ប្រទេសចិនបានព្រលះសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រារព្ធខួបនៃការតវ៉ាទីលាន Tiananmen ឆ្នាំ ១៩៨៩ ដោយជំរុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំងបង្ហាញចំនួនមនុស្សដែលត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបរបស់រដ្ឋាភិបាលកាលពីពេលនោះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានចេញសេចក្ដីថ្លែងការណ៍មួយដើម្បី «រំឭកដល់ការបាត់បង់ជីវិតមនុស្សស្លូតត្រង់ដ៏គួរឲ្យខ្លោចផ្សា» កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៨៩ ដែលនៅពេលនោះគណបក្សកុម្មុយនិស្តចិនបានបញ្ជូនរថក្រោះមកកិនកម្ទេចការតវ៉ាដោយសន្តិវិធីនៅជុំវិញទីលាន Tiananmen នៅក្នុងរដ្ឋធានីប៉េកាំង។
ការពិភាក្សាបើកចំហអំពីការបង្ក្រាបនេះគឺត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ដែលកាលនោះមនុស្សរាប់រយនាក់ ឬក៏អាចច្រើនជាងនេះបានស្លាប់។ សារតេឡេក្រាមការទូតរបស់អង់គ្លេសមួយដែលមានផ្សព្វផ្សាយកាលពីឆ្នាំមុន បានបញ្ជាក់ថា មនុស្សយ៉ាងតិច ១ ពាន់នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបនោះ។
លោក Mike Pompeo បានដកស្រង់សម្ដីរបស់សកម្មជនប្រឆាំងរដ្ឋាភិបាលលោក Liu Xiaobo ដែលជាម្ចាស់ជ័យលាភីណូបែលសន្តិភាពដែលបានស្លាប់ដោយសារជំងឺមហារីកថ្លើមកាលពីឆ្នាំមុននៅពេលដែលលោកកំពុងជាប់ឃុំឃាំង ដែលបាននិយាយថា៖ «សាកសពអ្នកដែលស្លាប់កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៨៩ មិនទាន់ទៅកាន់សុគតិភពនៅឡើយទេ»។
មន្ត្រីការទូតអាមេរិកកំពូលរូបនេះបានបន្ថែមថា៖ «យើងចូលរួមជាមួយអ្នកដទៃនៅក្នុងសហគមន៍អន្តរជាតិដើម្បីជំរុញឲ្យរដ្ឋាភិបាលចិនផ្ដល់ទិន្នន័យពេញលេញនូវចំនួនអ្នកដែលត្រូវគេសម្លាប់ ចាប់ដាក់ឃុំ ឬក៏បាត់ខ្លួន»។
លោក Pompeo ក៏បានជំរុញរដ្ឋាភិបាលចិនផងដែរឲ្យដោះលែងអ្នកដែលត្រូវគេដាក់ឃុំដោយសារតែពួកគេព្យាយាមរក្សាអនុស្សាវរីយ៍ការតវ៉ានេះឲ្យនៅរស់រវើក ក៏ដូចជាជំរុញឲ្យរដ្ឋាភិបាលចិនបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់អ្នកចូលរួមតវ៉ានៅទីលាន Tiananmen និងក្រុមគ្រួសាររបស់ពួកគេ៕