ពាក្យពេចន៍ចោទប្រកាន់គ្នាទៅវិញទៅមកបានកើតមានឡើងរវាងមេធាវីរបស់លោក សម រង្ស៊ី ជាមួយនឹងមេធាវីក្រុមហ៊ុនប្រេង Chevron ដែលការពារជំហររបស់ខ្លួនក្នុងការបដិសេធបណ្តឹងស្នើសុំឯកសារពាក់ព័ន្ធនឹងការធ្វើឃាតលោកបណ្ឌិត កែម ឡី។ នេះបើតាមឯកសារដែល VOA ទទួលបានពីគេហទំព័រតុលាការកាលពីថ្ងៃអង្គារ។
តុលាការរបស់សហរដ្ឋអាមេរិកគ្រោងនឹងបើកសវនាការនៅថ្ងៃទី៨ខែមិថុនាខាងមុខ ដើម្បីពិនិត្យមើលញត្តិជំទាស់របស់ក្រុមហ៊ុនប្រេង Chevron ដែលនៅតែបដិសេធមិនព្រមផ្តល់វីដេអូពីកាម៉េរាសុវត្ថិភាពក្នុងស្ថានីយប្រេងសាំងកាលតិចរាជធានីភ្នំពេញដែលនៅទីនោះលោក កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះត្រូវបានឃាតករបាញ់សម្លាប់កាលពីជិតមួយឆ្នាំមុន។
ការសម្រេចពន្យារពេលរបស់លោកស្រីចៅក្រម ដូណា រីយ៉ូ នៃតុលាការដំបូងប្រចាំតំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា (California) គឺដើម្បីទុកពេលឱ្យមេធាវីដើមបណ្តឹងរៀបចំឯកសារបដិសេធនឹងញត្តិជំទាស់របស់ក្រុមហ៊ុន Chevron និងមេធាវីក្រុមហ៊ុនថ្លែងជំទាស់វិញ។ សវនាការនេះធ្លាប់បានគ្រោងធ្វើម្តងហើយនៅថ្ងៃទី២៥ខែឧសភាខាងមុខនេះ។
នៅក្នុងឯកសារជំទាស់ដែលលោកស្រី Eva Schueller មេធាវីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដាក់ជូនតុលាការបានចំអកថាក្រុមហ៊ុន Chevron តែងតែលើកឡើងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការទទួលខុសត្រូវផ្នែកសង្គមនិងសិទ្ធិមនុស្សដូច្នេះក្រុមហ៊ុននេះត្រូវតែធ្វើតាមអ្វីដែលខ្លួនប្តេជ្ញា។
លោកស្រី Eva Schueller បន្ថែមទៀតថា៖
«ការបញ្ចេញឯកសារទាន់ពេលតាមការស្នើសុំ និងការស្វែងរកដោយកំណត់ដូចមាននៅក្នុងពាក្យបណ្តឹងសុំឯកសារជាការបង្ហាញពីការទទួលខុសត្រូវរបស់ក្រុមហ៊ុនពិតប្រាកដនិងបញ្ជាក់ថា ការប្តេជ្ញាទាំងនេះគឺមិនមែនគ្រាន់តែជាវោហាសាស្រ្តគ្មានបានការផ្នែកទំនាក់ទំនងសាធារណៈនោះទេ»។
នេះបើតាមឯកសារដែលលោកស្រី Schueller បានដាក់ជូនតុលាការកាលពីថ្ងៃទី៤ខែឧសភា។
លោកស្រីបានចោទថា ជាការហួសចិត្តដែលក្រុមហ៊ុនប្រើច្បាប់ដែលលោកស្រីកំពុងប្រើនេះដើម្បីបានភស្តុតាងពីក្រុមហ៊ុននានាក្នុងពិភពលោកប៉ុន្តែបែរជាប្រើច្បាប់នេះដើម្បី«លាក់បំបិទភស្តុតាង»ទៅវិញ។
ឯកសារភស្តុតាងដែលស្នើសុំមានចំនួន៦ប្រភេទក្នុងនោះរួមមានដូចជាវីដេអូ តាំងពីថ្ងៃទី១ខែកក្កដាដល់ថ្ងៃ១៤ខែកក្កដា ឯកសារដែលបង្ហាញពីអត្តសញ្ញាណអ្នកគ្រប់គ្រងឬបុគ្គលិកស្ថានីយប្រេងសាំងកាល់តិចចន្លោះពីថ្ងៃទី១ដល់១៤ខែកក្កដា ឯកសារបញ្ជាក់អត្តសញ្ញាណអ្នកគ្រប់គ្រងឬបុគ្គលិកស្ថានីយប្រេងសាំងកាលតិច (Caltex) ដែលត្រូវគេបញ្ឈប់ឬលាលែងចន្លោះពីថ្ងៃដែលលោក កែម ឡី ត្រូវគេធ្វើឃាតនៅថ្ងៃទី១០ខែកក្កដាដល់៣១ខែកក្កដា។
