ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​តុលាការ​​ខេត្ត​រតនគិរី​ខ្វែង​គំនិត​គ្នា​អំពី​បណ្តឹង​ប្រឆាំង​អ្នក​យក​ព័ត៌មាន


រូបឯកសារ៖ អ្នក​បោះឆ្នោត​ឈរ​ចាំ​បោះឆ្នោត​នៅក្នុង​ពេល​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០១២។
រូបឯកសារ៖ អ្នក​បោះឆ្នោត​ឈរ​ចាំ​បោះឆ្នោត​នៅក្នុង​ពេល​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០១២។

បណ្តឹង​មួយ​ពី​មេឃុំ​និង​ពលរដ្ឋ​នៅ​ឃុំ​ប៉ាតេ ត្រូវ​បាន​ដាក់​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរយ៉ាដាវ​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា។​ ពាក្យ​បណ្តឹង​បាន​ចោទ​ថា សកម្មភាព​របស់​អ្នក​សារព័ត៌មាន​ទាំង​២​រូប​ គឺ​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត ​ដែល​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)។

មន្ត្រី​តុលាការ​ខេត្ត​រតនគិរី​ផ្តល់​ហេតុផល​ផ្សេង​គ្នា​លើ​បណ្តឹង​ប្រឆាំង​នឹង​សកម្មភាព​ចុះ​ធ្វើ​សេចក្តី​រាយការណ៍​របស់​អ្នក​យក​ព័ត៌មាន​ពីរ​រូប​នៃ​កាសែត​ The Cambodia Daily​ នៅ​ស្រុក​អូរយ៉ាដាវ។​ ព្រះរាជអាជ្ញា​ថា​ ការ​ស៊ើបអង្កេត​កំពុង​ដំណើរការ​ ប៉ុន្តែព្រះរាជអាជ្ញា​រង​ថា​ គ្មាន​ភស្តុតាង​សម្រាប់​ដាក់​បន្ទុក​លើ​បណ្តឹង​នោះ។ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ថ្លែង​ថា​ គណៈកម្មាធិការ​មិន​ដែល​ទទួល​បាន​បណ្តឹង​ណា​មួយ​នោះ​ឡើយ។

អ្នក​យក​ព័ត៌មាន​ពីរ​រូប​របស់​កាសែត​ The Cambodia Daily រួម​មាន​លោក Zsombor Peterជនជាតិ​កាណាដា​ ​និង​លោក​ អូន ភាព បាន​រង​ការ​ចោទ​ប្រកាន់​អំពី​ការ​«ញុះញង់​និង​គំរាម​កំហែង»​ អ្នក​បោះឆ្នោត។​

កាល​ពី​សប្តាហ៍​មុន​ ពួកគេ​បាន​ដើរ​សួរ​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​អូរយ៉ាដាវ​ ​ខេត្ត​រតនគិរី​អំពី​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ថា​ តើ​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​មួយ​ណា​កាល​ពី​ឆ្នាំ​២០១២?

បន្ទាប់​ពី​ការ​សួរ​នាំ​នោះ​ បណ្តឹង​មួយ​ពី​មេឃុំ​និង​ពលរដ្ឋ​នៅ​ឃុំ​ប៉ាតេ ត្រូវ​បាន​ដាក់​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរយ៉ាដាវ​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា។​ ពាក្យ​បណ្តឹង​បាន​ចោទ​ថា សកម្មភាព​របស់​អ្នក​សារព័ត៌មាន​ទាំង​២​រូប​ គឺ​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត ​ដែល​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)។

លោក​ព្រះរាជអាជ្ញា ជា ពេជ្រ​ នៃ​សាលា​ដំបូង​ខេត្ត​រតនគិរី ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ស៊ើប​អង្កេត​កំពុង​បន្ត​លើ​បណ្តឹង​ ដែល​បាន​បញ្ជូន​មក​តុលាការ ព្រោះ​តាម​ការ​បកស្រាយ​របស់​ គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ ហៅ​កាត់​ថា​ PEC (ប៉ិក) ​បាន​ឲ្យដឹង​ថា ​គណៈកម្មាធិការ​ពុំ​មាន​អំណាច​ស៊ើប​អង្កេត​លើ​បណ្តឹង​ប្រឆាំង​នឹង​អ្នក​កាសែត​ទាំង​ពីរ​នាក់​នោះ​ឡើយ។ លោក​អះអាង​ថា​ មិន​មាន​ការ​ច្រាន​ចោល​បណ្តឹង​ប្រឆាំង​នឹង​អ្នក​កាសែត​ពីរ​នាក់​នោះ​ទេ។

