សន្តិសុខត្រូវបានរឹតបន្តឹងនៅជុំវិញទីលាន Tiananmen នៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ ស្របពេលដែលរដ្ឋាភិបាលចិនមានបំណងបំបិទចោលនូវការចងចាំណាមួយអំពីការបង្ក្រាបដ៏ប្រល័យលើការតវ៉ាដែលដឹកនាំដោយនិស្សិតកាលពី ៣០ ឆ្នាំមុន។
អ្នកទេសចរតម្រូវឲ្យកងកម្លាំងសន្តិសុខឆែកឆេរអត្តសញ្ញាណតឹងតែង នៅពេលដែលពួកគេមកដល់ទីលាន Tiananmen ដើម្បីមើលពិធីគោរពទង់ជាតិជារៀងរាល់ព្រឹក។ អ្នកកាសែតបរទេសនានាត្រូវបានរារាំងមិនឲ្យចូលទៅទីលាន Tiananmen នោះ និងត្រូវបានព្រមានមិនឲ្យថតរូបទិដ្ឋភាពនៅកន្លែងនោះ។
មនុស្សរាប់រយនាក់ ឬក៏ប្រហែលជាអាចរាប់ពាន់នាក់ត្រូវបានសម្លាប់ នៅពេលដែលទាហាន និងរថក្រោះរបស់រដ្ឋាភិបាលចិនបានសម្រុកចូលទីលាន Tiananmen កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៨៩ ដើម្បីបញ្ចប់ការធ្វើបាតុកម្មជិតពីរខែរបស់និស្សិត និងកម្មករ ដែលទាមទារឲ្យមានការផ្លាស់ប្ដូរទៅរកប្រជាធិបតេយ្យ និងបញ្ចប់អំពើពុករលួយ។
ដូចខួបកាលពីលើកមុនៗដែរ គណបក្សកុម្មុយនិស្តចិន បានបង្កើនការលុបបំបាត់ការចងចាំណាមួយនៃហេតុការណ៍នេះពីប្រវត្តិសាស្ត្រផ្លូវការ។ រដ្ឋាភិបាលចិនបានហាមឃាត់ការប្រារព្ធខួបសាធារណៈណាមួយអំពីការបង្ក្រាបនេះ ដោយបានត្រួតពិនិត្យតឹងតែងលើអ៊ីនធឺណិត ដោយលុបចោលអត្ថបទ មតិយោបល់ និងរូបភាពណាមួយអំពីព្រឹត្តិការណ៍នេះ និងបានចាប់ខ្លួនសកម្មជន មេធាវី និងអ្នកកាសែតជារៀងរាល់ឆ្នាំ នៅពេលដែលខួបនៃព្រឹត្តិការណ៍នេះជិតចូលមកដល់។
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានសរសើរអ្នកតវ៉ាដែលជានិស្សិតថាជា «វីរបុរសរបស់ប្រជាពលរដ្ឋចិន»។ ការលើកឡើងរបស់លោក Pompeo នេះ បានធ្វើឲ្យស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោនជំទាស់យ៉ាងខ្លាំងក្លា។
លោក Pompeo បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងប៉េកាំង «បញ្ជាក់ជាសាធារណៈអំពីចំនួនអ្នកដែលបានស្លាប់ ឬបាត់ខ្លួនទាំងអស់ [ក្នុងហេតុការណ៍នោះ] ដើម្បីឲ្យជនរងគ្រោះភាគច្រើននៃព្រឹត្តិការណ៍ដ៏ខ្មៅងងឹតក្នុងប្រវត្តិសាស្ត្រនេះ បានស្ងប់ចិត្ត»៕