ព័ត៌មានពាក់ព័ន្ធនឹងការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះ មិនបានរារាំងការធ្វើដំណើររបស់លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ក្នុងការធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េនៅថ្ងៃអាទិត្យនេះទេ។
លោក Mike Pence និងភរិយារបស់លោក បានធ្វើដំណើរតាមយន្តហោះ Air Force 2 ទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅរសៀលថ្ងៃអាទិត្យនេះ ដូចដែលបានគ្រោងទុក។
ការបរាជ័យនៃការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានដឹងក្នុងរយៈពេលមួយម៉ោងក្រោយមក បន្ទាប់ពីលោក Pence និងក្រុមរបស់លោក បានធ្វើដំណើរចាកចេញពីទីក្រុង Anchorage រដ្ឋ Alaska។ ភ្លាមៗនោះ លោក Pence បានទាក់ទងលោកប្រធានធិបតី Donald Trump ដែលកំពុងតែស្ថិតនៅក្នុងរដ្ឋ Florida។ នេះបើយោងតាមការបញ្ជាក់របស់ជំនួយការរបស់លោក Pence។
លោក Pence បានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ ថ្ងៃ ទៅកាន់ប្រទេសចំនួន៤។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសកូរ៉េខាងត្បូង លោកនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ឥណ្ឌូនេស៊ី អូស្ត្រាលី និងកោះហាវ៉ៃ។ នេះជាដំណើរទស្សនកិច្ចផ្លូវការដំបូងបង្អស់របស់លោក ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនៅទីនោះ លោកនឹងរៀបចំកិច្ចពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច និងសន្តិសុខ ដែលក្នុងនោះមានរួមបញ្ចូលទាំងកិច្ចពិភាក្សាអំពីសកម្មភាពយោធាបង្កហេតុរបស់កូរ៉េខាងជើងផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក Pence នេះ បានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីកូរ៉េខាងជើងប្រារព្ធពិធីបុណ្យថ្ងៃឈប់សម្រាក ដែលត្រូវនឹងថ្ងៃកំណើតរបស់បិតាស្ថាបនិកជាតិកូរ៉េខាងជើង លោក Kim Il Sung៕