ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី ព្រមាន​ចាត់​វិធានការ​ប្រឆាំង​ការគំរាមកំហែង​របស់​បស្ចិម​ប្រទេស​រឿង​អ៊ុយក្រែន


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Sergei Shoigu ចូលរួម​ក្នុង​ការតាំង​ពិព័រណ៍​យោធា​មួយ មុន​ពេល​កិច្ចប្រជុំ​​​នៃ​ក្រុមប្រឹក្សា​ក្រសួង​ការពារ​ជាតិ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Sergei Shoigu ចូលរួម​ក្នុង​ការតាំង​ពិព័រណ៍​យោធា​មួយ មុន​ពេល​កិច្ចប្រជុំ​​​នៃ​ក្រុមប្រឹក្សា​ក្រសួង​ការពារ​ជាតិ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ប្រទេស​រុស្ស៊ី​ បាន​ត្រៀម​ខ្លួន​ដើម្បី​ចាត់«វិធានការ​បច្ចេកទេស​យោធា» ក្នុង​ការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​«បែប​អមិត្ត»​របស់​បស្ចិម​ប្រទេស​ ទាក់ទិន​នឹង​បញ្ហា​អ៊ុយក្រែន។ នេះ​ បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Putin បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ និង​ក្រុម​សម្ព័ន្ធមិត្ត​យោធា​របស់​អង្គការ​អូតង់ (NATO) អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មក​ហើយ​ថា បាន​បង្កើន​ភាព​តានតឹង​នៅ​ជិត​ព្រំដែន​ប្រទេស​រុស្ស៊ី​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន។

លោក Putin បាន​ប្រាប់​ក្រុម​មន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ថា ប្រសិនបើ​បស្ចិម​ប្រទេស​នៅតែ​បន្ត «គោល​ជំហរ​ដ៏​គឃើ្លន​ជាក់ស្ដែង» របស់​ខ្លួន​បន្ត​ទៀត នោះ​រុស្ស៊ី​ នឹង​ចាត់ «វិធានការ​សងសឹក​ដ៏​សមស្រប​បែប​បច្ចេកទេស​យោធា»។

លោក​បាន​បន្ថែម​ថា រុស្ស៊ី «នឹង​មាន​ប្រតិកម្ម​តបត​វិញ​ខ្លាំងក្លា​ទៅលើ​សកម្មភាព​បែប​អមិត្ត» ហើយ​«រុស្ស៊ី​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ដូច​នេះ»។

សហរដ្ឋ​អាមេរិក ​បាន​ព្រមាន​តាំងពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​មក​ថា ប្រទេស​រុស្ស៊ី​ អាច​មាន​ផែនការ​វាយលុក​ទ្រង់ទ្រាយ​ធំ​លើ​ប្រទេស​អ៊ុយក្រែន ហើយ​រដ្ឋាភិបាល​អាមេរិក ​ក៏​ធ្លាប់​បាន​ព្រមាន​លោក Putin ផងដែរ​អំពី​ទណ្ឌកម្ម​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែល​សហរដ្ឋ​អាមេរិក ​អាច​ដាក់​លើ​រុស្ស៊ី។

កន្លង​មក រដ្ឋាភិបាល​បស្ចិម​ប្រទេស​នានា​ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​រុស្ស៊ី​ថា ​បាន​បញ្ជូន​កងទ័ព​ប្រមាណ ១០០.០០០ នាក់ ទៅ​ជិត​ព្រំដែន​របស់​ខ្លួន​ជាប់​នឹង​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ទីនោះ រដ្ឋាភិបាល​អ៊ុយក្រែន ​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​តាំងពី​ឆ្នាំ ២០១៤ មក។

ប្រទេស​រុស្ស៊ី​ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ និង​បាន​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ និង​អង្គការ​អូតង់ ​បញ្ឈប់​ការ​បង្កើន​ភាព​តានតឹង​នៅ​ជិត​ព្រំដែន​រុស្ស៊ី​ជាប់​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG