នៅថ្ងៃទី៤ ខែឧសភានេះគឺជាថ្ងៃគម្រប់ខួប៤៥ឆ្នាំនៃព្រឹត្តិការណ៍បាញ់រះមកលើក្រុមនិស្សិតបាតុករនៅសកលវិទ្យាល័យ Kent State ដែលបានសម្លាប់និស្សិត៤នាក់។ បាតុកម្មជាច្រើនបានកើតឡើងតាមសកលវិទ្យាល័យរបស់អាមេរិកក្នុងអំឡុងទសវត្សរ៍១៩៧០ ដើម្បីប្រឆាំងនឹងគោលនយោបាយរបស់អាមេរិកក្នុងសង្គ្រាមនៅវៀតណាម និងសេចក្តីសម្រេចឲ្យមានការវាយប្រយុទ្ធដោយយោធារបស់អាមេរិកនៅកម្ពុជា។
កាលពីថៃ្ងទី៤ ខែឧសភា ឆ្នាំ១៩៧០ ព្រឹត្តិការណ៍បាញ់រះមកលើក្រុមនិស្សិតជាបាតុករនៅសកលវិទ្យាល័យ Kent State នៅរដ្ឋ Ohio បានកើតឡើង ក្រោយពេលដែលលោក Richard Nixon អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឲ្យមានការវាយប្រហារដោយយោធាមកលើប្រទេសកម្ពុជា ក្នុងអំឡុងសង្គ្រាមនៅវៀតណាមកាលពីទសវត្សរ៍១៩៧០។
សេចក្តីសម្រេចនេះបានបណ្តាលឲ្យមានការធ្វើបាតុកម្មធំៗជាច្រើននៅតាមសកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក។ ការបាញ់រះដោយឆ្មាំសន្តិសុខរបស់រដ្ឋ Ohio មកលើក្រុមនិស្សិតបាតុករនៅសកលវិទ្យាល័យ Kent State បានសម្លាប់និស្សិត៤នាក់។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០ លោកប្រធានាធិបតី Nixon បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ជាតិអំពីសេចក្តីសម្រេចរបស់រដ្ឋាភិបាលអាមេរិកក្នុងការដាក់ទ័ពវាយប្រយុទ្ធចូលក្នុងទឹកដីប្រទេសកម្ពុជា ដែលជាប្រទេសអព្យាក្រិត្យ ក្នុងអំឡុងសង្គ្រាមនៅវៀតណាម។ មួយថ្ងៃក្រោយសេចក្តីសម្រេចនេះបានធ្វើឡើង បាតុកម្មជាច្រើនបានកើតមានឡើងនៅតាមសកលវិទ្យាល័យអាមេរិក។
នៅថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ១៩៧០ និស្សិតមួយក្រុមធំបាននាំគ្នាធ្វើបាតុកម្មដោយសន្តិភាពនៅបរិវេណសកលវិទ្យាល័យ Kent State នៅរដ្ឋ Ohio ដើម្បីប្រឆាំងនឹងការធ្វើសង្គ្រាមរបស់អាមេរិកនៅប្រទេសវៀតណាម និងការដាក់ទ័ពវាយប្រយុទ្ធលើប្រទេសកម្ពុជា។
ឆ្មាំសន្តិសុខនៃរដ្ឋ Ohio ប្រមាណ១ពាន់នាក់បានចុះអន្តរាគមន៍នៅកន្លែងធ្វើបាតុកម្មដោយក្រុមនិស្សិតនោះ ដែលបង្កឲ្យមានការតទល់គ្នាដ៏តានតឹងរវាងនិស្សិតជាបាតុករ និងក្រុមសន្តិសុខទាំងនោះ។
ភាពតានតឹងនេះបានបន្តរហូតដល់ថ្ងៃច័ន្ទ ទី៤ ខែឧសភា ដែលចំនួនបាតុករបានកើនឡើងដល់ប្រមាណ៣ពាន់នាក់។ ហើយនៅរសៀលថ្ងៃនោះ ឆ្មាំសន្តិសុខបានបាញ់រះលើក្រុមនិស្សិតជាបាតុករ ដោយបានសម្លាប់និស្សិត៤នាក់ និងនិស្សិត៩នាក់ទៀតបានរងរបួស។
ការបាញ់រះមកលើក្រុមនិស្សិតជាបាតុករនៅសកលវិទ្យាល័យ Kent State មានឥទ្ធិពលខ្លាំងនៅពាសពេញសហរដ្ឋអាមេរិក ដែលជំរុញឲ្យនិស្សិតរាប់រយនាក់ធ្វើបាតុកម្មតាមដងផ្លូវ ហើយសកលវិទ្យាល័យប្រមាណ៥០០កន្លែងបានបិទទ្វារ។
រហូតមកដល់សព្វថ្ងៃនេះ ការបាញ់រះមកលើក្រុមនិស្សិតបាតុករនៅសកលវិទ្យាល័យ Kent State បានក្លាយជានិមិត្តរូបនៃឥទ្ធិពលសង្គ្រាមនៅវៀតណាមមកលើប្រជាពលរដ្ឋអាមេរិក។
បើទោះបីជារដ្ឋាភិបាលអាមេរិកខំប្រឹងប្រែងមិនឲ្យមានព្រឹត្តិការណ៍ស្រដៀងគ្នានឹងព្រឹត្តិការណ៍នៅសកលវិទ្យាល័យ Kent State កាលពីឆ្នាំ១៩៧០ក្តី ក៏កិច្ចខំប្រឹងប្រែងនេះបានបរាជ័យ ខណៈដែលនៅសហរដ្ឋអាមេរិកសព្វថ្ងៃនេះ ប៉ូលីសអាមេរិកបានបាញ់ជនដែលគ្មានអាវុធ ជាពិសេសលើជនជាតិអាមេរិកស្បែកខ្មៅ ដែលបណ្តាលឲ្យមានការធ្វើបាតុកម្មបែបហិង្សាជាច្រើន ដូចជានៅទីក្រុង Ferguson, Missouri, និងថ្មីៗនេះនៅទីក្រុង Balimore រដ្ឋ Maryland៕