ព្រះរាជអាជ្ញា​រូប​នេះ​បញ្ជាក់​ប្រាប់ VOA ​ថា៖

«រឿង​ពាក់​ព័ន្ធ​សកម្មភាព​ហ្នឹង ​យើង​ចង់​ឲ្យ​ជំហាន​ដំបូង​ឲ្យ​ខាង​ PEC​ ហ្នឹង​ដើម្បី​ត្រួត​ពិនិត្យ​មើល​ថា​ តើ​សកម្មភាព​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​សកម្មភាព​សមត្ថកិច្ច​របស់​ PEC​ អត់​ ដល់​តែ​ឥឡូវ​ខ្ញុំ​គាត់​ពិនិត្យ​មើល​ទៅ​ គាត់​ថា​ សមត្ថកិច្ច​ហ្នឹង​ មិន​មែន​សមត្ថកិច្ច​គាត់​ទេ​ ជា​សមត្ថកិច្ច​របស់​តុលាការ។ យោង​លើ​ចំណុច​ផ្សេងៗ​ ដែល​គាត់​បង្ហាញ​ពី​វិជ្ជាជីវៈ​គាត់​ពាក់ព័ន្ធ​នឹង​ច្បាប់​ការ​បោះឆ្នោត។ អញ្ចឹង​ក៏​បញ្ជូន​មក​តុលាការ​ តុលាការ​សម្រេច​ចុះ​បណ្តឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅលើ​ចំណុច​ហ្នឹង»។

​លោក​ព្រះរាជអាជ្ញា​ ជា ពេជ្រ​ សុំ​មិន​ផ្តល់​សេចក្តី​អធិប្បាយ​បន្ថែម​ ជុំវិញ​កិច្ច​ស៊ើប​អង្កេត​របស់​តុលាការ។

ប៉ុន្តែ​លោក​ព្រះ​រាជអាជ្ញា​រង ហាក់​ ហួន​ នៃ​តុលាការ​ខេត្ត​រតនគិរី​បាន​ផ្តល់​សេចក្តី​អធិប្បាយ​ដល់​កាសែត​ The Cambodia Daily កាល​ពី​ថ្ងៃ​អង្គារ​ថា​ តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បន្ត​រឿង​ក្តី​នេះ។

លោក​ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖​

«យើង​បាន​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​ ហើយ​ឃើញ​ថា​ វា​មិន​ត្រឹមត្រូវ​តាម​ច្បាប់។ វា​ជា​ការ​ពណ៌នា​សកម្មភាព​នានា​ ហើយ​គ្មាន​ភស្តុតាង​ដើម្បី​គាំទ្រ​ពាក្យ​បណ្តឹង​នោះ»។

នៅ​ពេល​ VOA ​សួរ​លោក​បន្ថែម​ថា​ តើ​តុលាការ​ពិត​ជា​បាន​ច្រាន​បណ្តឹង​នេះ​ចោល ​ឬ​បន្ត​ស៊ើប​អង្កេត​ លោក​ ហាក់​ ហួន​ ថ្លែង​ថា​ ពាក្យ​បណ្តឹង​បាន​ដល់​ដៃ​ព្រះរាជអាជ្ញា​ ហើយ​ពាក្យ​បណ្តឹង​ដដែល​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ​ដែល​មក​ដល់​ពេល​នេះ លោក​មិន​ដឹង​ថា​ គណៈកម្មាធិការ​សម្រេច​យ៉ាង​ណា​ចំពោះ​បណ្តឹង​នោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ប៉ែន​ ឈុនឌី​ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ខេត្ត បាន​ឲ្យ​ដឹង​ថា​ គណៈកម្មាធិការ​មិន​បាន​ទទួល​ពាក្យបណ្តឹង​ណា​មួយ​នោះ​ឡើយ។

«អ្នក​ប្តឹង​អត់​បាន​បឹ្តង​មក​ PEC យើង​ អត់ៗ​ បាន​ប្តឹង​មក​ PEC យើង​ អញ្ចឹង​អត់​មាន​បណ្តឹង​អី​ នៅ​ខាង​បោះឆ្នោត»។

តាម​របាយការណ៍​របស់​កាសែត​ The Cambodia Daily ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​បណ្តឹង​ចុះ​ថ្ងៃ​ទី​២២​ ខែ​ឧសភា ​មេ​ឃុំ​ប៉ាតេ​ លោក​ រម៉ាម​ យួត​ មក​ពី​គណបក្ស​ សម​ រង្ស៊ី​ និង​អ្នក​ភូមិ​ឈ្មោះ​ សេវ បន​ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ​ រចំ យ៉ិ​ រស់​នៅ​ក្នុង​ឃុំ​នេះ​ បាន​ចោទ​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់​នេះ​ ពី​បទ​ «ញុះញង់​ឲ្យ​គាំទ្រ​គណបក្ស​ប្រឆាំង» និង​រំលោភ​សិទ្ធិ​ស្វ័យ​សម្រេច​ តាម​រយៈ​ការ​សួរ​សំណួរ​ថា​ តើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​កាល​ពី​ឆ្នាំ​ ២០១២។

ឃុំ​ប៉ាតេ​ គឺ​ជា​ឃុំ​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​រតនគិរី​ ដែល​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ធ្វើ​ជា​មេឃុំ​កាល​ពី​ប្រាំ​ឆ្នាំ​មុន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG