅសង្កាត់ចំនួន៥៧ ទល់នឹង៤៨របស់គណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នាត លោក ហង្ស ពុទ្ធា វាយតម្លៃជាបឋមថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅដោយរលូន ដោយសង្កត់ធ្ងន់ពីការរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
នៅក្នុងដំណើរការឆ្ពោះទៅកាន់ថ្ងៃបោះឆ្នោតផ្លូវការ មន្រ្តីប្រចាំស្ថាប័នរៀបចំការបោះឆ្នោតរូបនេះលើកឡើងពីកិច្ចប្រឹងប្រែងរបស់គ.ជ.ប នៅក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការរៀបចំ និងដឹកជញ្ជូនហឹបដាក់សន្លឹកឆ្នោតទៅកាន់ការិយាល័យប្រមាណជាង២០ការិយាល័យនៅក្នុងប្រទេស។
លោកថ្លែងថា៖ «ការលំបាកត្រង់ថាផ្លូវទៅកាន់ការិយាល័យក្នុងការដឹកជញ្ជូនសម្ភារៈមានចម្ងាយឆ្ងាយពាក់ព័ន្ធនឹងទឹក ត្រូវការឆ្លងកាត់ទឹកដូចជា ៨ កន្លែង ឡើងភ្នំជាដើម។ នេះជាការលំបាកមួយដែលឥឡូវនេះយើងមានដំណោះស្រាយហើយ គឺប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីដឹកនូវសម្ភារៈចាំបាច់ដូចជា ហឹបឆ្នោតបញ្ជីបោះឆ្នោត ទឹកខ្មៅជ្រលក់លុបមិនជ្រះ ហើយនិងឧបករណ៍ផ្សេងទៀត។ បច្ចុប្បន្នយើងបានដោះស្រាយរួចហើយអស់ហើយ»។
លោក ហង្ស ពុទ្ធា អំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតជាង៩លាននាក់ ឱ្យចូលរួមក្នុងការបោះឆ្នោត និងប្រកាន់ខ្ជាប់វិធានការបង្ការការឆ្លងជំងឺកូវីដ១៩ ផ្សេងៗនៅតាមការិយាល័យបោះឆ្នោត។
បើតាមប្រតិទិនរបស់ គ.ជ.ប ការរាប់សន្លឹកឆ្នោត បិទផ្សាយលទ្ធផលនៅការិយាល័យបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃអាទិត្យដដែល ហើយការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតដោយ គ.ជ.ប នឹងធ្វើឡើងនៅថ្ងៃអាទិត្យ និងនៅថ្ងៃបន្ទាប់ គឺថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២។
នៅមុនថ្ងៃបោះឆ្នោត គ.ជ.ប បានចេញសេចក្តីអំពាវនាវមួយ ដោយជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាពទាំងឡាយ «ដែលមានបំណងបំផ្លាញការបោះឆ្នោត» «រារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត» «ធ្វើឱ្យមានការភ័ន្តច្រឡំ នាំឱ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត» «បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន»។
មន្រ្តីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ថ្លែងថា អង្គការរបស់លោក និងអង្គការសង្គមស៊ីវិលដទៃទៀតនឹងតាមដានពិនិត្យមើលក្នុងករណីមានភាពមិនប្រក្រតីផ្សេងៗនៃការបោះឆ្នោត។
លោកថែ្លងថា៖ «យើងមានការចូលរួម គឺថា ចូលរួមដាក់ពង្រាយអ្នកសង្កេតការណ៍នេះហើយពីសំណាក់អង្គការសង្គមស៊ីវិលមួយចំនួន ដែលគេមានធនធានមនុស្សហ្នឹង ដែលគេបានផ្តល់ជូន។ យើងបានដាក់ធនធានមនុស្សទាំងអស់ហ្នឹង សម្រាប់ចូលរួមលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋ។ ពិសេស យើងបានធ្វើការឃ្លាំមើលនូវសកម្មភាព ការគំរាមកំហែង និងភាពមិនប្រក្រតីទាក់ទងនឹងការចូលរួម ឬក៏ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងដំណាក់កាលនៃការបោះឆ្នោតហ្នឹង»។
អង្គការសិទ្ធិមនុស្សលីកាដូបានប្រកាសថា ខ្លួននឹងឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស អំឡុងពេលបោះឆ្នោតឃុំ-សង្កាត់នេះ។
គួររំឭកផងដែរ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដោយកុំឱ្យមានក្តីបារម្ភអំពីការគំរាមកំហែងអ្វីឡើយ៕