សហរដ្ឋអាមេរិកបានធ្វើការព្រមានដល់អ៊ីស្រាអែលជាថ្មីម្តងទៀត អំពីការពង្រីកប្រតិបត្តិការយោធាដែលមានកម្រិតរបស់ខ្លួនលើទីក្រុង Rafah ដោយពេលនេះមិនត្រឹមតែបង្កក្តីបារម្ភជាយូរមកហើយពីបញ្ហាមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏លើការគិតគូរពីបញ្ហាយុទ្ធសាស្ត្រផងដែរ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ទស្សនៈរបស់យើងគឺថា ប្រតិបត្តិការក្នុងទីក្រុង Rafah ពិសេសការវាយប្រហារតាមជើងគោកទ្រង់ទ្រាយធំណាមួយលើទីក្រុងនេះ តាមពិតទៅជាការផ្តល់ប្រៀបដល់ក្រុមហាម៉ាស់នៅលើតុចរចា មិនមែនអ៊ីស្រាអែលនោះទេ»។
លោក Kirby និយាយថា មេដឹកនាំហាម៉ាស់លោក Yahya Sinwar ដែលបច្ចុប្បន្នត្រូវបានគេជឿថាកំពុងលាក់ខ្លួននៅក្នុងបណ្តាញរូងក្រោមដីក្នុងតំបន់ហ្កាហ្សានោះ នឹងប្រហែលជាមានបំណងតិចជាងមុនក្នុងការចរចា ប្រសិនបើមានគ្រោះថ្នាក់ទ្រង់ទ្រាយធំជាថ្មីមួយលើជនស៊ីវិលក្នុងទីក្រុង Rafahនោះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាឱ្យកងទ័ពអ៊ីស្រាអែលធ្វើប្រតិបត្តិការដោយមានកម្រិតមួយ ទៅលើផ្នែកខាងកើតក្នុងទីក្រុង Rafah កាលពីដើមសប្តាហ៍នេះ ក្រោយពីបានបដិសេធនូវសំណើកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ដែលក្រុមហាម៉ាស់និយាយថា ខ្លួនព្រមទទួលយកនោះ។ កិច្ចព្រមព្រៀងនេះតម្រូវឱ្យមានការផ្អាកអរិភាពជាបណ្តោះអាសន្ន ហើយក្រុមហាម៉ាស់ត្រូវដោះលែងចំណាប់ខ្មាំងដែលខ្លួនកំពុងឃុំឃាំង ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន ដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែលផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ ការចរចាលើបទឈប់បាញ់គ្នាមួយក្នុងទីក្រុងគែរប្រទេសអេហ្ស៊ីប រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលមានប្រទេសអេហ្ស៊ីប កាតានិងសហរដ្ឋអាមេរិកជាអ្នកជួយសម្របសម្រួលនោះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ នេះបើតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធឃោសនារដ្ឋអេហ្ស៊ីប។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមអ្នកចរចាកំពុងពិនិត្យមើលនូវសំណើតបរបស់ក្រុមហាម៉ាស់ ប៉ុន្តែការពិនិត្យសម្រេចចុងក្រោយទៅលើខ្លឹមសារកិច្ចព្រមព្រៀងនោះ ជាដំណើរការ«ដ៏ពិបាកខ្លាំង»មួយ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងយោធានៃប្រទេសរបស់លោក «នឹងបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស់ រហូតដល់ក្រុមនេះទទួលបរាជ័យទាំងស្រុង»។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលរូបនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និយាយថា សហរដ្ឋអាមេរិក នឹងមិនផ្តល់អាវុធវាយប្រហារដល់អ៊ីស្រាអែល សម្រាប់ប្រតិបត្តិការក្នុងទីក្រុង Rafah នោះឡើយ តែលោកក៏បានបង្ហាញការតាំងចិត្តលើការការពារអ៊ីស្រាអែលផងដែរ៕
វេទិកាបញ្ចេញមតិ