ឯកសារទាំងនេះនឹងត្រូវយកទៅប្រើការពារក្តីទល់នឹងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ដោយសារតែអត្ថាធិប្បាយដែលលោកបានផ្សាយតាមបណ្តាញសង្គមពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលក្នុងឃាតកម្មរបស់លោកបណ្ឌិត កែម ឡី។ រដ្ឋាភិបាលបានប្រកែកម្តងហើយម្តងទៀតថាខ្លួនមិនមានជាប់ពាក់ព័ន្ធទេហើយតុលាការក្រុងភ្នំពេញក៏បានកាត់ទោសឱ្យលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគាររយៈពេល២០ខែនិងពិន័យជាប្រាក់ចំនួន១០លានរៀលប៉ុន្តែមេធាវីរបស់លោកបានប្តឹងជំទាស់។
ក្រុមហ៊ុន Chevron បានចាត់ទុកការបន្តជំរុញទាមទារឯកសារនេះថា«គ្មានន័យ» «គ្មានមូលដ្ឋាន» និងជាការគួរឱ្យសោកស្តាយដែលថាខ្លួន«លាក់បំបិទ»ភស្តុតាង ដូច្នេះហើយក្រុមហ៊ុនត្រូវតែសុំឱ្យតុលាការច្រានចោលបណ្តឹងទាមទារឯកសារនេះ។
នៅក្នុងឯកសារឆ្លើយតបដែលបានដាក់ជូនតុលាការកាលពីថ្ងៃទី១១ខែឧសភាលោក William Thomson មេធាវីនាំមុខតំណាងឱ្យក្រុមហ៊ុន Chevron បានរៀបរាប់ថា វីដេអូពីកាមេរ៉ាសុវត្ថិភាពនោះ មិនបានបញ្ជូនទៅរក្សាទុកនៅក្នុងប្រព័ន្ធ “Cloud” [រក្សាទុកក្នុងបណ្តាញអ៊ីនធឺណិត] អ្វីទេហើយក្រុមហ៊ុន Chevron និងក្រុមហ៊ុនសាខានៅកម្ពុជាក៏មិនមែនជាអ្នកធ្វើការស៊ើបអង្កេតលើ«ហេតុការណ៍ដ៏រន្ធត់»ដែលអាជ្ញាធរកម្ពុជាជាអ្នកទទួលខុសត្រូវភ្លាមៗនោះទេហើយអាជ្ញាធរបានរឹបអូសយកវីដេអូនោះបាត់ហើយ។ លោកបានបន្ថែមថា ប៉ុន្តែក្រុមហ៊ុនយកចិត្តទុកដាក់លើបញ្ហានេះដោយសហការជាមួយនឹងមេធាវីដើមបណ្តឹងដោយផ្តល់នូវព័ត៌មានអំពីបុគ្គលិកនៅក្រុមហ៊ុនសា្ថនីយប្រេងដែលកើតហេតុនិងបញ្ជាក់ថាបុគ្គលិកទាំងនោះមិនមានប្រើអ៊ីមែលក្រុមហ៊ុនផ្តល់ជូនទេ ក៏ដូចជាថាពួកគេមិនមានសិទ្ធិប្រើប្រាស់បណ្តាញអ៊ីនធឺណិតឬឧបករណ៍ដែលចេញដោយក្រុមហ៊ុនទេ។
លោក Thomson បន្ថែមថា៖
«ពិតប្រាកដណាស់ថា ដើមបណ្តឹងពិតជាខកចិត្តដែលក្រុមហ៊ុន Chevron មិនអាចផ្តល់វីដេអូនិងការណ៍ដែលបុគ្គលិកមិនមានទំនាក់ទំនងអ្វីតាមបណ្តាញអ៊ីនធឺណិតរបស់ក្រុមហ៊ុន។ ជាជាងទទួលយកដំណោះស្រាយសមហេតុផលដើមបណ្តឹងបង្កើនការទាមទាររបស់ខ្លួននិងចាប់ផ្តើមទទូចឱ្យក្រុមហ៊ុន Chevron ធ្វើការស៊ើបអង្កេតលើហេតុការណ៍ដែលបានកើតមានឡើងជិតមួយឆ្នាំមុននៅកន្លែងដែលមានចម្ងាយជាងមួយម៉ឺនគីឡូម៉ែត្រពីទីនេះហើយឱ្យរាយការណ៍ពីការរកឃើញនោះតាមច្បាប់»។
លោក Thomson បន្តទៀតថា ការទាមទារថ្មីនេះដែលមិនមានក្នុងបណ្តឹងមុននិងការគំរាមឱ្យស្វែងរកឯកសារដោយគ្មានទីបញ្ចប់គឺបង្ខំឱ្យក្រុមហ៊ុន Chevron «គ្មានជម្រើស»អ្វីក្រៅពីសម្រេចចិត្តសុំច្រានចោលបណ្តឹងទាំងស្រុង។
លោក សម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំងដើម្បីគេចចេញពីការដាក់ពន្ធនាគារក្នុងសំណុំរឿងមួយចំនួន។
តុលាការរាជធានីភ្នំពេញបានកាត់ទោសឱ្យបុរសឈ្មោះ អឿត អាង ហៅជួបសម្លាប់ជាប់ពន្ធនាគារអស់មួយជីវិតពីបទធ្វើឃាតលោក កែម ឡី។ បុរសនេះបានទទួលសារភាពប៉ុន្តែប្តឹងជំទាស់ដោយយល់ថា ការដាក់ទោសនេះធ្ងន់ធ្ងរពេកចំពោះគាត់។ ក្រុមគ្រួសារលោក កែម ឡី មិនទទួលយកការកាត់ទោសទេ រីឯក្រុមគ្រួសារ អឿត អាង ក៏មិនជឿថា បុរសនេះសម្លាប់លោក កែម ឡី ដោយសារតែជំពាក់ប្រាក់ដូចការអះអាងនោះទេ៕