ប្រទេសនីហ្សេរីយ៉ា ជាប្រទេសដែលផលិតប្រេងឆៅក្នុងបរិមាណយ៉ាងច្រើន។ ក៏ប៉ុន្តែ ប្រទេសនេះមានរោងចក្រចម្រាញ់ប្រេងឆៅតិចតួចប៉ុណ្ណោះដែលកំពុងដំណើរការ។ នេះជាហេតុធ្វើឲ្យប្រទេសនេះពឹងផ្អែកលើការនាំចូលប្រេងពីក្រៅដើម្បីបំពេញតម្រូវការក្នុងប្រទេស។
វាជារឿងមួយដែលមិនគួរឲ្យជឿដែលថា ប្រទេសនីហ្សេរីយ៉ាជាប្រទេសដែលផលិតប្រេងឆៅធំជាងគេនៅទ្វីបអាហ្វ្រិក។ ក៏ប៉ុន្តែ ប្រទេសនេះបែរជាពឹងផ្អែកលើប្រេងសាំង និងម៉ាស៊ូតនាំចូលពីគេទៅវិញដើម្បីឲ្យមានភ្លើងបំភ្លឺ និងធ្វើឲ្យរថយន្តដំណើរការទូទាំងប្រទេស។ ប្រេងសាំងនាំចូលទាំងនេះទទួលបានបដិភាគពីរដ្ឋាភិបាល។
រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក Muhammadu Buhari ដែលនឹងទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន នាពេលដ៏ខ្លីខាងមុខនេះ បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងដាក់ឲ្យដំណើរការឡើងវិញនូវរោងចក្រចម្រាញ់ប្រេងកាតទាំងបួនរបស់ប្រទេសនីហ្សេរីយ៉ា។
ក៏ប៉ុន្តែ លោក Alhji Sani Salsabil អ្នកនាំពាក្យរបស់សហជីពទីផ្សារប្រេងកាត នៅទីក្រុង Kaduna ភាគខាងជើងនៃប្រទេសនេះ និយាយថា បើទោះណាជាពួកគេរស់នៅក្នុងទីក្រុងមួយដែលមានរោងចក្រចម្រាញ់ប្រេងមួយក៏ដោយ ក៏សមាជិករបស់លោកត្រូវបើកបរក្នុងចម្ងាយផ្លូវរាប់រយម៉ៃល៍ (រង្វាស់ចម្ងាយប្រវែង) ដើម្បីស្វែងរកទិញប្រេងសាំង។
«ដោយសារតែរោងចក្រចម្រាញ់ប្រេងកាតនៅទីក្រុង Kaduna លែងដំណើរការ យើងត្រូវចុះទៅភាគខាងត្បូងដូចជាទៅទីក្រុង Lagos ឬក៏ទីក្រុង Port Harcourt និងកន្លែងផ្សេងទៀតដែលអ្នកស្គាល់ ដើម្បីទៅរកប្រេងឥន្ធនៈ»។
ការពឹងផ្អែករបស់ប្រទេសនីហ្សេរីយ៉ាទៅលើប្រេងឥន្ធនៈនាំចូលពីក្រៅ បានបណ្ដាលឲ្យកើតមានបញ្ហាមួយចំនួនទាក់ទងនឹងការផ្គត់ផ្គង់ប្រេង ដូចជាបញ្ហាមួយដែលបានកើតឡើងក្នុងខែឧសភានេះ គឺជម្លោះរវាងអ្នកនាំចូលប្រេងឥន្ធនៈ និងរដ្ឋាភិបាលដែលបណ្ដាលឲ្យមានវិបត្តិខ្វះខាតប្រេងទូទាំងប្រទេស។
កម្មវិធីបដិភាគរបស់រដ្ឋាភិបាលដែលបានរក្សាតម្លៃប្រេងឆៅឲ្យនៅថេរនោះ ត្រូវបានគេមើលឃើញជាយូរមកហើយថា ជារឿងមួយដែលរដ្ឋាភិបាលកេងចំណេញផលប្រយោជន៍។
លោក Saidu Mohammed នាយកគ្រប់គ្រងទូទៅនៃរោងចក្រចម្រាញ់ប្រេងកាតនៅទីក្រុង Kaduna និយាយថា មានរឿងពីរផ្សេងទៀតដែលបង្កជាបញ្ហាដល់រោងចក្រចម្រាញ់ប្រេងកាត គឺការថែទាំរោងចក្រ និងបញ្ហាអសន្តិសុខ។ រោងចក្រចម្រាញ់ប្រេងកាតនេះមិនអាចដំណើរការបានទេ ពីព្រោះតែក្រុមហ៊ុនប្រេងរបស់រដ្ឋតែងតែមានបញ្ហាជាញឹកញាប់លើលទ្ធភាពក្នុងជួសជុល។ នៅពេលដែលរោងចក្រអាចដំណើរបាន ការផ្គត់ផ្គង់ប្រងឆៅសម្រាប់រោងចក្រនេះ មកពីទីក្រុង Warri ស្ថិតនៅភាគខាងត្បូង ដែលមានបញ្ហាដោយសារតែមានការលួចយកបំពង់បង្ហូរប្រេង។
«នៅខណៈពេលដែលយើងចាប់ផ្ដើមបូមប្រេងមកពីទីក្រុង Warri ពួកគេក៏រង់ចាំបូមយកដែរ។»
លោក Mohammed បន្ថែមថា រោងចក្រចម្រាញ់ប្រេងកាតកំពុងត្រូវបានជួសជុលឡើងវិញ ហើយនៅពេលដែលរោងចក្រនោះមានប្រេងគ្រប់គ្រាន់ វានឹងចាប់ផ្ដើមដំណើរការឡើងវិញ។ ប៉ុន្តែ លោក Bismarck Rewane ប្រធានប្រតិបត្តិក្រុមហ៊ុន Financial Derivatives Company និយាយថា បញ្ហារោងចក្រចម្រាញ់ប្រេងនេះ បង្ហាញឲ្យឃើញថា វាប្រហែលជាដល់ពេលដែលរដ្ឋាភិបាលគួរដកខ្លួនចេញឲ្យឆ្ងាយពីអាជីវកម្មចម្រាញ់ប្រេងកាតនេះ។
«ដកការគ្រប់គ្រងលើឧស្សាហកម្មនេះ ហើយអនុញ្ញាត្តឲ្យមានការវិនិយោគទុនថ្មីៗ។ ធ្វើឯកជនូបនីយកម្ម (ការលក់ទ្រព្យសម្បត្តិឲ្យទៅឯកជនកាន់កាប់) រោងច្រកទាំងនោះ ហើយលក់វាចេញទៅ»។
លោកប្រធានាធិបតី Buhari ត្រូវបានរំពឹងថា នៅទីបញ្ចប់លោកនឹងបង្ហាញសំណើកំណែទម្រង់លើវិស័យប្រេងកាតនេះ៕
ប្រែសម្រួលដោយ ស៊ុន សុខេន