មនុស្សភាគច្រើនបានទស្សន៍ទាយថា ប្រទេសចិននឹងបង្កើនអំណាចខាងយោធារបស់ខ្លួននៅឆ្នាំក្រោយនៅសមុទ្រចិនខាងត្បូងដើម្បីទប់ទល់នឹងប្រទេសជប៉ុន ឥណ្ឌានិងសហរដ្ឋអាមេរិកនិងរដ្ឋនានានៅតំបន់អាស៊ីដែលជំទាស់ប្រឆាំងការទាមទារដែនសមុទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ពួកអ្នកសិក្សាស្រាវជ្រាវជឿថា ចិននៅទីបញ្ចប់នឹងបង្កើនការស៊ើបយកការណ៍តាមប្រព័ន្ធរ៉ាដាហើយនឹងអនុញ្ញាតឲ្យយន្តហោះចម្បាំងប្រើប្រាស់ប្រជុំកោះតូចៗសម្រាប់ការឈប់សំចត។ រដ្ឋាភិបាលក្រុងប៉េកាំង អាចប្រកាសតំបន់ការពារដែនអាកាសឬមានគោលបំណងធ្វើជាទីកន្លែងសម្រាប់ត្រួតត្រាផ្លូវនាវាចរណ៍។
យោងតាមលោក Oh Ei Sun សាស្ត្រាចារ្យខាងការសិក្សាអន្តរជាតិនៅឯសាកលវិទ្យាល័យ Nanyang នៃប្រទេសសិង្ហបុរីបាននិយាយថា គេសង្ឃឹមថា សហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តមហាអំណាចខាងយោធាផ្សេងៗទៀតដូចជាប្រទេសជប៉ុននិងឥណ្ឌា នឹងចាកចេញបន្ទាប់ពីពួកគេបានហក់ចូលក្នុងជម្លោះនៅឆ្នាំនេះ។
វិទ្យាស្ថានតម្លាភាពផ្លូវនាវាចរណ៍តំបន់អាស៊ីនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិបានប្រាប់ឲ្យដឹងថា ប្រទេសចិននៅឆ្នាំនេះបានដាក់បន្ថែមប្រព័ន្ធរ៉ាដានៅប្រជុំកោះ Paracel និង Spratly។ អង្គការដែលមានទីតាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានប្រាប់ឲ្យដឹងថា ចិនបានស្ថាបនាតំបន់ទុកសម្ភារៈនៅក្រោមដី អាគាររដ្ឋបាលហើយនឹងប្រព័ន្ធរ៉ាដាធំៗ។ ការសាងសង់នោះមានទំហំប្រហែល២សែន៩ម៉ឺនម៉ែត្រការ៉េ៕