ចៅក្រមម្នាក់នៅក្នុងរដ្ឋ Georgia ដែលនៅតំបន់ភាគខាងត្បូងរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញបានបដិសេធការខំប្រឹងប្រែងដោយលោកអតីតប្រធានាធិបតី Donald Trump ដើម្បីរារាំងពួករដ្ឋអាជ្ញាមិនឱ្យស្វះស្វែងធ្វើការចោទប្រកាន់ប្រឆាំងនឹងលោកចំពោះការព្យាយាមបដិសេធដោយខុសច្បាប់ចំពោះការចាញ់ការបោះឆ្នោតរបស់លោកនៅឆ្នាំ ២០២០ នៅក្នុងរដ្ឋនោះទៅលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ។
លោក Trump បានអះអាងថា លោកស្រី Fani Willis រដ្ឋអាជ្ញានៅសង្កាត់ Fulton ក្នុងទីក្រុង Atlanta ដែលបានកាន់សំណុំរឿងស៊ើបអង្កេតនោះថា «មានការច្របូកច្របល់ មានបញ្ហាខុសឆ្គងនិងផ្ទុយពីរដ្ឋធម្មនុញ្ញ»។
ចៅក្រមតុលាការជាន់ខ្ពស់ លោក Robert McBurney បានសម្រេចថា ការអះអាងរបស់លោក Trump «មិនមានភ័ស្តុតាងគ្រប់គ្រាន់ ឬនិយាយស្មានៗ និងគ្មានភាពជាក់លាក់»។
លោក McBurney បាននិយាយទៀតថា អតីតប្រធានាធិបតីអាចដោះស្រាយការប្រឈមផ្លូវច្បាប់ដល់ការស៊ើបអង្កេតនៅរដ្ឋ Georgia នេះ ប្រសិនបើលោកត្រូវរងការចោទប្រកាន់ជាផ្លូវការនិងនៅពេលចៅក្រមមួយរូបត្រូវបានចាត់តាំងឱ្យកាន់រឿងក្តីនេះ។
ដោយមហាគណៈវិនិច្ឆ័យកំពុងពិចារណារឿងក្តីនោះ លោកស្រី Willis បានផ្តល់សញ្ញាថា លោកស្រីអាចចោទប្រកាន់លោក Trump និងអ្នកជំនួយការនៅពេលឆាប់ៗនេះចំពោះការខំប្រឹងប្រែងរបស់លោកដើម្បីបញ្ឈប់ការរាប់លទ្ធផលបោះឆ្នោតឆ្នាំ២០២០ នៅក្នុងរដ្ឋ Georgia។
លោកស្រីបានប្រាប់ស្ថានីយទូរទស្សន៍ Atlanta កាលពីចុងសប្តាហ៍កន្លងទៅនេះថា៖ «ការងារនេះបានបញ្ចប់សព្វគ្រប់ហើយ។ យើងបានធ្វើកិច្ចការនេះចំនួន២ឆ្នាំកន្លះហើយ។ យើងត្រៀមខ្លួនទៅមុខទៀត»។
នៅក្នុងរដ្ឋ Georgia កាលពីដើមឆ្នាំ២០២១ លោក Trump បានទូរស័ព្ទទៅកាន់ពួកមន្ត្រីរៀបចំការបោះឆ្នោត ហើយសុំឱ្យពួកគេជួយរកសន្លឹកឆ្នោតឱ្យលោកចំនួន ១១.៧៨០ សន្លឹកដើម្បីឱ្យបានសន្លឹកឆ្នោតតែមួយសំឡេងច្រើនជាងសន្លឹកឆ្នោតរបស់លោក Biden ដែលបានឈ្នះនៅទីនោះ។ ការធ្វើដូច្នេះ លោក Trump អាចឈ្នះសន្លឹកឆ្នោតសរុបនិងអង្គបោះឆ្នោតចំនួន១៦នៅក្នុងរដ្ឋនោះ៕